ភ្នំពេញៈ សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​គ្រោង​នឹង​ពង្រីក​ការផ្សព្វផ្សាយ និង​បំផុស​លើ​ប្រភេទ​កីឡា​នេះ​ឲ្យ​បាន​ទៅ​ដល់​គ្រប់​ខេត្ត ដើម្បី​អាច​ជ្រើសរើស​បាន​អត្តពលិក​ល្អ​យក​មក​បណ្តុះបណ្តាល​បន្ថែម ត្រៀម​ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា ព្រោះ​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​លើក​ទី​ ១ ឆ្នាំ​ ២០១៩ ដែល​បាន​បញ្ចប់​កាលពី​ម្សិលមិញ​គឺ​ប្រភេទ​កីឡា​វាយ​កូនឃ្លី​លើ​តុ​មាន​ចំនួន​អ្នក​ចូលរួម​តិច​ដោយ​មាន​ត្រឹម​កីឡាករ​ ២៨ ​នាក់ និង​កីឡាការិនី​ ៥ ​នាក់​។

លោក​ តេង សំណាង អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រង​ការប្រកួត​កីឡា​វាយ​កូនឃ្លី​លើ​តុ សិស្ស​ថ្នាក់​ជាតិ​នេះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​ការប្រកួត​ថា​៖ «​ពិតណាស់​រាជធានី​ភ្នំពេញ​នៅ​តែ​នាំ​មុខ​គេ​នៅលើ​ការប្រកួត​កីឡា​វាយ​កូនឃ្លី​លើ​តុ​នេះ ព្រោះ​សិស្ស​សាលា​នៅ​ភ្នំពេញ​មាន​ការលេង​កីឡា​នេះ​ច្រើន ចំណែក​អ្នក​នៅ​តាម​ខេត្ត ដោយសារ​សហព័ន្ធ​របស់​យើង​នៅ​មាន​ការខ្វះខាត ទើប​យើង​មិន​ទាន់​បាន​ផ្សព្វផ្សាយ​ដល់​បណ្តា​ខេត្ត​ឆ្ងាយៗ​»​។

តាមរយៈ​ការប្រកួត​ត្រឹម​ ៣ ​ថ្ងៃ​នៅ​លើ​ប្រភេទ​វិញ្ញាសា​ចំនួន​ ៤ គឺ​ក្រុម​អត្តពលិក​របស់​រាជធានី​ភ្នំពេញ​បាន​ឈ្នះ​មេដាយ​ ២ នៅ​លើ​វិញ្ញាសា​ជា​ក្រុម និង​វិញ្ញាសា​វាយគូ​បុរស​របស់​កីឡាករ កាង យូឃាង និង ទៀ ហុកលី ហើយ​ភ្នំពេញ​ក៏​ឈ្នះ​បាន​មេដាយ​ប្រាក់​ ១ ​ទៀត​ផង​ដែរ​។ ចំណែក​មេដាយមាស​លើ​វិញ្ញាសា​ឯកត្តជន​នារី​បាន​ទៅ​លើ​កីឡាការិនី យិន ចាន់រតនា របស់​ខេត្ត​កំពង់ចាម ហើយ​ឯកត្តជន​បុរស​ មេដាយមាស​បាន​ទៅ​កីឡាករ យីវ សុវណ្ណបញ្ញា របស់​ខេត្ត​កំពត​។

លោក តេង សំណាង បាន​បន្ថែម​ថា​៖ «​ចំនួន​អ្នក​ចូលរួម​ការប្រកួត​នេះ​នៅ​មាន​កម្រិត ព្រោះ​នៅ​ខេត្ត​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​កន្លែង​លេង​កីឡា​វាយ​កូនឃ្លី​លើ​តុ​ទេ ហេតុនេះ​ជា​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​នៅ​ក្នុង​ឆ្នាំ​​ ២០១៩ ​នេះ​គឺ​យើង​នឹង​ព្យាយាម​បញ្ជ្រាប​កីឡា​នេះ​ទៅ​ដល់​គ្រប់​បណ្តា​ខេត្ត​ទាំងអស់ ហើយ​បើ​មាន​លទ្ធភាព យើង​នឹង​ផ្តល់​ជា​តុ និង​បញ្ជូន​គ្រូបង្វឹក​ទៅ​បំផុស និង​ជួយ​បង្វឹក​ថែម​ទៀត ព្រោះ​បើ​យើង​មិន​ធ្វើ​បែប​នេះ​គឺ​នៅ​តាម​ខេត្ត​ភាគច្រើន​នៅ​តែ​អត់​សូវ​ស្គាល់​កីឡា​នេះ​ដដែល​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការបំផុស​ក៏​ដូច​ការគ្រោង​បង្កើត​ឲ្យ​មាន​លេង​កីឡា​វាយ​កូនឃ្លី​លើ​តុ​នៅ​គ្រប់​ខេត្ត​នេះ​គឺ​យើង​ចង់​ជ្រើសរើស​បាន​អត្តពលិក​នៅ​តាម​ខេត្ត​យក​មក​បណ្តុះបណ្តាល ហើយ​បើ​ពួកគេ​មាន​ទេពកោសល្យ​គឺ​យើង​អាច​បណ្តុះបណ្តាល​ពី​ថ្នាល​រហូត​ដល់​ចូល​ជម្រើស​ជាតិ ដើម្បី​ត្រៀម​ទៅ​កាន់​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣»​។

យ៉ាងណា​ក៏ដោយ​លោក តេង សំណាង បាន​សរសេរ​ក្រុម​អត្តពលិក​មកពី​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​រតនគិរី​ថា ពួកគេ​មាន​ទឹកដៃ​លេង​បាន​ល្អ ព្រោះ​ខេត្ត​ទាំង​ ២ ​នេះ​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ចំនួន​ ១ ​ដូច​គ្នា​៕