ភ្នំពេញៈ ក្រុមវិសាខា នឹងត្រូវវិលមកសងសឹកក្រុមអាស៊ីអឺរ៉ុប (AEU) សម្រាប់ការប្រកួតលីក កំពូលកម្ពុជា នៅចុងសប្តាហ៍នេះ ឯក្រុមព្រះខ័នរាជស្វាយរៀង ក៏ត្រូវជម្រះបញ្ជីចាស់ជាមួយក្រុមអង្គរថាយហ្គឺរ ដែរ ប៉ុន្តែជំនួបរវាងក្រុមខ្លាំង ណាហ្គាវើល និងភ្នំពេញក្រោន ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី ២៧ ខែកក្កដា វិញ។
ក្រុមវិសាខា នៅមិនទាន់បំភ្លេចភាពហ្មងសៅ ដែលក្រុមអាស៊ីអឺរ៉ុប បានផ្តល់ឲ្យពួកគេ សម្រាប់ការប្រកួតជើងទី ១ នោះទេព្រោះការចាញ់ក្រុមអាស៊ីអឺរ៉ុប ២-០ នោះ វាជាការបរាជ័យលើកដំបូងរបស់ក្រុមវិសាខា សម្រាប់ការបង្ហាញខ្លួនលើកទី ១ ក្នុងលីកកំពូលកម្ពុជា ឆ្នាំ ២០១៨ នេះ។
សម្រាប់ការវិលមកជួបគ្នាលើកនេះ លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា នៅតែបានបង្ហាញការគោរពដល់ក្រុមអាស៊ីអឺរ៉ុប បើទោះបីជាពេលនេះ អាស៊ីអឺរ៉ុប មានទម្រង់លេងធ្លាក់ចុះជាងមុនក៏ដោយ។
លោកបានប្រាប់កាលពី ម្សិលមិញថា៖ «យើងក៏បានមើលឃើញពីការធ្លាក់ចុះរបស់ក្រុមគេដែរ ប៉ុន្តែយើងមិនអាចវាយតម្លៃការប្រកួតបានទេ ព្រោះការប្រកួតមួយៗ វាតែងតែមានការប្លែករហូត ប៉ុន្តែយើងនឹងព្យាយាមកែប្រែលទ្ធផលឲ្យបាន»។
គួរបញ្ជាក់ថា ក្រុមវិសាខា និងអាស៊ីអឺរ៉ុប ទើបតែបានជួបការខកចិត្ត គឺធ្លាក់ចេញពីការប្រកួតវគ្គ ១៦ ក្រុមថ្នាក់ជាតិ ពានហ៊ុនសែន ឆ្នាំ ២០១៨ កាលពីថ្ងៃពុធដូចគ្នា ដោយក្នុងនោះ វិសាខា បានស្មើ ១-១ ជាមួយក្រុមស្វាយរៀង បន្ថែមទៅលើការចាញ់ ១-០ កាលពីជើងទី ១ ឯអាស៊ីអឺរ៉ុប បានបន្តចាញ់ក្រុមក្រសួងការពារជាតិ ៧-១ បន្ថែមទៅលើការចាញ់ ៣-១ ក្នុងជើងទី ១។
ជុំវិញការប្រកួតជាប់ៗគ្នានេះ លោក ហុក សុជីវ័ន បាននិយាយថា៖ «ការវិលមកជួបក្រុមអាស៊ីអឺរ៉ុប លើកនេះ យើងនៅតែមានផលវិបាក ដោយសារយើងបានប្រកួតជាប់ៗគ្នាពេក អ៊ីចឹងយើងត្រូវព្យាយាមប្រមូលកម្លាំងកីឡាករឲ្យបានល្អឡើងវិញ។ ខាងគេក៏ប្រកួតជាប់ៗគ្នាដូចយើងដែរ ប៉ុន្តែយើងបានជួបសុទ្ធតែក្រុមខ្លាំងៗ ហើយបានចេញទៅលេងនៅខេត្តទៀត អ៊ីចឹងការវិលចុះ វិលឡើង វាពិបាកសម្រាប់ក្រុមយើងច្រើន»។
ចំណែកលោក សុក វាសនា គ្រូបង្វឹកក្រុមអាស៊ីអឺរ៉ុប មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ ដោយសារទូរស័ព្ទរបស់គាត់ ហៅចូល តែគ្មានអ្នកទទួល។ យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតក្នុងជើងទី ២ ចំនួន ៣ លើកចុងក្រោយនេះ ក្រុមអាស៊ីអឺរ៉ុប បានបង្ហាញពីការធ្លាក់ចុះនូវទម្រង់លេង និងបានចាញ់ទាំង ៣ ប្រកួតតែម្តង ផ្ទុយពីក្រុមវិសាខា បានឈ្នះទាំង ៣ ប្រកួត ហើយរឿងដែលគួរឲ្យចាប់អារម្មណ៍នោះ គឺវិសាខា បានឈ្នះភ្នំពេញក្រោន ដែលពួកគេធ្លាប់ស្មើ ០-០ កាលជើងទី ១ ដល់ ៣-១ កាលពីសប្តាហ៍មុន។
យ៉ាងណាមិញ ក្រុមស្វាយរៀង ក៏ត្រូវធ្វើការប្រកួតសងសឹកជាមួយក្រុមអង្គរថាយហ្គឺរ ផងដែរ។ បើទោះបីជាក្រុមស្វាយរៀង ធ្លាប់ចាញ់អង្គរថាយហ្គឺរ ៣-១ ក្នុងកាប្រកួតជើងទី ១ ប៉ុន្តែការលត់ ក្រុមប៉ូលិស ៤-០ និងការបន្ត ឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-២ ពីសប្តាហ៍មុន វាបានបង្ហាញពីការកើនឡើងរបស់ស្វាយរៀង។
ចំណែកក្រុមក្រសួងការពារជាតិ (ទ័ព) ដែលកំពុងឈរនៅលេខ ៤ មាន ៣០ ពិន្ទុ ក្រោមក្រុមវិសាខា និងណាហ្គាវើល មាន ៣២ ពិន្ទុស្មើគ្នានោះ ត្រូវបានគេមើលឃើញថា អាចនឹងឈ្នះបាន ៣ ពិន្ទុបន្ថែមទៀត ព្រោះលើកនេះពួកគេត្រូវវិលទៅជួបក្រុមវេស្ទើន ដែលពួកគេធ្លាប់លត់ ៨-០។ រីឯក្រុមឈរនៅកំពូលតារាងមាន ៣៦ ពិន្ទុ បឹងកេត ត្រូវស្វាគមន៍ក្រុមសូលទីឡូអង្គរ ដែលពួកគេធ្លាប់ស្មើ ១-១ ហើយក្រុមប៉ូលិស ត្រូវជួបក្រុមអគ្គិសនីកម្ពុជា ដែលពួកគេ ធ្លាប់ឈ្នះ ក្នុងលទ្ធផល ៤-១៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
-អាស៊ីអឺរ៉ុប v វិសាខា នៅ AEU Sport Park ម៉ោង ១៥:០០
-បឹងកេត v សូលទីឡូអង្គរ នៅពហុកីឡដ្ឋានជាតិ ១៨:០០
-អង្គរថាយហ្គឺរ v ស្វាយរៀង នៅ កីឡដ្ឋានខេត្តសៀមរាប ម៉ោង ១៥:៣០
២ ប្រកួតនៅថ្ងៃអាទិត្យ
-វេស្ទើន v ទ័ព កីឡដ្ឋានវេស្ទើន ១៥:៣០
-ប៉ូលិស v អគ្គិសនីកម្ពុជា នៅពហុកីឡដ្ឋានជាតិ ១៨:០០