ភ្នំពេញៈ ក្រុមចំណូលថ្មី តែសម្បូរដោយធនធានកីឡាករ និងថវិកា វិសាខា ចង់ពង្រីកគោលដៅឲ្យកាន់តែធំ ដើម្បីឆ្ពោះទៅប្រជែងយកតំណែងជើងឯកលីកកំពូលកម្ពុជា ឆ្នាំ ២០១៨ បន្ទាប់ពីក្រុមមួយនេះ បានយកឈ្នះក្រុមជើងឯករង ២ ជំនាន់ក្រសួងការពារជាតិ (ទ័ព) ២-០ កាលពីថ្ងៃសៅរ៍ ចំណែកក្រុមណាហ្គាវើល បានលត់ក្រុមសូលទីឡូអង្គរ ៤-១ ដើម្បីបន្តឈរនៅកំពូលតារាង ខណៈក្រុមអគ្គិសនីកម្ពុជា បានរកឃើញការឈ្នះជាលើកដំបូងហើយ។
លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា មានការរីករាយខ្លាំងចំពោះការយកឈ្នះក្រុមទ័ព ២-០ ដែលរកបានដោយកីឡាករវ័យ ១៨ ឆ្នាំ សាន គឹមហេង នៅនាទីទី ៤៥ និងទី ៧៥ លើកនេះ ព្រោះការប្រកួតនេះ មានភាពស្វិតស្វាញខ្លាំង ហើយក្រុមទ័ពក៏មានឱកាសដូចគ្នា តែធ្វើមិនបានសម្រេច។ លទ្ធផលនេះ បានធ្វើឲ្យលោក ជីវ័ន ហាក់មានរំពឹង ក្នុងការជម្នះភាពលំបាកបន្ថែមទៀត ដើម្បីស្វែងរកលទ្ធផលឲ្យបានល្អជាងការដាក់គោលដៅរបស់ថ្នាក់ដឹកនាំ ដោយ កំណត់មិនឲ្យក្រុមវិសាខា ធ្លាក់ផុតពីចំណាត់ថ្នាក់លេខ ៦។
លោក ហុក សុជីវ័ន ប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «ការដាក់គោលដៅ វាជាការចង់បានរបស់ថ្នាក់ដឹកនាំ ប៉ុន្តែអ្វីដែលយើងធ្វើ គឺយើងត្រូវធ្វើឲ្យបានល្អបំផុតដែលយើងអាចឈានទៅកម្រិតខ្ពស់ ហើយបើយើងមានលទ្ធភាពក្នុងការប្រជែង យើងត្រូវតែប្រជែងទៅតាមអ្វីដែលយើងអាចធ្វើបាន ហើយ ការឈ្នះក្រុមទ័ព លើកនេះ បានជួយយើងកុំឲ្យឃ្លាតឆ្ងាយពីតំបន់កំពូលតារាងទាំង ៤ (Top 4)»។
យ៉ាងណាក៏ដោយគ្រូបង្វឹករូបនេះ នៅតែបង្ហាញពីក្តីកង្វល់ចំពោះការប្រជែងយកតំណែងជើងឯក។ លោកបាននិយាយថា៖ «ការឈ្នះក្រុមទ័ពនេះ វាមិនទាន់ធ្វើឲ្យយើងមានភាគរយខ្ពស់ ក្នុងការប្រជែងយកតំណែងជើងឯកនោះទេ ព្រោះយើងត្រូវប៉ះក្រុមខ្លាំងៗច្រើន ទៀត សម្រាប់ការប្រកួតក្រោយៗ មានទាំងក្រុមប៉ូលិស ណាហ្គាវើល បឹងកេត ស្វាយរៀង ហើយក្រុមសូលទីឡូអង្គរ ក៏ខ្លាំងដែរ អ៊ីចឹងអ្វីៗ យើងមិនអាចនិយាយមុនបាននោះទេ។ ដូច្នេះពី ១ ប្រកួតទៅ ១ ប្រកួត យើងត្រូវព្យាយាមបង្កើនសមត្ថភាពរហូត»។
តាមរយៈការយកឈ្នះក្រុមទ័ព ២-០ លើកនេះបានជួយឲ្យក្រុមវិសាខា នៅតែបន្តឈរនៅតំបន់ Top 4 ដោយមាន ១៣ ពិន្ទុ។ រីឯក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប បានវាយបកតាមស្មើក្រុមអង្គរថាយហ្គឺរ ២-២ កាលពីថ្ងៃសៅរ៍នោះដែរ។
ចំណែកក្រុមណាហ្គាវើល បានបន្តយកឈ្នះក្រុមចំណូលថ្មី សូលទីឡូអង្គរ ៤-១ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។ សារី ម៉ាត់ណូរ៉ូទីន ដែលឯងទើបជាពីរបួស រកបាន ៣ គ្រាប់តែម្នាក់ និងបន្ថែម ១ គ្រាប់ទៀតដោយ សុះ ស៊ូហាណា ឯ ១ គ្រាប់របស់ សូលទីឡូអង្គរ រកបានដោយ Kento។ លទ្ធផលនេះនៅតែជួយឲ្យណាហ្គាវើល បន្តឈរនៅកំពូលតារាងជាបណ្តោះអាសន្ន មាន ១៦ ពិន្ទុ។
ជាមួយគ្នានោះដែរ ក្រុមអគ្គិសនីកម្ពុជា បានរកឃើញការឈ្នះជាលើកដំបូងរបស់ខ្លួនហើយ បន្ទាប់ពីរូបគេបានយកឈ្នះក្រុមឈរនៅបាតតារាង វេស្ទើន ២-០ កាលពីថ្ងៃអាទិត្យ នោះដែរ។ រីឯក្រុមមាន ១៣ ពិន្ទុក្នុងដៃស្រាប់ បឹងកេត បានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ៣-១ ស្របពេលក្រុមភ្នំពេញក្រោន បានឈ្នះក្រុមប៉ូលិស ៤-០៕