ភ្នំពេញៈ ក្រុម​វិសាខា ដែល​កំពុង​តែ​សម្រួច​មហិច្ឆតា​ឆ្ពោះ​ទៅ​ដណ្តើម​យក​តំបន់​កំពូល​តារាង​នៃ​លីក​កំពូល​កម្ពុជា ឆ្នាំ​ ២០១៩ នោះ​នឹង​ត្រូវ​ប្រឈម​ការប្រកួត​ដ៏តានតឹង​មួយ ខណៈ​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ក្រសួង​ការពារជាតិ (​ទ័ព​) នៅ​កីឡដ្ឋាន​ស្តាតចាស់​នា​ល្ងាច​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ណាហ្គាវើល និង​ព្រះខ័នរាជ​ស្វាយរៀង​ក៏​មិន​រំពឹង​ទៅ​លើ​ក្រុម​ទ័ព​ក្នុង​ការបង្អាក់​ដំណើរ​របស់​វិសាខា​នោះ​ដែរ ព្រោះ​សប្តាហ៍​នេះ​ក្រុម​ទាំង​ ២ ​អាច​នឹង​រក​ ៣ ​ពិន្ទុ​បន្ថែម ដើម្បី​ការពារ​ទីតាំង​កំពូល​របស់​ខ្លួន​។

បើ​ទោះបី​ជា​ ២ ​ប្រកួត​ចុងក្រោយ​នេះ​ក្រុមទ័ព​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទម្រង់​លេង​ថ្នាក់​ចុះ​តាមរយៈ​ការទទួល​បាន​លទ្ធផល​មិន​សូវ​ល្អ ប៉ុន្តែ​គ្រូបង្វឹក​ក្រុម​វិសាខា លោក ហុក សុជីវ័ន បាន​ជំរុញ​ឲ្យ​កូនក្រុម​របស់​លោក​ត្រូវ​ប្រឹងប្រែង​ឲ្យ​បាន​ទ្វេដង និង​លេង​ដោយ​ប្រយ័ត្ន​បំផុត​ចំពោះ​ការវិល​មក​ជួប​ក្រុម​ទ័ព​លើក​នេះ​។

លោក ហុក សុជីវ័ន និយាយ​ថា​៖ «​ក្រសួង​ការពារ​ជាតិ​ជា​ក្រុម​មួយ​ដែល​ខ្លាំង​ទាំង​ព្រម​។ ទោះបី​ជា​ការប្រកួត​កន្លងមក ក្រុម​នេះ​មាន​ការភ្លាត់ស្នៀត តែ​ការប្រកួត​ធំៗ ក្រុម​ការពារជាតិ​តែងតែ​បង្ហាញ​ការលេង​មួយ​យ៉ាង​ល្អ ហេតុនេះ​យើង​ត្រូវ​ប្រឹងប្រែង​ទ្វេដង និង​ប្រុង​ប្រយត្ន័​ខ្ពស់​សម្រាប់​ការពារ​ជា​ក្រុម​»​។

គួររំឭក​ថា​សម្រាប់​ការប្រកួត​កាលពី​សប្តាហ៍​មុន​ក្រុម​វិសាខា​បាន​យក​ឈ្នះ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ៥-១ ដើម្បី​បន្ត​ឈរ​នៅ​លេខ​រៀង​ទី​ ៣ ដោយ​មាន​ ១៩ ​ពិន្ទុ​។ ផ្ទុយ​ពី​នេះ​ក្រុម​ទ័ព​បាន​ចាញ់​ក្រុម​គិរីវង់​សុខសែនជ័យ ៤-១ ដ៏មិន​គួរ​ឲ្យ​ចង់​ជឿ​។ បើ​តាម​ព័ត៌មាន​ក្រៅ​ផ្លូវការ​បាន​ឲ្យ​ដឹងថា​ការចាញ់ ៤-១ នេះ បាន​ធ្វើឲ្យ​ថ្នាក់ដឹកនាំ​ក្លិប​ក្រសួង​ការពារជាតិ​ដក​ទំនុក​ចិត្ត​ពី​លោក ភា សុភ័ក្ត្រា ដែល​ជា​គ្រូបង្គោល ហើយ​ការជួប​ក្រុម​វិសាខា​លើក​នេះ​គឺ​លោក ទេព ឡុងរចនា ដែល​ជា​អ្នកចាត់ការ​ទូទៅ​អាច​នឹង​ដឹកនាំ​ក្រុម​ទ័ព​ជំនួស​វិញ​។

ជាមួយ​គ្នា​នេះ​ខ្សែប្រយុទ្ធ Bisan George ដែល​ទើប​បាន​ទទួល​កាត​ក្រហម​ពេល​លេង​ជាមួយ​ក្រុម​គិរីវង់​នោះ​ក៏​មិន​អាច​ចូលរួម​ជួយ​ក្រុម​ទ័ព​លើក​នេះ​ផង​ដែរ​។ តែ​ទោះបី​ជា​យ៉ាង​ណា​លោក ហុក សុជីវ័ន នៅតែ​បង្ហាញ​ការព្រួយបារម្ភ ដោយ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជឿថា​ការចាញ់​របស់​ការពារ​ជាតិ​កាលពី​សប្តាហ៍​មុន ធ្វើ​ឲ្យ​យើង​រឹត​តែ​មាន​ការប្រុងប្រយត្ន័​កាន់តែ​ខ្លាំង​គឺ​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​»​។

ដោយឡែក​ក្រុម​ណាហ្គាវើល​ដែល​ទើប​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង កាលពី​សប្តាហ៍​មុន​ដោយ​មាន​ ២១ ​ពិន្ទុ បន្ទាប់ពី​បាន​យក​ឈ្នះ​ក្រុម​អង្គរថាយហ្គឺរ ៤-០ ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​នឹង​លេង​ដោយ​គ្មាន​សម្ពាធ ដើម្បី​រក្សា​ទីតាំង​លេខ​ ១ ​របស់​ខ្លួន ព្រោះ​លើក​នេះ ណាហ្គាវើល ត្រូវ​ជួប​ក្រុម​ខេត្ត​កំពង់ចាម​ដែល​ពួកគេ​នឹង​អាច​យក​ឈ្នះ​ជាមួយ​គ្រាប់​បាល់​ច្រើន​ជា​មិន​ខាន​។

ចំណែក​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ដែល​ទើប​ធ្លាក់​មក​ឈរ​នៅ​លេខ​ ២ មាន​ ២០ ​ពិន្ទុ​ក្រោយ​ស្មើ ២-២ ជាមួយ​ក្រុម​បឹងកេត​កាលពី​សប្តាហ៍​មុន​នោះ​ក៏​មាន​ភាគរយ​ខ្ពស់​ក្នុង​ការដណ្តើម​បាន​ ៣ ​ពិន្ទុ​ពី​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ផងដែរ ប៉ុន្តែ​បឹងកេត​អាច​នឹង​តានតឹង​ក្នុង​ការប្រជែង​យក​ ៣ ​ពិន្ទុ​ពី​ក្រុម​អាស៊ី​អឺរ៉ុប ឯ​ក្រុម​ប៉ូលិស​កាន់តែ​មាន​សម្ពាធ​ខ្លាំង​ពេល​ពួកគេ​ធ្វើដំណើរ​ទៅ​កាន់​កីឡដ្ឋាន​ខេត្ត​សៀមរាប​ដែល​ជា​ទីលាន​នាំ​ភាពជោគជ័យ​សម្រាប់​ក្រុម​អង្គរថាយហ្គឺរ នោះ​៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-​ទ័ព v វិសាខា នៅ​កីឡដ្ឋាន​ស្តាតចាស់ ១៨:០០

-​អាស៊ី​អឺរ៉ុប v បឹងកេត កីឡដ្ឋាន​អេអ៊ីយូស្ពតផាក ១៥:៣០

-​អង្គរថាយហ្គឺរ v ប៉ូលិស កីឡដ្ឋាន​ខេត្ត​សៀមរាប ១៥:៣០

៤​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-​ខេត្ត​កំពង់ចាម v ណាហ្គាវើល កីឡដ្ឋាន​ស្តាតចាស់ ១៥:៣០

-​សាលា​បាល់ទាត់​ជាតិ v ស្វាយរៀង​នៅ​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ម៉ោង ១៥:៣០

-​ភ្នំពេញ​ក្រោន v គិរីវង់ កីឡដ្ឋាន RSN ម៉ោង ១៨:០០

-​អគ្គិសនី​កម្ពុជា v សូលទីឡូអង្គរ នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប​ម៉ោង ១៥:៣០