ភ្នំពេញៈ ក្រុមណាហ្គាវើល បានថមថយឱកាសមួយកម្រិតទៀតក្នុងការប្រជែងយកតំបន់កំពូលតារាងនៃលីកកំពូលកម្ពុជា ឆ្នាំ ២០១៩ ពីក្រុមព្រះព្រះខ័នរាជស្វាយរៀង បន្ទាប់ពីពួកគេបានចាញ់ក្រោមការវាយបកដ៏គួរឲ្យកត់សម្គាល់របស់ក្រុមវិសាខាកាលពីថ្ងៃអាទិត្យ ហើយក្រុមបឹងកេត និងក្រុមអង្គរថាយហ្គឺរក៏បានចាញ់គូប្រកួតដ៏គួរឲ្យភ្ញាក់ផ្អើលដូចគ្នា។
ការភ្លាត់តែតបាល់បញ្ចូលទីខ្លួនឯងរបស់ខ្សែការពារ ទៀង ទីនី នៅនាទីបន្ថែម ៤៥+៧ និងការរកបាន ២ គ្រាប់ទៀតរបស់ខ្សែប្រយុទ្ធ Esho Omogba នៅនាទីទី ៥៥ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះណាហ្គាវើលមានភាពកក់ក្តៅ និងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការឆ្ពោះរកការឈ្នះបាន ៣ ពិន្ទុបន្ថែម។ ប៉ុន្តែអ្វីៗបានប្រែប្រួលហួសពីការស្មាននៅពេលក្រុមវិសាខាបានព្យាយាមវាយបក និងរកបាន ៣ គ្រាប់វិញ ដើម្បីយកឈ្នះណាហ្គាវើល ៣-២ ដ៏មិនគួរឲ្យចង់ជឿនោះ។
ខ្សែប្រយុទ្ធ កែវ សុខផេង និង Pak Song Chol ជាអ្នករកបានគ្រាប់បាល់តាមស្មើឲ្យក្រុមវិសាខានៅនាទីទី ៧១ និងទី ៧៣ ហើយ សារី ម៉ាត់ណូរ៉ូទីន ដែលទើបចាកចេញពីណាហ្គាវើលជាអ្នករកបានគ្រាប់បាល់ជ័យជម្នះឲ្យក្រុមវិសាខានៅនាទីទី ៨១។ លទ្ធផលនេះបានធ្វើឲ្យក្រុមស្វាយរៀងដែលបានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ២-០ កាលពីថ្ងៃសៅរ៍នោះគឺមានពិន្ទុនាំមុខ ណាហ្គាវើលចំនួន ៥ ពិន្ទុគឺ ៣២ ទល់នឹង ២៧ ពិន្ទុ។
ជាមួយការយកឈ្នះណាហ្គា ៣-២ នេះលោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខាបានផ្តល់គុណសម្បត្តិខ្លាំងទៅឲ្យកីឡាករក្នុងស្រុក និងបានរិះគន់ទៅលើស្មារតីលេងរបស់កីឡាករបរទេសមួយចំនួន។ លោកបាននិយាយក្រោយការប្រកួតថា៖ «កីឡាករខ្មែរពីមួយប្រកួតទៅមួយប្រកួត គាត់ធ្វើការខ្លាំង ហើយនៅឆ្នាំនេះកីឡាករបរទេសដែលយើងបានជ្រើសរើសមកចូលរួមជាមួយក្រុមគឺមានការខ្វះខាតច្រើនពាក់ព័ន្ធទៅនឹងទឹកចិត្ត»។
លោកបន្ថែមថា៖ «រឿងទឹកចិត្តនេះគឺកីឡាករបរទេសនៅក្រោមកីឡាករខ្មែរ ព្រោះកីឡាករខ្មែរ ទោះបីជាគាត់ចាញ់យ៉ាងម៉េចក៏ដោយ តែគាត់ខំប្រឹងលេងរហូតដល់ចប់ ៩០ នាទី ចំណែកកីឡាករបរទេសនៅតំបន់ប្រយុទ្ធពេលខ្លះចាញ់គេ យើងរកគ្រាប់បាល់មិនបានចាប់ផ្តើមធ្លាក់ទឹកចិត្ត។ អាហ្នឹងហើយដែលធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់ក្រុម ពិសេសនៅចុងរដូវកាលនេះតែម្តង ដោយសារកីឡាករបរទេសមកលេងថ្មីៗគឺមិនខំលេងឲ្យអស់ ១០០ ភាគទេ ដោយការពារខ្លួនមិនឲ្យមានរបួស ដើម្បីការពារពេលយើងបញ្ចប់កុងត្រា គាត់អាចមានឱកាសទៅលេងនៅក្លិបផ្សេងទៀតបាន»។
ជាមួយការឈ្នះបាន ៣ ពិន្ទុបន្ថែម ដើម្បីមាន ២២ ពិន្ទុនេះបានជួយឲ្យក្រុមវិសាខាបានខិតយ៉ាងកៀកទៅរកការប្រជែងឡើងទៅកាន់តំបន់កំពូលតារាងទាំង ៤ វិញ ខណៈក្រុមឈរនៅលេខ ៣ អង្គរថាយហ្គឺរ និងក្រុមឈរនៅលេខ ៤ បឹងកេត សុទ្ធតែបានជួបការបរាជ័យដូចគ្នានោះ។ អង្គរថាយហ្គឺរ មានចាញ់ក្រុមភ្នំពេញក្រោន ១-០ ធ្វើឲ្យពួកគេមាន ២៤ ពិន្ទុដដែល ហើយក្រុមម្ចាស់ផ្ទះ សូលទីឡូអង្គរបានវាយបកយកឈ្នះក្រុមបឹងកេតនៅចុងម៉ោង ៥-៤ ដ៏គួររំភើបបំផុតធ្វើឲ្យក្រុមបឹងកេតមាន ២៣ ពិន្ទុដដែល។
ចំណែកក្រុមក្រសួងការពារជាតិបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-០ ដើម្បីមាន ២០ ពិន្ទុតិចជាងក្រុមភ្នំពេញក្រោន ១ ពិន្ទុ តែច្រើនជាងក្រុមសូលទីឡូអង្គរ ២ ពិន្ទុ និងច្រើនជាងក្រុមអាស៊ីអឺរ៉ុប ៤ ពិន្ទុ ឯក្រុមប៉ូលិសបានយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៥-១ ដើម្បីមាន ១៣ ពិន្ទុ ហើយកីឡាករទើបជាប់ជម្រើសជាតិថ្មីថ្មោង ដាវ នីម រកបាន ៦ គ្រាប់តែម្នាក់ឯង ដើម្បីជួយក្រុមគិរីវង់យកឈ្នះក្រុមខេត្តកំពង់ចាម ១២-០ ដើម្បីមាន ១២ ពិន្ទុ៕