ភ្នំពេញ៖ ​ជាមួយ​ឧបនិស្ស័យ និង​ការ​ស្រឡាញ់ «គុន​ល្បុក្កតោ» តាំង​​​​ពី​កុមារភាព​បាន​ជំរុញ​ឲ្យ​យុវជន វី តារា បាន​ព្យាយាម​ហ្វឹកហាត់​ក្បាច់​គុន​នេះ​ តាំង​​ពី​មិន​ទាន់​ចេះ​អ្វី​សោះ រហូត​បាន​វិវឌ្ឍ​ខ្លួន​ទៅ​ជា​គ្រូ​បង្វឹក​គុន​​ល្បុក្កតោ ដ៏​ជំនាញ​ម្នាក់ ហើយ​បច្ចុប្បន្ន​គ្រូ​បង្វឹក​មាន​កម្រិត​ក្រមា​ខ្មៅ​រូប​នេះ​បាន ​និង​កំពុង​បង្ហាត់​បង្រៀន​កូន​ខ្មែរ​ជំនាន់​ក្រោយ នៅ​តាម​សាលា​គុន​​ចំនួន ​៣ នៅ​ក្នុង​ប្រទេស ​កម្ពុជា។

ការ​តស៊ូ​ពុះពារ​​ឧបសគ្គ​ ដើម្បី​ផ្សព្វផ្សាយ​ក្បាច់​គុន​ដូន​តា ដោយ​ចំណាយ​ទាំង​ទឹក​ចិត្ត កម្លាំង​កាយ និង​ប្រាក់​កាស​ផ្ទាល់​ខ្លូន​នេះ ត្រូវ​បាន វី តារា បង្ហើប​ថា គឺ​ដើម្បី «តប​ស្នង​គុណ» ដល់​ក្បាច់​គុន​ល្បុក្កតោ​ដែល​បាន​ជួយ​សង្រ្គោះ​ជីវិត​របស់​គេ​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ ហើយ​​ក៏​ដើម្បី​​ជួយ​អភិរក្ស​​មរតក​ក្បាច់​គុន​របស់​ដូនតា​មួយ​នេះ ឲ្យ​បាន​គង់វង្ស និង​កាន់​តែ​មាន​ភាព​ល្បីល្បាញ​ផង​ដែរ។

លោក វី តារា និយាយ​ថា ល្បុក្កតោ​ជា​ក្បាច់​គុន​មួយ​ប្រភេទ​ ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ក្បាច់​គុន​ដទៃ​ទៀត ដោយសារ​ក្បាច់​គុន​មួយ​នេះ មាន​ក្បាច់​ជា​ច្រើន និង​ចែក​ជា​ច្រើន​កម្រិត ឬ​ថ្នាក់ ដែល​សំដៅ​លើ​ការ​ក្រង​ក្រមា ដូច​នេះ​ទាមទារ​ឲ្យ​​អ្នក​ហាត់ ត្រូវ​​ប្រើប្រាស់​រយៈពេល​យូរ​ឆ្នាំ​ក្នុង​ការ​សិក្សា​លម្អិត​ពី​ក្បាច់​តាម​កម្រិត​នីមួយៗ។

ជា​អ្នក​ដែល​ស្រឡាញ់​​ចូល​ចិត្ត​នូវ​សិល្បៈយុទ្ធ​គុន វី តារា បាន​រំឭក​​ថា៖ «កាល​ពី​នៅ​តូច ខ្ញុំ​បាន​មើល​រឿង​មួយ​ឈ្មោះ កំពូល​ក្បាច់​គុន​ល្បុក្កតោ ហើយ​ខ្ញុំ​ចេះ​តែ​គិត​ថា បើ​បាន​ហាត់​ល្អ​ណាស់ តែ​ពេល​ហ្នឹង​អត់​បាន​ហាត់​ទេ ព្រោះ​នៅ​ក្មេង​ពេក។ រហូត​ដល់​ឆ្នាំ ២០០៩ ខ្ញុំ​ និង​មិត្តភក្តិ​បាន​ស្គាល់​សាលា​ក្បាច់​គុន​ល្បុក្កតោ​ហ្នឹង ហើយ​យើង​បាន​ហាត់​ទាំង ​២ ​នាក់។ ពេល​ហាត់​ខ្ញុំ​អត់​រុញរា​ទេ ព្រោះ​ស្រឡាញ់ ហេតុ​នេះ​ខ្ញុំ​បាន​ព្យាយាម​ពី ​១ ​ថ្ងៃ​ ទៅ​ ១ ​ថ្ងៃ រហូត​ដល់​ស៊ាំ ហើយ​នៅ​ឆ្នាំ ​២០១៧ ខ្ញុំ​បាន​សិក្សា​ចប់​នៅ​កម្រិត​ក្រមា​ខ្មៅ»។

នៅ​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​ក្បាច់​គុន​ល្បុក្កតោ​នេះ​ដែរ គឺ​​ឆ្នាំ ​២០១៤ វី តារា បាន​ផុស​គំនិត​ចង់​បង្កើត​សាលា​គុន​មួយ​ដោយ​ខ្លួន​ឯង ដើម្បី​ចង់​ផ្សព្វផ្សាយ​ក្បាច់​គុន​នេះ​បន្ត​ឲ្យ​​ប្រជា​ជន​ខ្មែរ ​កាន់​តែ​ស្គាល់​ឲ្យ​បាន​ច្រើន។

សាលា​គុន​ដំបូង ​ដែល​បង្កើត​ដោយ​គ្រូ​ក្បាច់​គុន​រូប​​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ បន្ថែម​ពី​នេះ តារា ​បាន​បង្កើត​សាលា​គុន​បន្ថែម​ទៀត​នៅ​សាលា​បញ្ញាសាស្ត្រ ​ក្រុង​ភ្នំពេញ និង​បន្ត​ទៅ​បង្កើត​សាលា​គុន​នៅ​ខេត្ត​រតនគិរី ឈ្មោះ ​ថា រតនៈឥសាន្ត។

គ្រូ​ល្បុក្កតោ​មាន​ធំ​ដំបង​រូប​នេះ​បញ្ជាក់​ថា៖ «វា​មាន​ការ​លំបាក​ខ្លាំង ​ជាមួយ​ការ​បើក​សាលា​គុន​ទី ​១ ព្រោះ​យើង​ត្រូវ​ចំណាយ​ធនធាន​ច្រើន គឺ​លុយ​ផ្ទាល់​ខ្លួន និង​ចំណាយ​​ទាំង​ពេល​វេលា ដូចជា​សាលា​គុន​នៅ​ខេត្ត​​រតនៈគិរី គឺ​​ខ្ញុំ​សុខ​ចិត្ត​យក​ថ្ងៃ​ឈប់​​សម្រាក សៅរ៍ អាទិត្យ​ ​ទៅ​បង្រៀន​កូន​ខ្មែរ ដែល​ចង់​រៀន​ក្បាច់​គុន​ដូនតា​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ក្មេងៗ​បាន​ស្គាល់​​​ក្បាច់​គុន​នេះ និង​ធ្វើ​ឲ្យ​ក្បាច់​គុន​ដូនតា​របស់​យើង​បាន​ល្បី​ឲ្យ​ដូច​ក្បាច់​គុន​របស់​ប្រទេស​ដទៃ»។

មិន​ត្រឹមតែ​ជា​គ្រូ​ក្បាច់​គុន​ល្បុក្កតោ​ប៉ុណ្ណោះ​ទេ វី តារា ក៏​ធ្លាប់​បាន​ចូលរួម​ប្រកួត និង​សម្តែង​ក្បាច់​គុន​ខ្មែរ​មួយ​នេះ​ផង​ដែរ ដោយ​ទទួល​បាន​មេដាយ​ប្រមាណ​ជា ​១៥​ ​ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន ​៥។ បន្ថែម​ពី​នេះ គ្រូ​ក្បាច់​គុន​រូប​នេះ បាន​ចេញ​ទៅ​ផ្សព្វផ្សាយ​ក្បាច់​គុន​បុរាណ​ខ្មែរ នៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា កូរ៉េ និង​អូស្រ្តាលី​ជា​ដើម។

បន្ថែម​លើ​នេះ វី តារា បាន​ទទួល​​ឱកាស​ដ៏​ពិសេស គឺ​ការ​ប្រើប្រាស់​ជំនាញ​ក្បាច់​គុន​ល្បុក្កតោ​របស់ខ្លួន សម្តែង​ខាង​វាយតប​ក្នុង​ខ្សែ​ភាពយន្ត​ល្បីៗ​មួយ​ចំនួន​ផង​ដែរ ដូចជា​រឿង jailbreak, ហ្លួង​ព្រះ​ស្តេច​កន, ហនុមាន, មេកប់សារី, ម្ចាស់​ចំការ និង​រឿង​មួយ​ចំនួន​ទៀត​ផង​ដែរ។

នៅ​ពេល​រំឭក​ដល់​ការ​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត​នេះ តារា រៀបរាប់ទាំង​អារម្មណ៍​រំភើប​​ថា៖ «ពេល​ចេញ​សម្តែង​គុន​ដំបូង ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​មាន​គេ​ស្គាល់​ខ្ញុំ​ច្រើន ហើយ​គេ​ចាប់​ផ្តើម​ស្គាល់​ក្បាច់​គុន​ហ្នឹង​ផង​ដែរ។ បើ​និយាយ​ពី​ចិត្ត គឺ​កាន់​តែ​ស្រឡាញ់​ល្បុក្កតោ​ខ្លាំង ព្រោះ​ក្បាច់​គុន​នេះ ធ្លាប់​ជួយ​ជិវិត​ខ្ញុំ នៅ​ពេល​ខ្ញុំ​ជួប​គ្រោះ​ថ្នាក់​បែក​កង់​ម៉ូតូ​ហើយ​ដួល ស្រាប់​តែ​មាន​ឡាន​មក​ពី​ក្រោយ ពេល​នោះ​ខ្ញុំ​បាន​ប្រើ​ក្បាច់​គុន​នេះ សម្រាល​ខ្លួន​ពី​ផ្លូវ​ជាតិ រួច​ផុត​ពី​គ្រោះ​ថ្នាក់ អ៊ីចឹង​ខ្ញុំ​ត្រូវ​តែ​តប​ស្នងគុណ​ដល់​ក្បាច់​គុន​នេះ​វិញ»។

ចំណែក​សារៈសំខាន់​នៃ​ការ​ហាត់​ក្បាច់​គុន​ល្បុក្កតោ វី តារា បាន​និយាយ​ថា៖​ «វា​ល្អ​សម្រាប់​សុខភាព ធ្វើ​ឲ្យ​​រាងកាយ​រឹងមាំ ចៀស​ឆ្ងាយ​ពី​ជំងឺ អាច​ការពារ​ខ្លួន​បាន ជា​ពិសេស​វា​ល្អ​សម្រាប់​នារីៗ។ ណា​មួយ​ល្បុក្កតោ​ ជា​ក្បាច់​គុន​ដូនតា អ៊ីចឹង​ពេល​យើង​បាន​​ហាត់ ​មាន​ន័យ​ថា យើង​បាន​ចូលរួម​អភិរក្ស​ក្បាច់​គុន​ខ្មែរ​ដ៏​ល្អ​មួយ​នេះ​ដែរ។ ហេតុនេះ ​សូម​​យុវជន​ខ្មែរ ទាំង​ស្រី​ប្រុស ចូលរួម​ហ្វឹកហាត់ និង​គាំទ្រ​ក្បាច់​គុន​ដូនតា​​នេះ​ឲ្យ​មាន​ជីវិត​បន្ត ព្រម​ទាំង​ជួយ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភព​លោក ដើម្បី​ឲ្យ​គេ​​​បាន​ស្គាល់​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ»៕

វីដេអូ៖