អាមេរិក៖ មន្ត្រី​នៅ​ទីក្រុង​ Los Angeles បាន​បញ្ជាក់​ពី​ថ្ងៃ​អាទិត្យ​ថា មនុស្ស​ចំនួន ​៩ ​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្នុង​នោះ​មានវីរ​បុរស​​បាល់​បោះ​​នៃ​សមាគម​បាល់​បោះ​ជាតិ​​ (NBA) ​គឺ​លោក Kobe Bryant និង​កូន​ស្រី​អាយុ ​១៣ ​ឆ្នាំ ​របស់​រូប​គាត់​ផង​​ដែរ​។​

ស្នងការ​ក្រុង​ Los Angeles លោក​ Alex Villanueva បាន​និយាយ​ថា អ្នក​ដំណើរ​ចំនួន ​៨ ​នាក់​ និង​អ្នក​បើក​ម្នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នេះ​។​

លោក Villianueva បាន​បញ្ជាក់​​ថា៖ «​គ្មាន​អ្នក​ណា​ម្នាក់​នៅ​រស់​នោះ​ទេ ហើយ​​មនុស្ស​ចំនួន ​៩ ​នាក់ ​បាន​ជិះ​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​នេះ​ គឺ​អ្នក​បើក​​ម្នាក់​ និង​អ្នក​ដំណើរ​ចំនួន ​៨ ​នាក់​»។​

ឧទ្ធម្ភាគចក្រ​នេះ​បាន​ធ្លាក់​នៅ​ក្នុង​អាកាសធាតុ​អាប់អួ​នៅ​ជាយក្រុង​ Los ​Angeles​ ជិត​​ទីក្រុង​ Calabasas រដ្ឋ​កាលីហ្វ័រនីញ៉ា​ សហរដ្ឋ​អាមេរិក​។

អភិបាល​ក្រុង​ Los Angeles លោក Eric Garcetti បាន​បញ្ជាក់​ថា ក្មេង​ស្រី​ Gianna ជា​កូន​ស្រី​របស់​វីរបុរស​​បាល់​បោះ​ Bryant ក៏​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​នោះ​ផង​ដែរ​។​​

លោក Garcetti បាន​សរសេរ​តាម​ប្រព័ន្ធ​ Twitter ថា៖ «​ក្រុង​ Los Angeles សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​របស់​លោក​ Bryant ចំពោះ​ការ​បាត់បង់​អាយុ​ជីវិត​ក្មេង​ស្រី​ Gianna ជាមួយ​ឪពុក ​និង​មិត្តភក្តិ​របស់​នាង​នៅ​ក្នុង​សោកនាដកម្ម​នៅ​​ថ្ងៃ​នេះ​»។​

តាម​របាយការណ៍​អាមេរិក​បាន​ឲ្យ​ដឹង​ថា អតីត​តារា​បាល់បោះ​ក្នុង​ក្របខ័ណ្ឌ​ NBA ​អាយុ ​៤១ ​ឆ្នាំ​រូប​នេះ ​និង​កូន​ស្រី Gianna កំពុង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ការ​ប្រកួត​របស់​​កូន​ស្រី​គាត់​​នៅ​ពេល​ឧទ្ធម្ភាគចក្រ​របស់​ពួក​គេ​បាន​ធ្លាក់​នោះ​។ ​

ប្រព័ន្ធ​ផ្សព្វផ្សាយ​មូលដ្ឋាន​បាន​និយាយ​ថា​ ជន​រងគ្រោះ​ផ្សេង​ទៀត​បាន​រួម​បញ្ចូល​ទាំង​កីឡាករ​ម្នាក់​ និង​ឪពុក​ឬ​ម្ដាយ​ម្នាក់​​ផ្សេង​ទៀត​ផង​ដែរ​។​

ក្រុម​បាល់​បោះ​ Orange Coast College បាន​បញ្ជាក់​ថា គ្រូ​បង្វឹក​បាល់​បោះ​របស់​ក្លិប​នេះ ​គឺ​លោក John Altobelli អាយុ ​៥៦​ ឆ្នាំ​ក៏​បាន​ស្ថិត​នៅ​ក្នុង​​ឧទ្ធម្ភាគ​ចក្រ​នេះ​​ដែរ​។​

ទូរទស្សន៍​ CNN បាន​និយាយ​ថា ភរិយា​របស់​លោក Altobelli គឺ​អ្នកស្រី Keri និង​កូន​ស្រី​ម្នាក់​របស់​ពួក​គេ​​​ឈ្មោះ Alyssa ក៏​បាន​ស្ថិត​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​នេះ​ដែរ​។​​

លោក Villaneuva បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា មន្ត្រី​អាជ្ញាធរ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ​ទាំង​អស់​នៅ​ឡើយ​ទេ​ដោយ​រង់ចាំ​ការ​បញ្ជាក់​ពី​​សមាជិក​ក្រុម​គ្រួសារ​ ​និង​ពី​មន្ត្រី​ធ្វើ​កោសល្យវិច័យ​។

លោក​ Villanueva ​បាន​បន្ត​ថា៖«​ វា​ពិត​ជា​គួរ​ឱ្យ​ក្រៀមក្រំ​ចិត្ត​​ណាស់​នៅ​ពេល​ដឹង​​ថា​ ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​​អ្នក​​បាន​​ស្លាប់​​ ហើយ​​អ្នក​​បាន​ដឹង​ពី​ហេតុការណ៍​នេះ​តាមរយៈ ​ការ​ធ្វើ​តេស្ត​ TMZ​»។​

ក្រុម​ប្រឹក្សា​សុវត្ថិភាព​ដឹក​ជញ្ជូន​ជាតិ​ (NTSB) បាន​និយាយ​ថា ក្រុម​ប្រឹក្សា​នេះ​កំពុង​បញ្ជូន​​ក្រុម​មួយ​ដែល​មាន​សមាជិក ​១៨ ​នាក់ ​ទៅ​កាន់​រដ្ឋ​កាលីហ្វ័រនីញ៉ា ​ដើម្បី​ជួយ​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​គ្រោះ​ថ្នាក់​នេះ​។​​

អ្នកស្រី Jennifer Homendy សមាជិក​​នៃ​ក្រុមប្រឹក្សា​ NTSB បាន​និយាយ​ថា៖ «​ក្រុម​របស់​យើង​នឹង​ស្វែង​យល់​ពី​ប្រវត្តិ​អ្នក​បើក​ និង​អាកាស​យានិក​​នេះ​ព្រម​ទាំង​​អ្វី​ផ្សេងៗ​ទៀត​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​នេះ​»៕ APF/SN