ភ្នំពេញ៖ ​ម្ចាស់​មេដាយ​សំរឹទ្ធ​នៅ​ស៊ីហ្គេម វ៉ាន់ វឿន ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ទម្លាក់​​ថៃ Payak Insee ដើម្បី​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​​ក្រវាត់​ប្រាក់​នៅ​លើ​ង្វៀន PNN ដូច​ការ​រំពឹង​ទុក ចំណែក ផល សោភ័ណ្ឌ ក៏​បាន​បង្កើត​កំណត់ត្រា​ដ៏​ល្អ​សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង នៅ​លើ​សង្វៀន​នេះ​ផង​ដែរ។

ការ​មិន​ស្គាល់​ពី​បច្ចេកទេស​ប្រកួត​ Payak Insee វា​បាន​​ធ្វើ​ឲ្យ វ៉ាន់ វឿន មាន​ភាព​ស្ទាក់ស្ទើរ​ផង​ដែរ ក្នុង​ការ​ស្វែងរក​ជ័យជម្នះ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ជាក់​ស្តែង​នៅ​សង្វៀន PNN កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ វ៉ាន់ វឿន ធ្វើ​បាន​ល្អ លើស​ពី​អ្វី​ដែល​គេ​រំពឹង​ទុក​ទៅ​ទៀត ខណៈ​រូប​គេ​បាន​ប្រើ​ពេល​មិន​ដល់ ​៤ នាទី ក្នុង​ការ​ផ្តួល​ឲ្យ Payak Insee សន្លប់​ក្រោក​លែង​រួច​នោះ។

ការ​ម៉ាត់​ចូល​ពេញៗ​ចំនួន ​៣ ​ដៃ ព្រម​ទាំង​ការ​គំរាម​បន្ថែម​ដោយ​ការ​វាយ​កែង​លឿនៗ បាន​ធ្វើ​ឲ្យ វ៉ាន់ វឿន មាន​ប្រៀប​ទៅ​លើ Payak Insee តាំង​ពី​ទឹក​ទី ​១។ យ៉ាង​ណា​ក៏​ដោយ កីឡាករ​​​ជើង​ចាស់​របស់​ថៃ ដែល​ពោរពេញ​​ទៅ​ដោយ​បទពិសោធ Payak Insee ​បាន​ធ្វើ​ការ​វាយ​បក​យ៉ាង​រន្ថើន នៅ​ក្នុង​ទឹក​ទី ​២ ប៉ុន្តែ​ការ​ស្ទុះស្ទារ​ចូល​ម៉ាត់ និង​វាយ​កែង​របស់​គេ​ត្រូវ​បាន វ៉ាន់ វឿន មើល​ដឹង​រួច​បាន​បុក​ជង្គង់​ស្កាត់​មុន ចូល​ពោះ​ចំនួន ​២ ជង្គង់ បណ្តាល​ឲ្យ Payak Insee ដួល​ក្រោក​លែង​រួច​នៅ​ពាក់​កណ្តាល​ទឹក​ទី ​២ ​នេះ​តែ​ម្តង។

សិស្ស​គណក្លិប​ឃ្លាំង​មឿង​កីឡា វ៉ាន់ វឿន ​បាន​បង្ហាញ​ការ​រំភើប​យ៉ាង​ខ្លាំង ចំពោះ​ការ​ផ្តួល​ឲ្យ Payak Insee សន្លប់​ត្រឹម​ទឹក​ទី ​២ ​នេះ ព្រោះ​វា​ជា​ជ័យ​ជម្នះ ដែល​បាន​ជួយ​ឲ្យ​រូប​គេ ​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ ​៨ នាក់​ចុង​ក្រោយ ដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់​ប្រាក់ ទៅ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ កីឡាករ​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​នៅ​ស៊ីហ្គេម​ចំនួន ​២ ​លើក វ៉ាន់ វឿន ​បាន​គិត​ទុក​រួច​ទៅ​ហើយ​ថា រូប​គេ​នឹង​ត្រូវ​ប្រឈម​ការ​លំបាក​កាន់​តែ​ខ្លាំង សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​បន្ត។ វ៉ាន់ វឿន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ ​«សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​បន្ទាប់ វា​កាន់​តែ​មាន​ការ​លំបាក ព្រោះ​គេ​ក៏​ខំ​ប្រឹង​ដូច​យើង​ដែរ។ អ៊ីចឹង​នៅ​ក្នុង​វគ្គ ​៨ នាក់​ចុង​ក្រោយ ទោះបី​ជា​ខ្ញុំ​ត្រូវ​ជួប​កីឡាករ​ខ្មែរ​គ្នា​ឯង ឬ​ក៏​កីឡាករ​ថៃ​ គឺ​វា​មាន​ការ​ប្រកួត​លំបាក​សម្រាប់​ខ្ញុំ​ទាំង​អស់»។

គិត​មក​ដល់​ពេល​នេះ PNN បាន​រក​ឃើញ​បេក្ខភាព​ចំនួន ​៤ នាក់​ហើយ ​សម្រាប់​ឡើង​ទៅ​ប្រកួត​វគ្គ ​៨ នាក់​ចុង​ក្រោយ ចំណែក​​កីឡាករ​កម្ពុជា ៤ ​នាក់ និង​ថៃ ​៤ នាក់​ទៀត​នឹង​ធ្វើ​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់ៗ​ជា​បន្ត​បន្ទាប់ រហូត​រក​ឃើញ​អ្នក​ឈ្នះ​ឲ្យ​គ្រប់ ​៨ ​នាក់ ដើម្បី​ប្រកួត​យក​ខ្សែ​ក្រវាត់​ប្រាក់ ហើយ​អ្នក​ឈ្នះ​ខ្សែ​ក្រវាត់​ប្រាក់​ទាំង ​៤ ​នាក់ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​ខ្សែ​ក្រវាត់​មាស​អម​ជាមួយ​​ប្រាក់​រង្វាន់ ១ ម៉ឺន​ដុល្លារ។

ដោយ​ឡែក​អ្នក​ប្រដាល់​​មាន​ប្រភព​ចេញ​ពី​ប្រដាល់​សកល ផល សោភ័ណ្ឌ បាន​ប្រើ​ទម្ងន់​ជើង​ដ៏​ធ្ងន់​របស់​ខ្លួន​ទាត់​ឲ្យ​កីឡាករ​​ថៃ Phit Udorn ខូច​ជើង​ឆ្វេង​នៅ​ក្នុង​ដើម​ទឹក​ទី ​២ បន្ទាប់​ពី​លោក​អាជ្ញា​កណ្តាល​រាប់​ចំនួន ​៣ ​លើក គឺ​ទឹក​ទី ​១ ម្តង និង​ដើម​ទឹក​ទី ​២ ចំនួន ​២ ​លើក ទៅ​លើ​ថៃ​ម្នាក់​នេះ។

ជាមួយ​​ការ​ផ្តួល​ឲ្យ​កីឡាករ​ថៃ​សន្លប់​នៅ​ដើម​ទឹក​ទី ​២ ​នេះ វា​បាន​ក្លាយ​ជា​​កំណត់ត្រា​ដ៏​ល្អ​បំផុត​របស់ ផល សោភ័ណ្ឌ ចំពោះ​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​លើ​សង្វៀន PNN ហើយ​ជាមួយ​គ្នា​នេះ សោភ័ណ្ឌ ក៏​ទទួល​បាន​ប្រាក់​រង្វាន់ ​១០០ ​ដុល្លារ​បន្ថែម ​លើ​ប្រាក់​តម្លៃ​ខ្លួន​សម្រាប់​ការ​ទាត់​ Phit Udorn ឲ្យ​ខូច​ជើង និង​បញ្ឈប់​នៅ​ដើម​ទឹក​ទី ​២ ​នេះ​ផង​ដែរ៕