ភ្នំពេញៈ កីឡាករ​វ័យក្មេង វ៉ាន់ វឿន ត្រូវ​ថៃ La Farn ទាត់​ចូល​កញ្ចឹងក​បណ្តាល​ឲ្យ​ដួល​វង្វេងវង្វាន់ សន្លប់​ត្រឹម​ទឹក​ទី​ ៤ ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន SEATV កាល​យប់​ថ្ងៃ​អាទិត្យ​។ រីឯ ឡុង សុភី ក៏​ត្រូវ​បាន​ថៃ Pha Khav វ៉ៃ​ឲ្យ​អាជ្ញាកណ្តាល​រាប់​ក្នុង​ទឹក​ទី​ ២ ​ផង​ដែរ ប៉ុន្តែ សុភី បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ​ទាំង​លំបាក​ខ្លួន​រហូត​យក​ប្រៀប​បាន​វិញ​។

លទ្ធផល​បរាជ័យ​របស់ វ៉ាន់ វឿន ដោយ​សន្លប់​បែប​នេះ​គឺជា​ការចាញ់​ដោយ​កម្រ​ណាស់​ព្រោះ​ក្នុង​រយៈពេល​ជាង​ ២ ​ឆ្នាំ​មក​នេះ វ៉ាន់ វឿន ប្រឹង​ហ្វឹកហាត់ និង​ប្រកួត​ទទួល​បាន​លទ្ធផល​ល្អ​ជានិច្ច គួរ​ឲ្យ​មោទនភាព និង​បាន​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ឆ្នាំ​ ២០១៩ ​នេះ​ម្តង​ទៀត​។

នៅក្នុង​អំឡុង​ការប្រកួត​ ៤ ​ទឹក​នេះ វ៉ាន់ វឿន បាន​ជួប​ឧបសគ្គ​ធំ​ដោយសារ​ថៃ​រូបនេះ​មាន​ជំនាញ​កែង និង​ទាត់​ឆ្ងាយ​បាន​ល្អ ហើយ​ចំណុច​ខ្សោយ​របស់ វ៉ាន់ វឿន មិន​អាច​វាយ​ចេញ​ស្នៀត​កែង​បាន​ល្អ និង​គ្មាន​ឱកាស​ឱប​ឡើង​ជង្គង់​បាន ស្រប​ពេល​ថៃ​អ្នក​ចំណូល​ថ្មី La Farn រូប​នេះ​មាន​បច្ចេកទេស និង​សមត្ថភាព​ប្រកួត​ល្អ​ផង​ដែរ​។

ទោះបី​ជា​យ៉ាងណា វ៉ាន់ វឿន បាន​ចាត់ទុក​ការចាញ់​នេះ​ថា​បាន​កើតឡើង​ដោយ​ការ​ភ្លាត់ស្នៀត​។ វ៉ាន់ វឿន បាន​និយាយ​ក្រោយ​ការសន្លប់​ថា​៖ «​កីឡាករ​ថៃ​នោះ​ខ្លាំង​គួរសម ប៉ុន្តែ​ខ្ញុំ​ទទួលរង​ការទាត់​របស់​វា​ចូល​ប្រដាប់​ការពារ​ពង​ខ្ញុំ បណ្តាល​ឲ្យ​ខ្ញុំ​ធ្លាក់​កម្លាំង​មួយ​កម្រិត​តាំងពី​ក្នុង​ទឹក​ទី​ ២ ​មក​ម្ល៉េះ​»​។

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម ឆ្នាំ​ ២០១៧ រូបនេះ​បាន​បន្ថែម​ថា​៖ «​ការចាញ់​របស់​ខ្ញុំ​មិនមែន​មាន​លេស​ជា​ហេតុផល​នោះ​ទេ គឺ​ខ្ញុំ​ភ្លាត់ស្នៀត​ត្រូវ​វា​ទាត់​ចូល​កញ្ចឹងក​បណ្តាល​ឲ្យ​ខ្ញុំ​វង្វេង​វិល​ងើប​មិន​រួច​នៅ​ទឹក​ទី​ ៤ ហើយ​អាជ្ញាកណ្តាល​បាន​បញ្ឈប់​ការប្រកួត​តែម្តង​។ ហេតុនេះ​ខ្ញុំ​ចង់​សងសឹក​ម្តង​ទៀត ព្រោះ​ការចាញ់​លើក​នេះ​គឺ​ខ្ញុំ​ភ្លាត់ស្នៀត ហើយ​បើ​មាន​ឱកាស​បាន​ប្រកួត​ម្តង​ទៀត​មែន ខ្ញុំ​សប្បាយ​ចិត្ត​ដោយសារ​យើង​ដឹង​ពី​របៀប​ទប់​ស្នៀត​ទាត់​របស់​គេ អ៊ីចឹង​យើង​នឹង​អាច​ឈ្នះ​»​។

ចំណែក​កីឡាករ ឡុង សុភី ដែល​ទទួល​បាន​លទ្ធផល​ឈ្នះ​កីឡាករ​ថៃ Pha Khav គឺ​ក្នុង​លក្ខណៈ​តឹងតែង និង​វេទនា​ឈឺខ្លួន​មិន​តិច​ទេ​។ ជំនួប​ប្រកួត​ ៥ ​ទឹក​ពេញ ឡុង សុភី វាយ​ចេញ​បាន​ច្រើន​ក្នុង​លក្ខណៈ​រប៉េះរប៉ោះ​មិន​ចំ​គោលដៅ​ល្អ​ចាប់ពី​ទឹក​ទី​ ៣ ដល់​ទឹក​ទី​ ៥ គឺ​មាន​ប្រៀប​ជាង​កីឡាករ​ថៃ​។

ចំណែក​កីឡាករ​ថៃ Pha Khav មានប្រៀប​ចំនួន​ ២ ​ទឹក​ដំបូង ពិសេស​ក្នុង​ទឹក​ទី​ ២ ដោយ​កណ្តាប់ដៃ​របស់​គេ​ធ្វើឲ្យ ឡុង សុភី វង្វេងវង្វាន់ និង​អាជ្ញាកណ្តាល ម៉ាក់ សាមឿន រាប់​ចំនួន​ ៨ ​ទើប​បន្ត​ការប្រកួត​បាន​យ៉ាង​ល្អ​វិញ​។ ការប្រឹងប្រែង​របស់ ឡុង សុភី ក្រោយ​ការរាប់​នោះ​ធ្វើឲ្យ​រូបគេ​មាន​ពិន្ទុ​នាំ​មុខ Pha Khav ជា​ហេតុ​នាំឲ្យ​ទទួល​បាន​លទ្ធផល​ឈ្នះ​ទាំង​ប្រផិតប្រផើយ និង​ឈឺខ្លួន​។

ក្រោយពេល​ប្រកួត​ឈ្នះ ឡុង សុភី បាន​និយាយ​ថា​៖ «​ឈ្នះ​ថៃ​នេះ​លំបាក​ណាស់ ព្រោះ​ពិបាក​ចូល​កៀក ដោយសារ​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​របស់​គេ​វ៉ៃ​ចេញ​បាន​ល្អ និង​ធ្ងន់​ដែល​ជា​ឧបសគ្គ​ចូល​ឱប​ឡើង​ជង្គង់​»​។ សុភី បន្ថែម​ថា​៖ «Pha Khav នេះ​មិន​លំបាក​ទេ តែ​ការជួប​គ្នា​លើកដំបូង​បែប​នេះ ខ្ញុំ​មិន​ស្គាល់​ពី​ស្នៀត ឬ​ការប្រកួត​របស់គេ​។ ហេតុនេះ​បើ​មាន​ការសងសឹក​លើក​ក្រោយ ខ្ញុំ​នៅតែ​ធានា​យក​ឈ្នះ​បាន ព្រោះ​ចំណុច​ខ្លាំង​របស់​គេ​គឺ​ទាត់​ឆ្ងាយ​»៕