ភ្នំពេញ៖ សង្វៀន​ប្រដាល់​ចំនួន ​៣ មាន CNC បាយ័ន និង​សង្វៀន​ថោន នឹង​ចាប់​ដំណើរ​ការ​ប្រកួត​ប្រដាល់​ឡើង​វិញ នៅ​ចុង​សប្តាហ៍​នេះ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​បិទ​ទ្វារ​ គ្មាន​អ្នក​ទស្សនា តែ​មាន​ការ​ផ្សាយ​ផ្ទាល់ ចំណែក​សង្វៀន ​PNN និង​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នៅ​​មិន​ទាន់​បើក​ការ​ប្រកួត​វិញ​ទេ​ ហើយ​សង្វៀន​អាស៊ីអាគ្នេយ៍ កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជាមួយ​ម្ចាស់​ឧបត្ថម្ភ ថា​គួរ​បើក​នៅ​ពេល​នេះ​វិញ ឬ​យ៉ាង​ណា។​

យ៉ាង​ណា​ក៏​ដោយ ទាំង​សង្វៀន CNC បាយ័ន និង​សង្វៀន​ថោន មាន​ការ​​ផ្គូផ្គង​តែ​កីឡាករ​ខ្មែរ និង​​ខ្មែរ​ប៉ុណ្ណោះ គឺ​គ្មាន​​ការ​ប្រកួត​គូ​អន្តរជាតិ​នោះ​ទេ ព្រោះ​​បច្ចុប្បន្ន​នេះ ​កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​រយៈពេល ​១ ​ខែ សម្រាប់​ភ្ញៀវ​​បរទេស ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩ ប៉ុន្តែ​បើ​ជន​បរទេស​ណា មាន​បំណង​ចូល​មក​កម្ពុជា ពួក​គេ​ត្រូវ​មាន​លិខិត​បញ្ជាក់​សុខភាព និង​មាន​បណ្ណ​ធានា​រ៉ាប់រង ដែល​មាន​ទឹក​ប្រាក់​​​មិន​ក្រោម ​៥ ម៉ឺន​ដុល្លារ​ឡើយ ហើយ​លក្ខខណ្ឌ​នេះ គឺ​ខាង​អ្នក​នាំ​កីឡាករ​បរទេស​មក​ប្រកួត​នៅ​កម្ពុជា មិន​អាច​ធ្វើ​បាន​នោះ​ទេ។

បើ​ទោះ​បី​ជា​ការ​ប្រកួត​នេះ ​នឹង​ត្រូវ​ធ្វើ​ឡើង ដោយ​គ្មាន​វត្តមាន​កីឡាករ​បរទេស ប៉ុន្តែ​លោក នាង ស៊ីវុត្ថា អ្នក​គ្រប់គ្រង​កីឡា​ប្រដាល់​នៅ​សង្វៀន​បាយ័ន បាន​ប្រាប់​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ម្សិលមិញ​ថា៖ ​«យើង​មាន​ការ​ប្រកួត​ចំនួន ​៦ ​កម្មវិធី ក្នុង ​១ ​សប្តាហ៍​ដដែល ប៉ុន្តែ​នៅ​សប្តាហ៍​នេះ យើង​មាន​ការ​ប្រកួត​តែ​​ខ្មែរ​ និង​ខ្មែរ​ទេ»។

នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សង្វៀន​បាយ័ន ដែល​មាន​ទីតាំង​នៅ​ស្ទឹងមានជ័យ​នោះ មាន​កម្មវិធី​ប្រកួត​ច្រើន​ជាង​គេ​ក្នុង ​១ សប្តាហ៍ៗ ដោយ​​មាន​ការ​ប្រកួត​ពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃ​អាទិត្យ ក្នុង​នោះ​នៅ​ថ្ងៃ​សុក្រ មាន ​១ កម្មវិធី(​ប្រដាល់​គុន​ខ្មែរ​គូបូតា) ដោយ​ធ្វើ​ពី​ម៉ោង ​៧​ យប់​ ដល់​ម៉ោង ​៩។

ចំណែក​នៅ​ថ្ងៃ​សៅរ៍ មាន​កម្មវិធី​ប្រកួត​គុនខ្មែរ​មិត្តភាព និង​គូ​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ពី​ម៉ោង ​៣ ​រសៀល ដល់​ម៉ោង ​៥ ហើយ​ពី​ម៉ោង ​៦ ​ល្ងាច ដល់​ម៉ោង ៨ ​យប់ ថ្ងៃ​សៅរ៍​ដដែល​នេះ ជា​ការ​ប្រកួត​ប្រដាល់​របស់​ភេសជ្ជៈ Wurks។ រីឯ​នៅ​ថ្ងៃ​អាទិត្យ មាន​ចំនួន ​៣ ​កម្មវិធី គឺ​ប្រដាល់​​គុន​ខ្មែរ​ស្រាបៀរ​កម្ពុជា ពី​ម៉ោង ​៨ ​ព្រឹក ដល់​ម៉ោង ​១០ កម្មវិធី​ប្រកួត​ភេសជ្ជៈ Boostrong ពី​ម៉ោង ​១២ ដល់​ម៉ោង ​២:៣០ ​រសៀល និង​ការ​ប្រកួត​របស់​កម្មវិធី​ខារ៉ាបាវ ពី​ម៉ោង ​៦ ​ល្ងាច ដល់​ម៉ោង ​៨ ​យប់។

ដោយ​ឡែក លោក ម៉ា ស៊ីថេត អ្នក​គ្រប់គ្រង​​កម្មវិធី​កីឡា​ប្រដាល់​​ប្រចាំ​នៅ​សង្វៀន CNC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា៖ ​«​នៅ​សប្តាហ៍​នេះ យើង​មាន​ការ​ប្រកួត ​៤ ​កម្មវិធី រវាង​កីឡាករ​ខ្មែរ និង​ខ្មែរ ក្នុង​នោះ​មាន​កម្ម​វិធី​កម្ពុជា​សង្វៀន​គុន​ខ្មែរ ការ​ប្រកួត​ខារ៉ាបាវ​ដណ្តើម​ប្រាក់​លាន កម្មវិធី​អ្នក​តស៊ូ​គុន​ខ្មែរ​គោជល់ និង​កម្មវិធី​ប្រដាល់​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ​ភេសជ្ជៈ​រ៉េតអាន»។

បើ​តាម​ការ​លម្អិត​ពី​លោក ម៉ា ស៊ីថេត បាន​ឲ្យ​ដឹង​ថា សម្រាប់​​កម្មវិធី «កម្ពុជា​សង្វៀន​គុន​ខ្មែរ» ដែល​ធ្វើ​​នៅ​ថ្ងៃ​សៅរ៍ ពី​ម៉ោង ​៨ ដល់​ម៉ោង ​១០ ​ព្រឹក មាន​ការ​ប្រកួត ​៤ ​គូ ឯ​ការ​ប្រកួត​គុន​ខ្មែរ​ខារ៉ាបាវ​ដណ្តើម​ប្រាក់​លាន ដែល​ធ្វើ​នៅ​ថ្ងៃសៅរ៍​ដែរ ពី​ម៉ោង ២ ​រសៀល ដល់​ម៉ោង ៤ មាន ​៥ គូ ហើយ​ការ​ប្រកួត​អ្នក​តស៊ូ​គុន​ខ្មែរ​គោជល់ ដែល​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ​ពី​ល្ងាច​ម៉ោង ​៥:៥០ ដល់​ម៉ោង ៨ ​យប់ មាន ​៤ គូ ចំណែក​​ការ​ប្រកួត​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ​ភេសជ្ជៈ​រ៉េតអាន ដែល​ធ្វើ​នៅ​ថ្ងៃអាទិត្យ ពី​ព្រឹក​ម៉ោង ​៨ ដល់​ម៉ោង ​១០ មាន ​៥ គូ។

លោក ម៉ា ស៊ីថេត (ឆ្វេង) និង​លោក នាង ស៊ីវុត្ថា ពេលជជែក​គ្នា ក្នុង​អង្គ​ប្រជុំ​កន្លងមក។ ណន

ទន្ទឹម​ជា​មួយគ្នា​នេះ កម្មវិធី​ប្រកួត Mas Fight Cambodia របស់​សង្វៀន​ថោន ក៏​នឹង​រៀបចំ​ការ​ប្រកួត​ឡើង​វិញ​នៅ​សប្តាហ៍​នេះ​ដែរ។ លោក គឹម ស្រ៊ុនកុសល អ្នក​គ្រប់គ្រង​កម្មវិធី​ Mas Fight Cambodia បាន​ប្រាប់​ថា៖ ​«​នៅ​ថ្ងៃ​អាទិត្យ​នេះ យើង​មាន​ការ​ប្រកួត​ចំនួន ​៦គូ រវាង​កីឡាករ​ខ្មែរ និង​ខ្មែរ ដោយ​ធ្វើ​ចាប់​ពី​ម៉ោង ​៣ រសៀល ដល់​ម៉ោង ​៥​»។

ទោះ​បី​ជា​យ៉ាង​ណា គិត​ត្រឹម​​រសៀល​ម៉ោង ​១ ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ តំណាង​អ្នក​គ្រប់គ្រង​សង្វៀន​ទាំង ​៣ មាន CNC បាយ័ន និង​សង្វៀន​ថោន ដែល​នឹង​បើក​ការ​ប្រកួត​ប្រដាល់​វិញ នៅ​ចុង​សប្តាហ៍​នេះ នៅ​មិន​ទាន់​បាន​ផ្ញើ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ នៅ​ឡើយ​ទេ ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ក៏​មិន​ទាន់​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​បើក​ការ​ប្រកួត​វិញ​នោះ​ដែរ បន្ទាប់​ពី​សហព័ន្ធ​បាន​សម្រេច​ឲ្យ​គ្រប់​សង្វៀន​​ប្រដាល់​ទាំង​អស់ ត្រូវ​ផ្អាក​ការ​ប្រកួត​កាល​ពី​ថ្ងៃទី ​២៣ ខែ​មីនា។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​រសៀល​ម៉ោង ​១ ថ្ងៃ​ចន្ទ​ថា៖ ​«ខ្ញុំ​គ្រាន់​តែ​ឮ​ថា ខាង​ប៉ុស្តិ៍ សុំ​រៀបចំ​ការ​ប្រកួត​បន្ត ប៉ុន្តែ​ខាង​ប៉ុស្តិ៍​នៅ​មិន​ទាន់​ធ្វើ​លិខិត​ផ្លូវការ​មក​យើង​ផង ហើយ​បើ​គាត់​រៀបចំ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា យើង​មិន​អាច​រួម​ចំណែក​ទទួល​ខុស​ត្រូវ​បាន​ទេ»។

លោក តែម ម៉ឺន បាន​បញ្ជាក់​ថា៖ ​«សហព័ន្ធ ត្រូវ​ការ​លិខិត​ផ្លូវ​ការ​ពី​ខាង​ប៉ុស្តិ៍ ដើម្បី​យើង​រាយការណ៍​បន្ត និង​សុំ​គោលការណ៍​​ទៅ​ខាង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ឲ្យ​លោក​ធ្វើ​ការ​សម្រេច ថា​អាច​ប្រកួត​បាន​វិញ ឬ​យ៉ាង​ណា ចំណែក​ខាង​សហព័ន្ធ គឺ​ចាំ​អនុវត្ត​តាម​ការ​សម្រេច​របស់​ក្រសួង»។

យ៉ាង​ណា​ក៏​ដោយ លោក នាង ស៊ីវុត្ថា និង ម៉ា ស៊ីថេត ដែល​ត្រូវ​គ្រប់គ្រង​ការ​ប្រកួត​ច្រើន​កម្មវិធី​ដូច​គ្នា​នោះ បាន​អះអាង​ថា ស្ថានីយ និង​សង្វៀន​របស់​លោក ​បាន​ចាត់​វិធានការ និង​សម្អាត​យ៉ាង​ល្អ គឺ​គ្រប់​យ៉ាង​ធ្វើ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូវីដ ​១៩។​

ចំណែក​លោក ស្រ៊ឺ ស្រេង ហៅ​ សំណព្វ អ្នក​គ្រប់គ្រង​កីឡា​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍ PNN បាន​ប្រាប់​ថា៖​ «​​ទោះ​បី​ជា​ខាង​ស្ថានីយ​ទូរទស្សន៍​ផ្សេង បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រដាល់​ឡើង​វិញ​ ប៉ុន្តែ​​ខាង PNN របស់​យើង​ មិន​ទាន់​ប្រញាប់​ពេក​ទេ គឺ​យើង​ចាំ​មើល​ស្ថានការណ៍​នៃ​ជំងឺ​កូវីដ ១៩ បន្តិច​ទៀត​សិន អ៊ីចឹង​យើង​អាច​នឹង​រៀបចំ​ឲ្យ​មាន​ការ​​ប្រកួត​វិញ នៅ​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ហើយ»។

ស្រដៀង​គ្នា​នេះ លោក អូ ឡាឡា តំណាង​មក​ពី​ខាង​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ក៏​នៅ​ហាក់​ខ្លាច​រអា​នឹង​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩ ​ផង​ដែរ។ លោក​បាន​ប្រាប់​ថា៖ ​«ខាង​ប៉ុស្តិ៍​លេខ ​៥ ក៏​ចង់​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត ដើម្បី​បញ្ចប់​ការ​ប្រកួត​ពាន​របស់​យើង​ដែរ ប៉ុន្តែ​យើង​រង់ចាំ​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​សិន ហើយ​តាម​ការ​លើក​ឡើង​របស់​សម្តេច គឺ​កាស៊ីណូ ត្រូវ​បាន​បិទ​អស់​ហើយ ហើយ​កំពុង​ស្នើ​ច្បាប់ ដាក់​ប្រទេស ​កម្ពុជា ក្នុង​គ្រា​អាសន្ន​ទៀត អ៊ីចឹង​ខ្ញុំ​គិត​ថា ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រដាល់​ឡើង​វិញ ក្នុង​អំឡុង​ពេល​នេះ វា​មិន​អាច​កើត​ឡើង​បាន​ទេ»។

ចំណែក​លោក ញាណ សុធី អ្នក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ បាន​ប្រាប់​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ថា៖ ​«យើង​នៅ​មិន​ទាន់​ច្បាស់​ថា ត្រូវ​បើក​ការ​ប្រកួត​វិញ ឬ​យ៉ាង​ណា​នោះ​ទេ គឺ​យើង​កំពុង​ពិភាក្សា​ជាមួយ​ខាង​ប៉ុស្តិ៍ ហើយ​ក៏​ត្រូវ​និយាយ​ជាមួយ​ខាង​អ្នក​ឧបត្ថម្ភ​ផង​ដែរ ថា​តើ​ការ​ដាក់​ឲ្យ​ប្រកួត​រវាង​កីឡាករ​ខ្មែរ និង​ខ្មែរ ក្នុង​ស្ថានភាព​បែប​នេះ គាត់​ព្រម​ទទួល​យក​អត់? អ៊ីចឹង​យើង​​រង់ចាំ​ការ​ពិភាក្សា​គ្នា​សិន»៕