ភ្នំពេញ: ការប្រកួតមិត្តភាពអន្តរជាតិខ្មែរថៃគូសងសឹករវាងកីឡាករម៉ន សាម៉េត មកពីក្លិបកងចក្រនៃក្រសួងមហាផ្ទៃ និងកីឡាករជើងខ្លាំងថៃ Phat Ngenthong ធ្វើឲ្យមានការជក់ចិត្ត និងកក្រើកសង្វៀនកាលពីព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅសង្វៀនអាស៊ីអាគ្នេយ៍។
ចំណែកឯការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៦ ទម្ងន់៥៧គីឡូក្រាម វគ្គវិលជុំ សន្សំពិន្ទុកាលពីល្ងាចសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៨ កីឡាករយុគ យក្សផ្លែ មកពីក្លិបបុរីរាជ បានឈ្នះកីឡាករថៃ Phat Thou ទឹកទី៣ ខណៈកីឡាករឡុង ជិន មកពីក្លិបខ្លារខិនមានរិទ្ធ បានផ្តួលកីឡាករថៃ Phat Seila ឲ្យចុះចាញ់ទឹកទី៣ដូចគ្នា។
ម៉ន សាម៉េត និង Phat Ngenthong ធ្លាប់ជួបគ្នាច្រើនដងមកហើយ និងមានលទ្ធផលប្រកួតចាញ់ និងឈ្នះម្តងម្នាក់ទៅវិញទៅមក ប៉ុន្តែមានលក្ខណៈជក់ចិត្តដិតអារម្មណ៍ខ្លាំងពីអ្នកទស្សនា។
សម្រាប់លទ្ធផលវិញ ឆ្លងកាត់ការប្រកួតចំនួន៥ទឹកពេញ Phat Ngenthong ត្រូវបានគណៈកម្មការប្រកាសឲ្យឈ្នះ ម៉ន សាម៉េត ដោយពិន្ទុទាំងប្រផិតប្រផើយ បន្ទាប់ពីការប្រកួតគ្នាអស់ពីសមត្ថភាព។
ទោះបីយ៉ាងណា លទ្ធផលនេះ ម៉ន សាម៉េត ហាក់បីដូចតវ៉ាឡយ ប៉ុន្តែ បានបញ្ជាក់ថា៖ «ខ្ញុំប្រឹងណាស់ដែរ រីឯ លទ្ធផលនេះគួរតែបានឈ្នះ ប៉ុន្តែការសម្រេចរបស់ចៅក្រម និងគណៈកម្មការប្រកួត ខ្ញុំមិនហ៊ានតវ៉ាទេពីព្រោះខ្ញុំដឹងតែពីប្រកួតអស់ពីសមត្ថភាព រឿងចាញ់ ឬឈ្នះគឺពួកគាត់ជាអ្នកសម្រេច»។
ចំណែកគូប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវវគ្គវិលជុំសន្សំពិន្ទុវិញ ឡុង ជិន និងយុគ យក្សផ្លែ បានលទ្ធផលឈ្នះ ទទួល៣ពិន្ទុបន្ថែមដូចដូចគ្នា ដោយគិតត្រឹមសប្តាហ៍ទី៣នេះ ពួកគេទាំងពីរនាក់មាន៦ពិន្ទុស្មើគ្នាក្នុងពីរប្រកួត ប៉ុន្តែកំពុងប្រជែងឈរក្នុងលំដាប់កំពូលតារាង ខណៈដែលឡុង ជិន មានប្រៀបជាងដោយផ្តួលដៃគូសន្លប់ទាំង២លើក ហើយយក្សផ្លែ មាន៦ពិន្ទុដែរ ប៉ុន្តែ ផ្តួលដៃគូប្រកួតបានមួយលើកឈ្នះពិន្ទុ១លើក ហើយកំពុងឈរក្នុងលំដាប់លេខ២ ជាបណ្តោះអាសន្ននៅពូលកីឡាករកម្ពុជា។
តាមរយៈការប្រកួតចំនួន៣សប្តាហ៍កន្លងមក កីឡាករឡុង ជិន ត្រូវបានរំពឹងទុកថា អាចយកចំណាត់ថ្នាក់លេខ១ក្នុងពូលបាន និងអាចឈានទៅវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករថៃដែលឈ្នះលេខ១ក្នុងពូលកីឡាករថៃ។
លោកស្រីឡុង រ៉ាវី អ្នកគ្រប់គ្រងកីឡាករឡុង ជិន បាននិយាយថា៖ «ឆ្លងតាមការប្រកួតចំនួន៣សប្តាហ៍កន្លងមកនេះ ខ្ញុំមើលឃើញថា សមត្ថភាពរបស់កីឡាករឡុង ជិន អាចនឹងមានឱកាសច្រើនបានឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ជាមួយកីឡាករថៃបានដោយមានសង្ឃឹមខ្ពស់»។
អ្នកស្រីដែលបច្ចុប្បន្នជាប្រធានក្លិបប្រដាល់ខ្លារខិនមានរិទ្ធ ចំណុះឲ្យក្រសួងឲ្យសមាគមប្រដាល់ក្រសួងមហាផ្ទៃ បានដឹកនាំគ្រប់គ្រងកីឡាទទួលបានលទ្ធផលល្អ និងជាក្លិបមួយដែលសម្បូរកីឡាករខ្លាំងនិងឆ្នើមៗ៕