ភ្នំពេញ: ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្តើមពាន TV5 Boxing Knock Out Series (K Cement) ដែល​បាន​ឆ្លង​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់​អស់​រយៈពេល​ជាង​ ៣ ​ខែ និង​មាន​កីឡាករ​ចំនួន​ ៣២ ​នាក់​មកពី​ក្លិប​ផ្សេងៗ​ពី​គ្នា​នោះ​នឹង​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​ ២៣ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ សប្តាហ៍​នេះ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥​។

កីឡាករ​ ម៉ន សាម៉េត មកពី​ក្លិប​កងចក្រ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​នឹង​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​ ធន់ អៀងឡៃ មកពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ដើម្បី​ដណ្តើមពាន​អម​ដោយ​ទឹកប្រាក់​ចំនួន​ ៤ ០០០ ​ដុល្លារ ខណៈ​អ្នក​ចាញ់​ទទួល​បាន​ប្រាក់​ចំនួន​ ២០០០ ​ដុល្លារ​ផង​ដែរ​។

ចំណែក​កីឡាករ​ បឺត សង្ឃឹម មកពី​ក្លិប​រ៉ាហ្វាប់​ស្វាយប៉ាក និង​ គួន ប៊ុនហ៊ីម មកពី​ក្លិប​សាមគ្គី​ខេត្ត​បាត់ដំបង​នឹង​ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​លេខ​ ៣ ដែល​អម​ដោយ​ទឹកប្រាក់​ចំនួន​ ៧៥០ ​ដុល្លារ ខណៈ​ដែល​អ្នកចាញ់​បាន​ចំណាត់​ថ្នាក់​លេខ​ ៤ និង​ទទួល​បាន​ប្រាក់​ ៥០០ ​ដុល្លារ​។ ប្រវត្តិ​ប្រកួត​វគ្គ​ជម្រុះ​តាំងពី​វគ្គ​ ៣២ ​នាក់​ដំបូង ម៉ន សាម៉េត បាន​ឈ្នះ ឯម សុធី មកពី​ក្លិប​ថ្មគោល​ខេត្ត​បាត់ដំបង​ក្នុង​ជុំ​ទី​ ១ លើក​ទី​ ២ ​ឈ្នះ សិស្ស​ប្អូន​មិត្ត​រួម​គ្រូ កីឡាករ​ រឿន សុខលី ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ២​។

ជុំ​ទី​៣ គេ​បាន​ឈ្នះ​ពិន្ទុ យុគ យក្សផ្លែ និង​ជុំ​ទី​៤ ឈ្នះ​កីឡាករ​ គួន ប៊ុនហ៊ីម ក្នុង​ទឹក​ទី​៣​។ ចំណែក​កីឡាករ​ ធន់ អៀងឡៃ បាន​ឈ្នះ​ ៤ ​ប្រកួត​ដើម្បី​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ដោយ​ជុំ​ទី​ ១ ឈ្នះ​កីឡាករ​ រ៉ាន់ ចាន់រាជ ក្នុង​ទឹក​ទី​១ ឈ្នះ​ សេក គឹមសាន្ត ក្នុង​ទឹកទី១ ឈ្នះ​ សៀវ ង៉ុយ ដោយ​ពិន្ទុ និង​ឈ្នះ​ បឺត សង្ឃឹម ក្នុង​ទឹក​ទី​១ ​។

ការប្រកួត​រវាង​ បឺត សង្ឃឹម និង​ គួនប៊ុនហ៊ីម ដែល​ការ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​ ៣ មិន​សូវ​មាន​ការចាប់​អារម្មណ៍​ខ្លាំង​ប៉ុន្មាន​ទេ ប៉ុន្តែ​សម្រាប់​ការដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​ ១ ​រវាង​ជើងចាស់ សាម៉េត និង​ជើង​ខ្លាំង​ជំនាន់​ក្រោយ អៀងឡៃ នឹង​ផ្តល់​នូវ​ការទាក់ទាញ​បំផុត​ដល់​មហាជន​។

ម៉ន សាម៉េត បាន​និយាយ​ថា​៖ «​ការប្រកួត​នេះ​មិនមែន​ងាយស្រួល​ទេ ពីព្រោះ​គេ​មាន​កម្លាំង​ខ្លាំង​វ៉ៃ​សម្រុក​ខ្លាំង ហើយ​ការប្រកួត​នេះ​មិន​អាច​ធ្វេសប្រហែស​បាន​ទេ វា​ជា​ឧបសគ្គ​ធំ​ណាស់​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ខ្ពស់ មាន​យុទ្ធសាស្ត្រ​សម្រាប់​យក​ឈ្នះ​បាន ទោះ​លំបាក​យ៉ាង​ណា​ក៏ដោយ​»​។

ម៉ន សាម៉េត បាន​បន្ថែម​ថា​៖ «​រឿង​កលល្បិច​នៃ​ការប្រកួត​ពេល​នោះ​ដើម្បី​យក​ឈ្នះ ខ្ញុំ​មិន​អាច​ជម្រាប​ជា​សាធារណៈ​បាន​ទេ តែ​ធានា​ថា​នឹង​ឈ្នះ​មិន​ខាន​ក្នុង​ ៩០ ​ភាគរយ​»​។

លោក​ ម៉ាង ម៉ន គ្រូបង្វឹក បាន​និយាយ​ថា​៖ «​សាម៉េត មាន​ល្បិច និង​បទពិសោធ​ប្រកួត​ល្អ​ច្រើន ហេតុនេះ​ការប្រកួត​សង្ឃឹម​ថា​ឈ្នះ​បាន​លេខ​ ១ ប៉ុន្តែ​មាន​លក្ខណៈ​តឹងតែង​បំផុត​។ ការ​ឈ្នះ​របស់​ សាម៉េត អាច​ជា​យុទ្ធសាស្ត្រ​កលល្បិច​ច្រើន​ជាង​ប្រើ​កម្លាំង​ដែល​ចំណាយ​ខ្ជះខ្ជាយ​មិន​បាន​ផល ឬ​ចំ​គោលដៅ​ល្អ​»​។

តាម​ប្រវត្តិ​ប្រកួត និង​បទពិសោធ ម៉នសាម៉េត ប្រកួត​ច្រើន​ជាង​ ធន់ អៀងឡៃ ចំនួន​ប្រហែល​ ៣ ​ដង និង​មាន​អាយុ​ព្រម​ទាំង​ស្គាល់​សង្វៀន​ប្រដាល់​ជិត​ ១០ ​ឆ្នាំ​មុន អៀងឡៃ ហើយ​រូបគេ​ធ្លាប់​គ្រប់គ្រង​ខ្សែក្រវាត់​ចំនួន​ ២ ​ស្ថាប័ន​។ ចំណែក​ ធន់ អៀងឡៃ មាន​បទពិសោធ​រយៈពេល​ជិត​ ២ ​ឆ្នាំ ប៉ុន្តែ​ធ្លាប់​ផ្តួល​ជើង​ខ្លាំងៗ​រៀម​ច្បង​រាប់​ភ្លេច​។

នៅក្នុង​ស្ថិតិ​ប្រកួត​ត្រឹម​ជិត​ ៥០ ​លើក​រូបគេ​ចាញ់​តែ​ ៣ ​លើក​ប៉ុណ្ណោះ ពិសេស​ក្នុង​ ៣៤ ​ប្រកួត​ចុងក្រោយ​ឈ្នះ​ជាប់ៗ​គ្នា​រហូត​។ លោក​ ធន់ សុភា គ្រូបង្វឹក​បាន​និយាយ​ថា​៖ «​ខ្ញុំ​សុំ​ការអនុញ្ញាត​មិន​និយាយ​ពី​ល្បិច​នៃ​ការប្រកួត​នេះ​ទេ ប៉ុន្តែ​ទាំង​ការហ្វឹកហាត់ និង​ត្រៀម​ប្រកួត ខ្ញុំ​សង្ឃឹម​ឈ្នះ​ច្រើន​ដល់​ទៅ​ ៨០ ​ភាគរយ​»​។

លោក​ ធន់ សុភា បាន​អះអាង​ថា​៖ «​អ្វី​ដែល​ខ្ញុំ​ជឿជាក់​នោះ​ដោយ​សង្កេត​ឃើញ​ថា​ការហ្វឹកហាត់​បាន​ល្អ ហើយ​ប្រវត្តិ​ប្រកួត​របស់​ អៀងឡៃ ចំនួន​ ៣៤ ​លើក​ចុងក្រោយ​ឈ្នះ​ភាគច្រើន​ដោយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​តែ​ម្តង ចំណែក​ ម៉ន សាម៉េត មាន​ឈ្នះ មាន​ចាញ់​ក្នុង​ការប្រកួត​ចុងក្រោយ​របស់​គេ​»៕