វគ្គ​ជម្រុះ​ប្រដាល់​គុន​ខ្មែរ​របស់ KIC នៃ​ទូរទស្សន៍ OneTV បាន​ឈានដល់​សប្តាហ៍​ទី​ ៤ ​ក្នុង​ជុំ​ទី​ ២ ​ដែល​កីឡាករ មាស សារ៉ាក់ មកពី​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Neong Thavat ខណៈ យុគ យក្សផ្លែ មកពី​ក្លិប​បុរីរាជសីហ៍​ប៉ះ​ជាមួយ​កីឡាករ​ថៃ Khav Krachang ដើម្បី​បាន​ ៣ ​ពិន្ទុ​នា​ថ្ងៃអាទិត្យ​ទី ១៨ ខែ​សីហា ឆ្នាំ​ ២០១៩ នៅ​សង្វៀន Sky One មុខ​រដ្ឋសភា​។

កីឡាករ សារ៉ាក់ មាន​ ៣ ​ពិន្ទុ​រួចហើយ​ក្រោយពី​បាន​ឈ្នះ Krachang ក្នុង​ជុំ​ទី​ ១ ​ដោយ​ផ្តួល​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ៤ ​តាមរយៈ​ការប្រើ​ស្នៀត​វាយ​កែង​ចូល​គោលដៅ​ល្អ​បណ្តាល​ឲ្យ​ឈ្នះ​ថៃ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ចំណែក​យក្ស​ផ្លែ​កាលពី​ជុំ​ទី​ ១ ​បាន​ចាញ់​កីឡាករ​ថៃ Thavat ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​ដែល​ធ្វើឲ្យ​អ្នកទស្សនា​មួយ​ចំនួន​រិះគន់​ថា មិនគួរ​ចាញ់​។

ការប្រកួត​រវាង យក្សផ្លែ និង Krachang លើក​នេះ​ត្រូវបាន​គេ​ទស្សន៍ទាយ​មុន​ប្រកួត​ថា សុទ្ធតែ​លំបាក​យក​ឈ្នះ​ដៃគូ​ដូចគ្នា​ស្របពេល​កីឡាករ​ថៃ​ទាំង​ ២ ​សុទ្ធតែ​ល្អ​ជើង និង​ក្បាច់​ជង្គង់​។

លោក ធី ណារិទ្ធ គ្រូបង្វឹក​របស់​កីឡាករ សារ៉ាក បាន​និយាយ​ថា​៖ «​សារ៉ាក់ មាន​កណ្តាប់ដៃ​ល្អ ប៉ុន្តែ​កម្លាំង​ធានា​បាន​ល្អ​បំផុត​គឺ​ចំនួន​ ៣​ ​ទឹក​ដំបូង​ប៉ុណ្ណោះ​។ ក្នុង​អំឡុងពេល​ ៣ ​ទឹក​ដំបូង​នេះ ប្រសិន​បើ​កីឡាករ​ថៃ​អាច​ទប់ទល់​បាន​នោះ គឺ សារ៉ាក់ អាច​នឹង​ចាញ់​ផ្នែក​កម្លាំង​ចំនួន​ ២ ​ទឹក​ចុងក្រោយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា សារ៉ាក់ មាន​ឱកាស​ឈ្នះ​ ៦០ ​ភាគរយ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​»​។

លោក ថាញ់ វាឡែក គ្រូបង្វឹក​ថៃ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​ជំនឿ​ថា Thavat មាន​ឱកាស​ឈ្នះ​ ៨០ ​ភាគរយ​ពីព្រោះ​ស្នៀត​ទាត់ និង​ជង្គង់​ព្រម​ទាំង​កម្លាំង​គឺ​ត្រៀម​ល្អ​សម្រាប់​ទាំង​ ៥ ​ទឹក​តែ​ម្ដង​»​។

លោក វាឡែក បន្ថែម​ថា​ចំណុចខ្សោយ​របស់ Thavat គឺ​ការ​ភ្លាត់​ដោយ​ចៃដន្យ​អាច​នឹង​ចាញ់​កែង​ ឬ​កណ្តាប់ដៃ​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​អូសបន្លាយ​បាន​ចំនួន​ ៥ ​ទឹក​គឺ​ធានា​ឈ្នះ​តែម្តង​ពីព្រោះ​រូបគេ​វ៉ៃ​ក្បាច់​តាម​បច្ចេកទេស មិន​វ៉ៃ​សម្រុក​ដោយ​អាង​កម្លាំង​នោះ​ឡើយ​។

ចំណែក​យក្ស​ផ្លែ និង Krachang វិញ អ្នកតាមដាន​ស្គាល់​សមត្ថភាព​ភាគច្រើន​អះអាង​ថា Krachang មានប្រៀប​ឈ្នះ​ច្រើន​ជាង​ព្រោះ​ស្នៀត​ទាត់​ និង​ជង្គង់​របស់​កីឡាករ​ថៃ​រូបនេះ​ល្អ​ជាង​ដាច់​តែម្តង ប៉ុន្តែ​មិនអាច​មើលរំលង​ស្នៀត​កណ្តាប់ដៃ​របស់ យក្សផ្លែ បានឡើយ ព្រោះ​គេ​អាច​នឹង​ផ្តួល​ថៃ​ឲ្យ​សន្លប់​បាន​។

លោក ឡុង ស៊ីលីន គ្រូបង្វឹក​របស់​យក្ស​ផ្លែ​បាន​និយាយ​ថា​៖ «​យើង​ត្រៀម​បានល្អ​ ប៉ុន្តែ​ស្នៀត​ជង្គង់​របស់​កីឡាករ​ថៃ​នោះ​ល្អ​ណាស់ ហើយ​យើង​ក៍​មិន​ហ៊ាន​និយាយ​មុន​ប្រកួត​បានដែរ ពីព្រោះ​នៅ​លើ​សង្វៀន​មិនទាន់​អាច​កំណត់​ជ័យជម្នះ​មុន​បាន​ទេ​ ប៉ុន្តែ​ខ្ញុំ​ធានា​ថា យក្សផ្លែ វ៉ៃ​អស់​ពី​សមត្ថភាព តែ​រឿង​ចាញ់ឈ្នះ​មិន​ហ៊ាន​ធានា​នោះឡើយ​»​។

លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​ជំនឿ​ថា Krachang មាន​លទ្ធភាព​ឈ្នះ​ ៩០ ​ភាគរយ ហើយ​ការប្រកួត​ចាញ់ មាស សារ៉ាក់ លើក​មុន​ដោយ​ភ្លាត់ស្នៀត​ចូល​កែង​សន្លប់​នោះ​គឺ​នឹកស្មាន​មិន​ដល់​នោះឡើយ​ពីព្រោះ​គេ​ធ្វេសប្រហែស​បិទ​លើ​»៕