ភ្នំពេញៈ ​កីឡាករ​កម្ពុជា មាស សារ៉ាក់ ​បាន​យក​ឈ្នះ​ជើង​​ខ្លាំង​របស់​ថៃ Noeng Thavath ដោយ​ពិន្ទុ​ដាច់ ហើយ​ការ​ឈ្នះ​បាន ​៣ ​ពិន្ទុ​បន្ថែម​នេះ បាន​ជួយ​ឲ្យ សារ៉ាក់ កំពុង​មាន​ភាគរយ​ស្មើ​ជាមួយ​ជន​រួម​ជាតិ​ឈរ​ក្នុង​ពូល​ជាមួយ​គ្នា អេលីត ចំរើន និង ម៉ន សាម៉េត ក្នុង​ការ​ប្រជែង​យក​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​​ការ​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់​ ​KIC ​នៅ​សង្វៀន​ Sky One ​មុខ​រដ្ឋសភា​ជាតិ​។

សម្រាប់​ការ​ប្រកួត​ជម្រុះ​វិលជុំ​លើក​ទី​២ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ​មាស ​សារ៉ាក់ ​បាន​យក​ឈ្នះ​ជើង​ខ្លាំង​ ​Noeng Thavath ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៥ ​ទល់ ​០​។ ​ក្នុង​ការ​​ប្រកួត ​៥ ​ទឹក​ពេញ​នេះ​ ​Noeng Thavath ​​មាន​ប្រៀប​លើ​ ​មាស​ សារ៉ាក់ ​តែ​ក្នុង​ទឹក​ទី​១ ​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​ប្រកួត ​៤ ​ទឹក​ចុង​ក្រោយ ​មាស ​សារ៉ាក់ បាន​​ឈ្នះ​ដាច់​គ្រប់​ក្បាច់​ និង​​កម្លាំង​។ ​ទោះ​ជាយ៉ាង​ណា​សម្រាប់​កីឡាករ​ថៃ​ក្នុង​ចំណោម​ ​៤ ​នាក់ ​គឺ​មាន​តែ​ ​Noeng ​Thavath ​និង​ ​Khav Krachang ​ឈ្នះ​លើ​កីឡាករ ​យុគ យក្ស​ផ្លែ​ ដូច​គ្នា ​ដែល​ធ្វើ​ឲ្យ ​២ ​ប្រកួត​របស់​ពួក​គេ ​ចាញ់ ​១ ឈ្នះ ​១ ​មាន ​៤ ​ពិន្ទុ​ ក្នុង​ពូល ​B ​ខាង​កីឡាករ​ថៃ​។​

យ៉ាងណា​មិញ ការ​ឈ្នះ​បាន ​៣ ពិន្ទុ​លើក​នេះ បាន​ជួយ​ឲ្យ មាស សារ៉ាក់ មាន ​៦ ពិន្ទុ ​ស្មើ​ជាមួយ​ ​អេលីត​ ចំរើន ​និង ​ម៉ន ​សាម៉េត ដែល​បាន​​ឈ្នះ​ដៃ​គូ​ឲ្យ​សន្លប់ ​១ ​លើក ​និង​ឈ្នះ​ពិន្ទុ ​១ ​លើក​ដូច​គ្នា​។ ​ប៉ុន្តែ​កីឡាករ ​យុគ ​យក្ស​ផ្លែ​ ដែល​​បរាជ័យ​ទាំង ​២ លើក ​មាន ​២ ​ពិន្ទុ​នោះ ​គឺ​អស់​ឱកាស​ប្រកួត​ប្រជែង​យក​កៅអី​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ ​ព្រោះ​​តាម​រូបមន្ត គេ​កំណត់​យក​តែ​អ្នក​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ២ ​រូប ក្នុង​ពូល​នីមួយៗ​ប៉ុណ្ណោះ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត។

ការ​មាន​ពិន្ទុ​ស្មើ​គ្នា​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រជែង​គ្នា​ កាន់​តែ​ខ្លាំង​រវាង​កីឡាករ​កម្ពុជា​ទាំង ​៣ ​នេះ ដើម្បី​រក​អ្នក​មាន​ប្រៀប​ចំនួន ​២ ​នាក់ ​ប្រចាំ​ពូល ​A នេះ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។ ហេតុ​នេះ​ការ​ប្រកួត​ជាមួយ​ថៃ ​២ ​លើក​ចុង​ក្រោយ​ដូច​គ្នា គឺ​ជា​ពេល​ដែល មាស សារ៉ាក់, អេលីត ចំរើន និង ម៉ន សាម៉េត ​ត្រូវ​ខំ​ប្រឹង​យក​ឈ្នះ​ដើម្បី​ជម្រះ​ភាព​មន្ទិល​នេះ​ហើយ។

តាម​ការ​វាយ​តម្លៃ​ជា​ទូទៅ​ពី​មជ្ឈដ្ឋាន​ជា​ច្រើន​ តាំង​ពី​មុន​ពេល​ប្រកួត​ គឺ​ក្នុង​ចំណោម​កីឡាករ​ទាំង ​៣ ​នាក់​នេះ ​​ម៉ន ​សាម៉េត​ ជា​កីឡាករ​ចាស់​វស្សា​ជាង​គេ ​មាន​ប្រជាប្រិយភាព​ល្អ និង​​មាន​ទំនុក​ចិត្ត​ច្រើន​ជាង​គេ ​ប៉ុន្តែ​បន្ទាប់​ពី​ការ​ប្រកួត​រួច​មក​លទ្ធផល​ក្បាច់​គុន​របស់​ ​មាស​ សារ៉ាន់​និង ​អេលីត ​ចំរើន ​ដែល​ខ្ចី​វស្សា​ជាង​នោះ​ មាន​សមត្ថភាព​បច្ចេកទេស ​និង​កម្លាំង​ទំនង​ជា​មាន​ប្រៀប​ជាង​ ម៉ន ​សាម៉េត ​ទៅ​វិញ​។​

លោក​ ភួង ​ពុទ្ធិ​ នាយក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៃ​ទូរទស្សន៍​ ONE TV ​​បាន​ឲ្យ​ដឹង​ថា​៖ ​«កីឡាករ​កម្ពុជា​ទាំង ​៣ ​នាក់​នេះ​ នៅ​សល់ ​២ ​ប្រកួត​ម្នាក់​ទៀត ​ទើប​យើង​ឃើញ​លទ្ធផល​ច្បាស់​ថា​​ កីឡាករ ​២ រូប​ណា​បាន​ឡើង​ទៅ​វគ្គ​បន្ត តំណាង​ឲ្យ​ពូល ​A ​របស់​​កម្ពុជា​​»។

លោក​​បាន​វាយ​តម្លៃ​ថា៖ ​«តាម​ការ​វិភាគ​ ម៉ន សាម៉េត និង អេលីត ចំរើន មាន​ឧបសគ្គ​​ធំ​ដូច​គ្នា ព្រោះ​ ២ ​ប្រកួត​ចុង​ក្រោយ​ ពួក​គេ​ត្រូវ​ជួប Khav​krachang ​និង ​Noeng ​Thavath ដូច​គ្នា ​ប៉ុន្តែ ​មាស ​សារ៉ាក់ បាន​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ​ទាំង​ ២ នេះ​ហើយ ឯ​ថៃ​ ២ នាក់​ទៀត ដែល​គេ​ត្រូវ​ជួប​បន្ត មិន​ជា​ឧបសគ្គ​ឡើយ ហេតុនេះ សារ៉ាក់ អាច​នឹង​មាន​ឱកាស​ច្រើន​ជាង​គេ»៕