ភ្នំពេញៈ អ្នក​ប្រដាល់​ជំនាញ​កែង​មុត និង​ជង្គង់​ស្រួច សុខ សាវិន បាន​ផ្តួល​កីឡាករ​ចំណូល​ថ្មី Supper Pek សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​មិន​បាន​ត្រៀមខ្លួន​ជាមុន​កាលពី​ថ្ងៃ​អាទិត្យ​ព្រោះ សាវិន ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការប្រកួត​ឲ្យ​ឡើង​ប្រកួត​ជំនួស ម៉ឺន មេឃា ដែល​ស្រាប់តែ​បាត់​មុខ ដោយ​គ្មាន​ប្រភព​ណា​បញ្ជាក់​ពី​មូលហេតុ​នោះ​។ ចំណែក​ជើង​ខ្លាំង​វ័យ​ក្មេង​ជំនាន់​ក្រោយ កូយ ឡាយ ក៏​បាន​ផ្តួល​ថៃ​អ្នក​ចំណូល​ថ្មី Cheng Sek ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ៣ ផង​ដែរ​។

មុន​ពេល​ប្រកួត​នៅ​លើ​សង្វៀន SEATV កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ​លោក​សន អេលីត ជា​គ្រូបង្វឹក​ក៏​ដូចជា សុខ សាវិន មាន​ការព្រួយបារម្ភ​ខ្លាំង​ពី​ការប្រកួត​នេះ​ដោយសារ សាវិន មិន​បាន​ហ្វឹកហាត់ និង​ត្រៀម​ខ្លួន​ជា​មុន​នោះ​ទេ ប៉ុន្តែ​នៅពេល​ប្រកួត​ជាក់ស្តែង សាវិន ទទួល​បាន​លទ្ធផល​ល្អ​គួរ​ឲ្យ​ពេញចិត្ត​បំផុត​ដោយ​បាន​ផ្តួល Supper Pek ដែល​ជា​បងប្រុស​របស់​ជើង​ខ្លាំង​ថៃ Supper Man ឲ្យ​សន្លប់​ធំ​ត្រឹម​ទឹក​ទី​ ២ ​ប៉ុណ្ណោះ​។

នៅក្នុង​ការប្រកួត​នោះ សាវិន បាន​ជួប​ឧបសគ្គ​ធំ​ដោយ​ស្នៀត​ជង្គង់​របស់​កីឡាករ​ថៃ​បោះ​ចេញ​ល្អ​លំបាក​ចូល​កៀក ហើយ​កណ្តាប់ដៃ និង​ស្នៀត​កែង​របស់ សុខ សាវិន ក៏​វាយ​មិន​ចំ​គោលដៅ​បាន​ល្អ​ដែរ គឺ​ចាញ់​ប្រៀប​កីឡាករ​ថៃ ទាំង​កម្លាំង និង​បច្ចេកទេស ប៉ុន្តែ​ចាប់ពី​ពាក់កណ្តាល​ទឹក​ទី​ ២ ​ទៅ សាវិន បាន​ប្តូរ​យុទ្ធសាស្ត្រ​ចូល​វាយ​កែង និង​ក្បាច់​ជង្គង់​បាន​ល្អ ហើយ​ស្នៀត​ទាត់​ចូល​កណ្តៀតក្អម​ធ្ងន់ៗ​របស់​គេ​ធ្វើឲ្យ Supper Pek ដួល​ងើប​លែងរួច​ទោះ​អាជ្ញាកណ្តាល ណន រិទ្ធិ បាន​រាប់​គ្រប់​ ១០ ​ក៏ដោយ​។

ជ័យជម្នះ​របស់ សាវិន លើក​នេះ​ត្រូវ​បាន​អ្នកទស្សនា​មួយ​ចំនួន​ធំ​ហៅថា ជា​ការហេង ឬ​សំណាង​បំផុត​ដែល​ទាត់​ ១ ​ជើង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត ព្រោះ​បើ​ការប្រកួត​អូសបន្លាយ​តទៅ​ទៀត​គឺ​មិន​អាច​មាន​លទ្ធភាព​ឈ្នះ​ថៃ​បាន​ទេ​។ គ្រូ​ប្រដាល់​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រិះគន់​ថា​៖ «​នេះ​គេ​ហៅថា​ឈ្នះ​ដោយ​ហេង​បំផុត ហើយ​បញ្ហា​ផ្លាស់ប្តូរ​គូប្រកួត​ជា​ទម្លាប់​មួយ​អាក្រក់​ដែល​មន្ត្រី​បច្ចេកទេស​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ មើល​មិនទាន់​ឃើញ​មិនទាន់​មាន​កំណែទម្រង់​»​។

ប្រភព​ដដែល​បាន​បន្ថែម​ថា​៖ «​ខ្សែ​ អេ ភូថង ឬ កូន អេ ភូថង នេះ​កន្លង​មក​ធ្វើ​ឲ្យ​សហព័ន្ធ​បាក់មុខ​មាត់​មិន​ស្ទើរ​ទេ ពិសេស​ការផ្គូផ្គង​សុទ្ធ​តែ​មាន​ខ្សែ ឬ​មាន​ប្រៀប​លើ​គេ​បាន​ព្រម ប៉ុន្តែ អេ ភូថង ទោះជា​ធ្វើ​អ្វីៗ​ក៏​មិន​ងាយ​នឹង​ខុស​ដែរ ហើយ​កីឡាករ ម៉ឺន មេឃា អវត្តមាន​ក៏​ស្ងាត់ឈឹង​ដែរ​»​។

ចំណែក កូយ ឡាយ បាន​ផ្តួល​អ្នក​ចំណូល​ថ្មី​ថៃ Cheng Sek ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ៣ ​ដោយ​ស្នៀត​ទាត់ និង​បន្ថែម​ដោយ​កែង​បុក​កាណូត​ឲ្យ​សន្លប់​ធំ​តែម្តង​៕