អ្នកប្រដាល់ចិត្តធំ ល្អកែង និងជង្គង់ស្រួច សុខ សាវិន មកពីក្លិបឆ្មាសសែនសុខគុនខ្មែរ បានបន្តឈ្នះកីឡាករថៃ Khan Thep ដោយផ្តួលឲ្យសន្លប់ក្នុងទឹកទី ៣ ក្នុងព្រឹត្តិការណ៍ប្រកួតវគ្គជម្រុះដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី ៩ នៅសង្វៀនអាស៊ីអាគ្នេយ៍ពីល្ងាចថ្ងៃសៅរ៍ ខណៈ វៀត ប៊ុនឌឿន មកពីសមាគមប្រដាល់ក្រសួងការពារជាតិបានចាញ់កីឡាករថៃ Phut phat Noy ក្នុងទឹកទី ៣។
ជ័យជម្នះរបស់ សុខ សាវិន នេះបានធ្វើឲ្យគាត់មាន ៦ ពិន្ទុនាំមុខជាបណ្តោះអាសន្នទៅលើកីឡាករកម្ពុជាចំនួន ៣ នាក់ទៀតគឺ សូត្រ ប៊ុនធី កីឡាករ ចាន់ សំអាត និងកីឡាករ វៀត ប៊ុនឌឿន នៅក្នុងពូល A ខណៈគម្រោងនៃការប្រកួតក្នុងវគ្គជម្រុះនេះនៅសល់ចំនួន ២ ប្រកួតទៀតជាមួយកីឡាករថៃ។
កីឡាករ សុខ សាវិន ហាក់ដូចមិនទាន់មានសំណាងនៅឡើយទេនៅក្នុងអាជីពប្រដាល់របស់គេកន្លងមកជិត ១០ ឆ្នាំមកនេះព្រោះរាល់ពេលប្រកួតខ្សែក្រវាត់ គឺគាត់មិនដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រម្តងណាឡើយ។
លោក ស៊ន អេលីត គ្រូបង្វឹកនិយាយថាការដណ្តើមខ្សែក្រវាត់លើកនេះសង្ឃឹមខ្ពស់ក្នុងការឡើងចូលទៅដល់វគ្គខ្វែងពាក់កណ្តាលផ្តាច់ព្រ័ត្រ និងហ៊ានធានាអះអាងថានឹងបានឈានដល់វគ្គផ្តាច់ព្រ័ត្រមិនខានពីព្រោះបានហ្វឹកហាត់ និងរក្សាសុខភាពត្រៀមប្រកួតបានល្អ។
សុខ សាវិន បាននិយាយក្រោយពីប្រកួតថា៖ «ខ្ញុំខិតខំហ្វឹកហាត់វ៉ៃយកខ្សែក្រវាត់រដូវកាលទី ៩ នេះឲ្យបានព្រោះក្នុងចំណោមជើងខ្លាំងទម្ងន់ ៦០ គីឡូក្រាមជំនាន់ខ្ញុំ គេឈ្នះខ្សែក្រវាត់ និងពានច្រើនគ្នាណាស់តែខ្ញុំមិនទាន់បាន។ ក្នុងព្រឹត្តិការណ៍ប្រកួតលើកនេះ ខ្ញុំបានកំណត់គោលដៅច្បាស់លាស់ថែរក្សាសុខភាព និងហ្វឹកហាត់ឲ្យបានល្អ និងសង្ឃឹមជឿជាក់ថា យ៉ាងហោចណាស់ក៏ឈ្នះត្រឹមលេខ ២ ដែរ ប៉ុន្តែបំណងធំរបស់ខ្ញុំគឺម្ចាស់ខ្សែក្រវាត់តែម្តង»។
ជ័យជម្នះរបស់ សុខ សាវិន ត្រូវគេមើលឃើញថាវ៉ៃកាច និងអស់ពីសមត្ថភាពគ្មានបន្ធូរដៃសោះឡើយដែលជាការប្រកួតជក់ចិត្តបំផុត។
ចំណែកកីឡាករ វៀត ប៊ុនឌឿន ដែលកាលពីជុំទី ១ ឈ្នះបាន ៣ ពិន្ទុហើយនោះត្រូវបានបរាជ័យយ៉ាងធ្ងន់ធ្ងរដោយស្នៀតជង្គង់របស់កីឡាករថៃ Phutphat Noy ក្នុងទឹកទី ៣ មិនអាចងើបតដៃទៀតបាន។
នៅមុនពេលចុះចាញ់នោះ ប៊ុនឌឿន ប្រកួតបានល្អមានពិន្ទុនាំមុខកីឡាករថៃដាច់ ព្រមទាំងវ៉ៃឲ្យអាជ្ញាកណ្តាលលោក ណន រិទ្ធ រាប់កីឡាករថៃចំនួន ២ លើក ប៉ុន្តែនៅចុងទឹកទី ៣ កីឡាករថៃបានប្តូរយុទ្ធសាស្ត្រមកប្រើក្បាច់ចូលឱបឡើងជង្គង់បានល្អ វាយចូលគោលដៅ និងបន្ថែមមួយជង្គង់ចូលពោះទឹកធ្វើឲ្យ ប៊ុនឌឿន សុំចុះចាញ់តែម្តង។
ជុំវិញគូជក់ចិត្តបំផុតសម្រាប់ប្រដាល់គុនខ្មែរកាលពីព្រឹកថ្ងៃអាទិត្យវិញ បឺត សង្ឃឹម មិនអាចសងសឹកជើងខ្លាំងជំនាន់ថ្មី ធន់ អៀងឡៃ បានទេដោយចុះចាញ់ក្នុងទឹកទី ២។
ការប្រកួតទឹកទី ១ មានលក្ខណៈប្រហាក់ប្រហែលគ្នា ប៉ុន្តែចូលដល់ទឹកទី ២ ធន់ អៀងឡៃ មានប្រៀបជាងដាច់តែម្ដង។
បន្ថែមពីលើនេះនៅពេលដែលអាជ្ញាកណ្តាលឃាត់ហើយនោះ ធន អៀងឡៃ បានវាយវាយ ១ ដៃយ៉ាងធ្ងន់ទៅលើ បឺត សង្ឃឹម ធ្វើឲ្យដួលដេកស្អាត ហើយអាជ្ញាកណ្តាលបានរាប់ដល់ ៨ ទើបងើបមកយ៉ាងដុនដាប។
អាជ្ញាកណ្តាលលោក ណន រិទ្ធ មិនព្រមានកីឡាករ អៀងឡៃ ទេដោយឲ្យប្រកួតបន្តទៀតហើយភ្លាមនោះ អៀងឡៃ បានថែម ១ កែងទៀតធ្វើឲ្យ បឺត សង្ឃឹម ដួលងើបលែងរួចតែម្ដង។
បឺត សង្ឃឹម បាននិយាយក្រោយពីប្រកួតនេះថា៖ «បរាជ័យក្រោមដៃ ធន អៀងឡៃ ចំនួន ២ លើកហើយធ្វើឲ្យខ្ញុំទទួលស្គាល់ថាគេពិតជាខ្លាំងអស្ចារ្យកែងមុតមិនអាចសងសឹកបានទេគឺគាត់ខ្លាំងមែន»។
សម្រាប់គូមិត្តភាពអន្តរជាតិ វង្ស វិឆ័យ បានឈ្នះកីឡាករមកពីអូស្ត្រាលីដោយពិន្ទុដាច់ ខណៈ ពុយ វណ្ណៈ ផ្តួលកីឡាករថៃ Phutphat Noy ក្នុងទឹកទី ៣៕