ភ្នំពេញៈ ប្រដាល់គុនខ្មែរព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦០ គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃសៅរ៍ទី ២៥ ខែឧសភា ឆ្នាំ ២០១៩ នេះដល់ជុំទី ២ វគ្គជម្រុះជាមួយកីឡាករថៃគឺដល់វេនអ្នកប្រដាល់កម្ពុជា វៀត ប៊ុនឌឿន មកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង សុខ សាវិន មកពីក្លិបឆ្មា ស សែនសុខ ប៉ះជាមួយថៃដើម្បីដណ្តើម ៣ ពិន្ទុបន្ថែមទៀត ខណៈជុំទី ១ ពួកគេទាំង ២ បានឈ្នះបាន ៣ ពិន្ទុក្នុងដៃរួចហើយ។
នៅសប្តាហ៍នេះកីឡាករ សុខ សាវិន ត្រូវជួបជាមួយអ្នកប្រដាល់ថៃ ខាន់ ទេព (Khan Thep) ដែលកាលពីប្រកួតលើកទី ១ កីឡាករថៃរូបនេះចាញ់ពិន្ទុកីឡាករ ប៊ុនឌឿន ខណៈកីឡាករ សុខ សាវិន បានយកឈ្នះអ្នកប្រដាល់ថៃ ភុត ភេតណយ (PhutPhatnoy) នៅទឹកទី ២។
កីឡាករ សុខ សាវិន ទោះបីល្អជង្គង់ និងកែងល្អ និងសមត្ថភាពខ្លាំងក៏ដោយប៉ុន្តែកន្លងមកមិនធ្លាប់ឈ្នះបានខ្សែក្រវាត់ម្តងណាទេដោយអ្នកខ្លះបានហៅ សាវិន ថាមិនទាន់មានសំណាង ខណៈកីឡាកររូបនេះមានប្រវត្តិប្រកួតបានចំនួន ១០៥ ដងឈ្នះ ៧២ ដងចាញ់ ២៧ ដង និងស្មើពិន្ទុ ៦ ដង ចំណែកដៃគូក្នុងសប្តាហ៍នេះគឺអ្នកប្រដាល់ថៃ ខាន់ ទេព មានប្រវត្តិប្រកួតចំនួន ៦៥ ដង ឈ្នះ ៥៤ ដង ចាញ់ ១១ ដង។
លោក ស៊ន អេលីត ជាគ្រូបង្វឹកនិយាយថា៖ «តាមរយៈការខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាព សុខ សាវិនមានទំនុកចិត្តខ្ពស់ណាស់ក្នុងការយកឈ្នះថៃនៅជុំទី ២ នេះ ហើយខ្ញុំសង្ឃឹមជឿជាក់ថា សុខ សាវិន អាចនឹងផ្តួល ខាន់ ទេព មិនឲ្យឈានចូលដល់ទឹកទី ៥ នោះឡើយពីព្រោះក្បាច់ជង្គង់ និងកែងព្រមទាំងទឹកចិត្តប្រកួតគឺមុតស្រួចខ្លាំងដែលអាចផ្តួលបាន»។
លោក យ៉ត ដែលជាអ្នកឲ្យទឹកកីឡាករថៃបាននិយាយថា៖ «Khan Thep មានបញ្ហាចាញ់ប្រៀបផ្នែកកែងប៉ុណ្ណោះ ប៉ុន្តែបើការប្រកួតឈានចូល ឬអូសបន្លាយដល់ចំនួន ៥ ទឹកពេញមិនបែកនោះ KhanThep ក៍សង្ឃឹមឈ្នះខ្ពស់ផងដែរ»។
ចំណែកកីឡាករ ប៊ុនឌឿន វិញគឺត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ ភុត ភេតណយ (Phut Phatnoy) ដែលមានមានប្រវត្តិប្រកួតបានចំនួន ៦៨ ដង ឈ្នះ ៥៩ ដង ចាញ់ ៨ ដង និងស្មើពិន្ទុ ១ ដង ខណៈកីឡាករ ប៊ុនឌឿន ធ្លាប់ឈ្នះ ភេតណយ នេះម្តងជាមួយប្រវត្តិប្រកួតចំនួន ៨០ ដងឈ្នះ ៦៤ ដងក្នុងនោះចាញ់ ១៤ ដង និងស្មើពិន្ទុ ២ ដង។
ក្នុងការប្រកួតលើកទី ២ នេះកីឡាករ វៀត ប៊ុនឌឿន និយាយថាសង្ឃឹមឈ្នះដើម្បីទទួលបាន ៣ ពិន្ទុបន្ថែមទៀតមិនខាន ហើយតាមការអះអាងរបស់អ្នកប្រដាល់កម្ពុជាទាំង ២ រូបនេះគឺពួកគាត់សុទ្ធតែមានទំនុកចិត្តខ្ពស់ក្នុងការតាំងចិត្តយកឈ្នះថៃដូចគ្នា ខណៈសមត្ថភាពកីឡាករថៃទាំង ២ នាក់នេះត្រូវបានគេមើលឃើញថាមានភាគរយតិចក្នុងការយកឈ្នះលើកីឡាករកម្ពុជា។
នៅក្នុងរូបមន្តប្រកួតវគ្គជម្រុះដែលមានកីឡាករកម្ពុជាចំនួន ៤ នាក់ និងថៃចំនួន ៤ នាក់នោះម្នាក់ៗត្រូវឆ្លងកាត់ ៤ ប្រកួតដើម្បីសន្សំពិន្ទុ ហើយបន្ទាប់មកបូកសរុបពិន្ទុជ្រើសយកអ្នកមានពិន្ទុខ្ពស់ជាងគេចំនួន ២ នាក់ក្នុង ១ ពូលទៅប្រកួតក្នុងវគ្គខ្វែងគឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីជ្រើសយកអ្នកឈ្នះចំនួន ២ នាក់បន្តទៅវគ្គផ្តាច់ព្រ័ត្រតែម្តងដោយមិនគិតថា ជាកីឡាករខ្មែរ ឬថៃនោះទេដើម្បីដណ្តើមយកខ្សែក្រវាត់៕