ក្រុង​គូ​ឡា​ឡាំ​ពួ: អ្នក​ប្រ​យុទ្ធ​គុន​ចម្រុះ (MMA) របស់​កម្ពុជា​ដើម​កំ​ណើត​អា​មេ​រិក ឯម សុ​វណ្ណា​រី និង​កី​ឡា​ករ​គុន​ខ្មែរ និង​ចម្រុះ​​ចាន់ រត​នា សុទ្ធ​សឹង​បាន​បញ្ជាក់​ដូច​គ្នា​​ថា ពួក​គេ​នឹង​ផ្តោត​លើ​ការ​ប្រើ​ប្រាស់​​ស្នៀត​ដ៏​ខ្លាំង​របស់​ខ្លួន ដើ​ម្បី​យក​ឈ្នះ​លើ​គូ​ប្រ​កួត​​រៀង​ៗ​ខ្លួន ក្នុង​ព្រឹត្តិ​ការណ៍ ONE: Destiny of Champions នៅ​​យប់​ថ្ងៃ​សុក្រ​នេះ​។

នៅ​មុន​ពេល​ការ​ប្រ​កួត​ជា​មួយ​នឹងកីឡា​កា​រិ​នី​អ៊ុយ​ក្រែន IrynaKyselova នៅ​ឯ​សង្វៀន Axiata Arena ក្នុង​ទម្ងន់​ ៦១,២ ​​គីឡូ​ក្រាម នៅ​ទី​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រ​ទេស​ ម៉ា​ឡេ​ស៊ី​ សុវណ្ណា​រី បាន​បញ្ជាក់​ថា នាង​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ក្នុង​ការ​ប្រើ​ប្រាស់​ស្នៀត​ខ្លាំង​របស់​ខ្លួន​ដើ​ម្បី​យក​ឈ្នះ​លើ​ដៃ​គូ​។

កី​ឡា​កា​រិ​នី​កូន​ខ្មែរ​​ដើម​កំ​ណើត​អា​មេ​រិក​រូប​នេះ​បាន​ប្រាប់​ថា៖ «ខ្ញុំ​​ត្រៀម​រួច​រាល់​អស់​ហើយ​សម្រាប់​ការ​ប្រ​កួត​នេះ​។ ខ្ញុំ​នឹង​ប្រើ​ស្នៀត​វាយ​កណ្តាប់​ដៃ និង​ទាត់ ដែល​ជា​ចំ​ណុច​ខ្លាំង​របស់​​ខ្ញុំ​ក្នុង​ការ​យក​​ប្រៀប​ទៅ​លើ​ដៃ​គូ​របស់​ខ្ញុំ​»​។

ប៉ុ​ន្តែ សុវណ្ណា​រី ក៏​មិន​ផ្តោត​តែ​លើ​ការ​ប្រើ​ប្រាស់​ស្នៀត​ប្រ​ដា​ល់​គុន​ខ្មែរ​របស់​នាង​តែ​មួយ​មុខ​នោះ​ឡើយ ខណៈ​ដែល​នាង​ក៏​មាន​ជំ​នាញ​ផ្នែក​ចំ​បាប់ យូ​ដូ និង​ក្បាច់​ក្លេ Brazilian Jiu Jitsu ដើ​ម្បី​ទប់​ទល់​នឹង​គូ​ប្រ​កួត​របស់​ខ្លួន​ផង​ដែរ​។

Kyselova ជា​កីឡា​កា​រិ​នី​ដែល​មាន​បទ​ពិ​សោធ​ច្រើន​ជាង សុវណ្ណា​រី ខណៈ​ដែល​កីឡា​ការិ​នី​ជំ​នាញ​ស្នៀត​ក្លេ​របស់​អ៊ុយ​ក្រែន​រូប​នេះ ធ្លាប់​ឡើង​ប្រ​កួត​ MMA អា​ជីព​​ដល់​ទៅ​​​ ១៣ លើក ឈ្នះ​ ១០ ​លើក និង​ចាញ់​ ៣ លើក​។

កីឡាការិនីអ៊ុយក្រែន Iryna Kyselova នឹងត្រូវប្រកួតជាមួយនឹងកីឡាការិនីខ្មែរដើមកំណើតអាមេរិក ឯម សុវណ្ណារី។ រូបថត សហារី

សុ​វណ្ណា​រី ដែល​ធ្លាប់​ប្រ​កួត​ MMA ២ លើក និង​ឈ្នះ​ទាំង​ ២ លើក​នោះ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ពិត​ជា​​​គោ​រព​ដៃ​គូ​របស់​ខ្ញុំ​។ នាង​ជា​​អ្នក​ប្រ​យុទ្ធ​ដែល​មាន​បទ​ពិ​សោធ​ច្រើន ហើយ​ខ្ញុំ​មាន​គម្រោង​ធ្វើ​ការ​ប្រ​កួត​នេះ​ឲ្យ​បាន​ ៣ ​ទឹក​ពេញ ប៉ុ​ន្តែ បើ​ខ្ញុំ​អាច​មាន​ឱ​កាស​ល្អ ខ្ញុំ​នឹង​បញ្ចប់​ការ​ប្រ​កួត​នេះ​ឲ្យ​បាន​​ឆាប់​»​។

នេះ​គឺ​ជា​ការ​ប្រ​កួត MMA ក្រោម​ការ​រៀប​ចំ​របស់ ONE Championship (ONE) របស់​វុណ្ណា​រី ប៉ុន្តែ Kyselova នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​ ២ ​របស់​នាង ក្រោយ​ពី​ចាញ់​ ១ ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំ​បូង​របស់​នាង​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​នេះ​។

​អ្នក​ប្រ​យុទ្ធ​កម្ពុជា​ម្នាក់​ទៀត​ដែល​ប្រ​កួត​ក្នុង​កម្ម​វិ​ធី​​រំ​ភើប​រដូវ​គ្នា​នេះ ចាន់ រត​នា ហាក់​មាន​ការ​ជឿ​ជាក់​ខ្ពស់ នៅ​មុន​ពេល​ប៉ះ​​ជា​មួយ​នឹង​កី​ឡា​ករ​ឥណ្ឌូ​នេ​ស៊ី AbroFernandes ក្នុង​ទម្ងន់​ ៦១,២ ​គីឡូ​ក្រាម ខណៈ​ភាព​ខ្លាំង​របស់​ខ្លួន​ផ្នែក​ប្រ​កួត​ជំ​ហរ​គួ​រ​តែ​គ្រប់​គ្រាន់​ក្នុង​ការ​​ផ្តួល​ដៃ​គូ​របស់​ខ្លួន​។

កីឡាករ ចាន់ រតនា នឹងត្រូវប្រកួតជាមួយនឹងកីឡាករឥណ្ឌូនេស៊ី Abro Fernandes នៅថ្ងៃសុក្រនេះ។ រូបថត សហការី

កី​ឡា​ករ​វ័យ​ ៣២ ​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា៖ «ខ្ញុំ​មាន​ការ​ជឿ​ជាក់​ខ្ពស់​ក្នុង​ការ​ប្រ​កួត​នេះ​។ ខ្ញុំ​ជឿ​ជាក់​ថា ចំ​ណុច​ខ្លាំង​របស់​ខ្ញុំ​ក្នុង​ការ​ប្រ​កួត​ដោយ​ជំ​ហ​គួរ​តែ​អាច​យក​ឈ្នះ​លើ​ដៃ​គូ​របស់​ខ្ញុំ​បាន​»​។ ជា​មួយ​គ្នា​នេះ រត​នា ក៏​បាន​ខិត​ខំ​ព្យា​យាម​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​ទៅ​លើ​ស្នៀត​ក្លេ និង Brazilian Jiu Jitsu ជា​មួយ​នឹង​លោក​គ្រូ​បង្វឹក Lorenzo Lanzafame ផង​ដែរ​។

ប៉ុន្តែ កី​ឡា​ករ​របស់​ក្លិប​សិល្បៈ​​រូប​នេះ​បាន​បញ្ជាក់​ថា រូប​គេ​នឹង​មិន​ធ្វើ​ការ​វាយ​សម្រុក​​ភ្លាម​ៗ​ឡើយ ដោយ​ត្រូវ​ស្ទាប​ស្ទង់​លើ​កម្លាំង និង​ស្នៀត​ប្រ​យុទ្ធ​របស់​ដៃ​គូ​ជា​មុន​សិន មុន​នឹង​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​ប្រ​កួត​របស់​ខ្លួន ដើ​ម្បី​យក​ឈ្នះ​លើ​ដៃ​គូ​។ Fernandes ដែល​ជា​គូ​ប្រ​កួត​រត​នា គឺ​ជា​កី​ឡា​ករ​ជើង​ថ្មី​ម្នាក់​ក្នុង MMA ខណៈ​ដែល​រូប​គេ​ឈ្នះ​ ១ ​លើក​ពី​ការ​​ប្រ​កួត​ ១ លើក​របស់​ខ្លួន និង​មិន​ធ្លាប់​ប្រ​កួត​ក្នុង​កម្ម​វិ​ធី​របស់ ONE ឡើយ​។

ដោយ​ឡែក រត​នា ធ្លាប់​ប្រ​កួត​​គុន​ខ្មែរ​ច្រើន​ជាង​ ១០០ ​ដង និង​​ប្រ​កួត​វាយ​ដាក់​ទ្រុង​ឲ្យ ONE ចំ​នួន​ ៦ ​លើក ដោយ​ឈ្នះ​​ ៣ លើក និង​ចាញ់​ ៣ លើក​៕