ភ្នំពេញៈ សេះ​ពូជ​ដើម​នាំចូល​មកពី​អាមេរិក Black Woman បាន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រណាំង​សេះ Smart Land and Home Champion រដូវកាល​ទី ៣ ឆ្នាំ ២០១៨ របស់ 7NG ប្រចាំ​ខែ​សីហា​នេះ បាន​ដំណើរ​ទៅ កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ខណៈ​សេះ​ចំណូល​ថ្មី​មួយ​នេះ បានរ​ត់វ៉ា​ដាច់​សេះ​ខ្លាំងៗ​ឈរ​នៅ​ពូល A ជាមួយ​គ្នា ដើម្បី​ឈ្នះ​តំណែង​ជើង​ឯក ជា​លើក​ដំបូង​នោះ។

លោក អឿន សុផល គណៈកម្ម​ការ​បច្ចេកទេស​កា​រ​ប្រណាំងសេះ Smart Land and Home Champions និង​ជា​ម្ចាស់​សេះ Black Woman នេះ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «សេះ​នេះ ខ្ញុំ​បាន​ទិញ​ពី 7NG ហើយ​ទាំង​សេះ និង​អ្នក​បញ្ជា សុទ្ធ​តែ​មាន​បទពិសោធ​តិច ដោយ​ទើប​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ កាល​ពី​ខែ​មុន។ ចំណែក​ការ​ប្រកួត​ខែ​នេះ​ទាំង​សេះ និង​អ្នក​បញ្ជា​ចាប់​ផ្តើម​ស្គាល់​ចិត្ត​គ្នា និង​សម​ទៅ​នឹង​ទីលាន នាំ​ឲ្យ​ទទួល​បាន​លេខ ១ តែ​ម្តង»។

បើទោះបីជា Black Woman បាន​ត្រឹម​លេខ ៤ ក្នុង​ពូ​ល​មាន​សេះ​លំដាប់​អន្តរជាតិ​នេះ សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៃ​ព្រឹត្តិការណ៍​ប្រណាំង​សេះ Smart Land and Home Champion នៅ​លើ​ទឹកដី​វិហារ​សួគ៌ កាល​ពី​ខែ​កក្កដា ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ប្រចាំ​ខែ​សីហា​នេះ ដែល​ត្រូវ​បាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ Black Woman ដែល​បញ្ជា​ដោយ​កីឡាករ មឿន មុំ បាន​រត់​វ៉ា​ដាច់​ទាំង​សេះ​លេខ ១ ប្រចាំ​ខែ​កក្កដា Belly រួម​ទាំង​សេះ​លេខ ២ Kenzo និង​សេះ​លេខ ៣ Carino ដើម្បី​ទទួល​បាន​លេខ ១ ជា​លើក​ដំបូង ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត។

លោក អឿន សុផល បាន​បន្ថែមថា៖ «ការទទួលបាន​លេខ ១ របស់ Black Woman បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ទស្សនា​ផ្ទាល់ ព្រោះ​នេះ​ជា​សេះ​ថ្មី គេ​មិន​ចាប់​អារម្មណ៍​ទេ ប៉ុន្តែ​នៅ​ពេល​សេះ​នេះ បាន​លេខ ១ ដោយ​រត់​វ៉ា​ដាច់​គូ​ប្រកួត​ទៀត​នោះ វា​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដែល​ជ័យជម្នះ​នេះ បាន​ក្លាយជា​កំណត់​ត្រា​ថ្មី​របស់​សេះ ១ ក្បាល​នេះ ហើយ​កម្រិត​របស់ Black Woman ខ្ញុំ​ជឿ​ថា អាច​នឹង​បាន​ចូលរួម​ការ​ប្រកួត​ដណ្តើម​យក​ពាន​ធំ នៅ​ចុង​ឆ្នាំ​នេះ ព្រោះ​ល្បឿន​របស់​គាត់​លឿន ពិសេស​ពេល​រត់​ដល់​ទី​ហើយ​កម្លាំង​របស់​គាត់​នៅ​តែ​មាន​ទៀត»។

ជាមួយ​ការទទួលបាន​ចំណាត់ថ្នាក់​លេខ ១ របស់​សេះ Black Woman ធ្វើ​ឲ្យ​សេះ​ឈ្មោះ Belly ដែល​ជា​ម្ចាស់​ជើង​ឯក កាល​ពី​ខែ​កក្កដា បាន​ត្រឹម​លេខ ៣ វិញ ខណៈ​សេះ​ឈ្មោះ World Wave ទទួល​បាន​លេខ ២ ប៉ុន្តែ​សេះ​លេខ ២ Kenzo និង​សេះ​លេខ ៣ Carino មិន​ទទួល​បាន​ចំណាត់​ថ្នាក់​សម្រាប់​ការ​ប្រកួត​ខែ​សីហា​នេះ​ទេ។

ដោយឡែក ចំណាត់ថ្នាក់​នៃ​ការប្រកួតប្រជែង​រវាង​សេះ​ក្នុងស្រុក ដែល​ឈរ​នៅ​ពូល C ប្រចាំ​ខែ​សីហា​នេះ ក៏​មាន​ការ​ប្រែប្រួល​ខុស​ពី​ខែ​កក្កដា ផង​ដែរ ក្នុង​សេះ​លេខ ១ NAVARA បាន​លេខ ៣ វិញ ឯ​សេះ​លេខ ២ KK បាន​លេខ ១ វិញ​ម្តង ខណៈ​សេះ​ឈ្មោះ អា​ឆ្លាម ដែល​ធ្លាប់​បាន​លេខ ៣ ពី​ខែ​មុន គឺ​បាន​លេខ ២ វិញ ក្នុង​ខែ​សីហា នេះ។

ចំណែក​ការ​ប្រជែង​រវាង​សេះ​ឈរ​នៅ​ពូ​ល D សេះ​ឈ្មោះ​ប្រុស​ប៉ាវ បាន​ដណ្តើមយក​លេខ ១ ពី​សេះ​ឈ្មោះ​អារ៉េ បាន​យ៉ាង​ជោគជ័យ ធ្វើ​ឲ្យ​អា​រ៉េ បាន​ត្រឹម​លេខ ២ ចំណែក​សេះ​ឈ្មោះ​អា​ចេត ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ដូច​កាល​ពី​ខែ​មុន​ដដែល៕