ភ្នំពេញៈ កីឡាករ​វ័យ ​១៩ ​ឆ្នាំ សុខ លីមហេង ដែល​​ជា​ស្តេច​អុក​ចត្រង្គ នៅ​អង្គរ​សង្រ្កាន្ត ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ខ្មែរ ​ឆ្នាំ ​២០១៨ កន្លង​មក​នេះ ​បាន​ចាញ់​ក្នុងការ​ប្រកួត​កីឡា​អុកចត្រង្គ​ជ្រើស​រើស​ជើង​ឯក ​ឆ្នាំ ​២០១៨ នៅ​ទី​ស្នាក់​ការ NOCC កាល​ពី​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ហើយ​អតីត​ស្តេច​អុក​ចំនួន​ ៣​ នាក់​ទៀត ក៏​បាន​ធ្លាក់​នៅ​ក្នុងការ​ប្រកួត​ថ្នាក់​ជាតិ​នេះ​ដែរ។

សុខ លីមហេង ដែល​​បាន​រៀន​លេង​អុក​តាំង​ពី​អាយុ​៦​ឆ្នាំ​មក​នោះ ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុងការ​ប្រកួត​ជម្រុះ​តាម​ពូល​ទាំង​ ៨ ដោយ​​មាន​អ្នក​ចូល​រួម​សរុប​ចំនួន ​៤៨ ​នាក់។ លីមហេង ​បាន​​ឈ្នះ​ ៣ ស្មើ ​១ និង​ចាញ់​ ១​ ប្រកួត ​ដើម្បី​ទទួល​បាន​លេខ​ ១​ ប្រចាំ​ពូល​ ​A។

​ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​​វគ្គ​ខ្វែង​ ១៦​ នាក់​ចុង​ក្រោយ ចន្លោះ​ម៉ោង​ ៨:៣០ ទៅ​ម៉ោង​ ១០ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សុខ លីម​ហេង​ បាន​ចាញ់​អតីត​ម្ចាស់​ជើង​ឯក​ការ​ប្រកួត​កីឡា​អុក​ដណ្តើម​ពានរង្វាន់​សម្តេច​ ហ៊ុន សែន ​កាល​ពី​​ឆ្នាំ ​២០១០ ឆយ វីរ៉ា ទាំង​មិន​អស់​ចិត្ត។ ​​លទ្ធ​ផល​នេះ​បាន​ធ្វើ​ឲ្យ ឆយ វីរ៉ា ​មិន​ទាន់​ជួប​ការ​ចាញ់​​​សោះ​ក្នុងការ​ប្រកួតនេះ ព្រោះ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល វីរ៉ា បាន​ឈ្នះ ​២ និងស្មើ ​៣ ដោយ​ទទួល​បាន​លេខ​ ២​ ប្រចាំ​ពូល ​H។

​ចំណែក​កីឡាករ ឈីវ បូរ៉ា ដែល​ជា​អតីត​ស្តេច​ឆ្នាំ ​២០១៤ ឆ្នាំ​ ២០១៥ និង​ជា​ជើង​ឯក​រង​ការ​ប្រកួត​ស្តេច​អុក កាល​ពី​ឆ្នាំ ​២០១៨ បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ នៅ​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល ដោយ​ឈ្នះ​ ១ ស្មើ ​១ និង​ចាញ់​ដល់​ ៣​ប្រកួត និង​ទទួល​បាន​ត្រឹម​លេខ​ ៤ ក្នុង​ពូល ​​D។

ជាមួយ​គ្នា​នេះ​ដែរ អតីត​ស្តេច​អុក ឆ្នាំ​ ២០១៧ ហេង សៅឌី ដែល​ឈរ​នៅ​ពូល​ D ជាមួយ ឈីវ បូរ៉ា នោះ​ក៏​បាន​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ផង​ដែរ ដោយ​បាន​ត្រឹម​លេខ​ ៣ ខណៈ​ការ​ប្រកួតនេះ​ គេ​តម្រូវ​យក​ត្រឹម​លេខ ​១ និង​លេខ ​២ ឡើង​ទៅ​វគ្គ​​ ១៦ ​ក្រុម​ចុង​ក្រោយ។ រីឯ​អតីត​ស្តេច​អុក ឆ្នាំ​ ២០១៦ ហូយ សូណា ក៏​បាន​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ដែរ ដោយ​លោក​បាន​ត្រឹម​លេខ​ ​៥ ក្នុង​ពូល ​A ដោយ​ឈ្នះ​ ២ និង​ចាញ់​ ៣​ ប្រកួត។

ដោយ​ឡែក​​កីឡាករ​ចំនួន ​៧ ​នាក់​ផ្សេង​ទៀត រួម​​មាន នូ ច័ន្ទផានិត, ម៉េង សេរីសម្បត្តិ, រស់ រិទ្ធីយ៉ា, ទេស សារ៉ាវី, ឃី ចំរើន, ឃឹម ឃឹម និងកីឡាករ ប៊ូ ប៉ុណ្ណម៉ូលីកា ​ក៏​ទទួល​បាន​ជ័យ​ជម្នះ ក្នុងការ​ប្រកួត​វគ្គ​១៦នាក់​ចុង​ក្រោយនេះ​ដែរ ដើម្បី​ឡើង​ទៅ​​វគ្គ​ ៨​ នាក់​ចុង​ក្រោយ ជាមួយ ឆយ វីរ៉ា ហើយ​វគ្គ​នេះ នឹង​ត្រូវ​ប្រកួត​នៅ​រសៀល​ថ្ងៃ​នេះ ដើម្បី​រក​ឈ្នះ ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​​ប្រកួត​វគ្គ ​១៦ ​នាក់​ចុងក្រោយ កាល​ពី​ព្រឹក​មិញ​នេះ ​កី​ឡាករ​​លេខ ​១ ​មក​ពី​ពូល​ C ​នូ ច័ន្ទផានិត ​បាន​ឈ្នះ​​កីឡាករ​លេខ ​២ ​ពូល ​F រៀម វាសនា ​តែលេខ ​២ ​ពូល ​D ម៉េង សេរីសម្បត្តិ បាន​ឈ្នះ​លេខ​ ១​ ពូល ​E ឈិន សំណាង ហើយ​លេខ​ ១​ ពូល​ ​G រស់ រិទ្ធីយ៉ា បាន​ឈ្នះលេខ​២​ពូល​ B ឡៅ លីម៉េន។

ចំណែក​កីឡាករ​លេខ​ ១​ ពូល ​D ទេស​ សារ៉ាវី ​បាន​ឈ្នះ​លេខ​ ២ ​ពូល E ស៊ីវ ស៊ីន ស្រប​ពេល​លេខ​​ ២​ ពូល​ A ឃី ចំរើន បាន​ឈ្នះលេខ​ ១ ​ពូល ​H ម៉ាត់ សេន ខណៈ លេខ ​​១ ​ពូល ​F ឃឹម ឃឹម បាន​ឈ្នះលេខ ​២ ពូល​ C សុខ សំបូរ ប៉ុន្តែ​កីឡាករ​លេខ​ ​២ ​ពូល​ G ប៊ូ ប៉ុណ្ណម៉ូលីកា បាន​ទម្លាក់​​លេខ ​១ ​ពូល ​B លឹម ផល្លា៕