ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ សុទ្ធតែដណ្តើមបាន ៣ ពិន្ទុបន្ថែម សម្រាប់ការប្រកួតនៅក្រៅទឹកដី កាលពីថ្ងៃពុធ មុនពេលលីគកំពូលកម្ពុជា ត្រូវសម្រាក ១ សប្តាហ៍ ដើម្បីទុកពេលឱ្យក្រុមទាំងអស់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដនៅថ្ងៃទី ៩ និងទី ១០ ខែមេសានេះ។
យ៉ាងណាក៏ដោយ ការឈ្នះរបស់ក្រុមស្វាយរៀង ទៅលើក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប គឺទទួលបានដោយភាពតានតឹង និងមានផ្ទុះនូវភាពចម្រូងចម្រាសនៅពេលក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប បាននាំគ្នាដើរចេញពីទីលាននៅក្នុងតង់ទី១ ដើម្បីបង្ហាញពីការមិនពេញចិត្តទៅលើការកាត់ក្តីរបស់អាជ្ញាកណ្តាល នៅលើទីលាននោះ។
វាបានក្លាយជារឿងភ្ញាក់ផ្អើល នៅពេលខ្សែប្រយុទ្ធ Gbenga អាចស៊ុតទម្លុះសំណាញ់ទី ទៅលើក្រុមខ្លាំងស្វាយរៀងបានមុន ដើម្បីជួយឱ្យអាស៊ីអឺរ៉ុប នាំមុខ ១-០ នៅត្រឹមនាទីទី៧ នោះ។ ប៉ុន្តែភាពក្តៅក្រហាយក៏បានកើតមានឡើងចំពោះក្រុមម្ចាស់ផ្ទះ នៅពេលអាជ្ញាកណ្តាលបានបណ្តេញប្រធានក្រុម ឡាយ រស្មី ដោយការពិន័យកាតក្រហមនៅនាទីទី៣៧ នោះ។
ជុំវិញការពិន័យកាតនេះ ត្រូវបានក្រុមអាស៊ីអឺរ៉ុបចោទថា ជាការចាប់កំហុសខុសរបស់អាជ្ញាកណ្តាលទៅលើ ឡាយ រស្មី ព្រោះបាល់ស៊ុតដោយខ្សែប្រយុទ្ធ Privat នោះ មិនបានប៉ះដៃទេ គឺត្រូវដើមទ្រូង ឡាយ រស្មី ប៉ុន្តែអាជ្ញាកណ្តាលនៅតែប្រកាន់ជំហរ លើការពិន័យនេះ និងបានផ្តល់បាល់ ១១ ម៉ែត្រ ឱ្យក្រុមស្វាយរៀង ហើយខ្សែប្រយុទ្ធ Mika ស៊ុត ២ លើក ទើបបានសម្រេច ខណៈការស៊ុតមិនចូលលើកទី១ អាជ្ញាកណ្តាលមិនរាប់ជាសាច់ការ។
នៅក្រោយភាពចម្រូងចម្រាសនេះ អាស៊ីអឺរ៉ុប កាន់តែមានភាពពុះកញ្ជ្រោលក្នុងការលេង ហើយពួកគេទទួលបានបាល់ពិន័យ ១១ ម៉ែត្រវិញ នៅនាទីទី៤៥+២ ហើយ Abee ជាអ្នកធ្វើបានសម្រេច ប៉ុន្តែ ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់មិនទាន់ធ្លាក់ដល់ដីបញ្ចូលទីយ៉ាងល្អ ដើម្បីជួយឱ្យ ស្វាយរៀង តាមស្មើ ២-២ ជា លើកទី២ នៅនាទីទី៤៦។
ទោះយ៉ាងណា ក្រុមនៅសល់សមាជិកត្រឹម ១០ នាក់ នៅលើទីលានអាស៊ីអឺរ៉ុប នៅតែធ្វើបានល្អ ដោយពួកគេរកបានគ្រាប់បាល់នាំមុខជាលើកទី៣ ដែលជាការស៊ុតបញ្ចូលទីរបស់ Abee នៅនាទីទី៥៩ ប៉ុន្តែការរកបានម្នាក់ ១ គ្រាប់របស់ខ្សែប្រយុទ្ធ Privat នៅនាទីទី៦៤ និង Mika នៅនាទីទី៦៥ បានជួយឱ្យក្រុមស្វាយរៀង ទទួលបានជ័យជម្នះ ៤-៣ ទាំងលំបាក បន្ថែមទៅលើការឈ្នះក្រុមអគ្គិសនីកម្ពុជា ៦-១ និងការឈ្នះក្រុមណាហ្គាវើល ៣-១ កន្លងមកនេះ។
ជាមួយគ្នានេះ កីឡាករ Iago Bento Fernandes បានស៊ុត ១ គ្រាប់ នៅនាទីទី២១ ដើម្បីជួយឱ្យក្រុមអង្គរថាយហ្គឺរ យកឈ្នះក្រុមម្ចាស់ផ្ទះ នគរបាលជាតិ ១-០ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីថ្ងៃពុធនោះដែរ ហើយការទទួលបាន ៣ ពិន្ទុ បន្ថែមទៅលើការឈ្នះ ២ និងស្មើ ១ កន្លងមកនេះ បានជួយឱ្យអង្គរថាយហ្គឺរ ឡើងទៅឈរនៅកំពូលតារាង ជាបណ្តោះអាសន្នលើកទី២ ដោយមាន ១០ ពិន្ទុ លើភ្នំពេញក្រោន និងក្រុមស្វាយរៀង ដែលមាន ៩ ពិន្ទុពេញដូចគ្នា។
ដោយឡែក សម្រាប់ការប្រកួតលីគកំពូលប្រចាំសប្តាហ៍ទី៦ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ត្រូវបានលើកពេលជាបណ្តោះអាសន្ន ដើម្បីឱ្យក្រុមទាំងអស់បានឈប់សម្រាក និងចូលរួមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានទទួលវ៉ាក់សាំងនេះ ពីក្រសួងសុខាភិបាលតាមការស្នើសុំសម្រាប់ចាក់ជូនមន្ត្រី និងកីឡាករនៃក្លិបបាល់ទាត់អាជីព ចំណែកការចាក់វ៉ាក់សាំងនេះ នឹងត្រូវធ្វើនៅថ្ងៃទី ៩ និងទី ១០ ខែមេសានេះ។ នេះបើតាមការជូនដំណឹងរបស់មន្ត្រី CNCC៕