ភ្នំពេញ៖ នៅសប្តាហ៍នេះ អ្នកប្រដាល់គុនខ្មែរចំនួន ៤ នាក់នៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement របស់សង្វៀនប៉ុស្តិ៍លេខ ៥ នាល្ងាចថ្ងៃសៅរ៍ទី ២៥ ខែឧសភា ឆ្នាំ ២០១៩នឹងត្រូវប្រកួតជម្រុះក្នុងចំណោម ៤ នាក់យកអ្នកឈ្នះ បន្តចំនួន ២ នាក់ទៅជុំទី ៣ ដែលមានអ្នករង់ចាំចំនួន ៦ នាក់បានកក់កៅអីរួចហើយ។
បេក្ខភាពប្រកួតប្រជែងនេះគឺតម្រូវទៅលើកីឡាករជើងថ្មីៗ ដូចគ្នា សេក សារ៉ាន់ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ប្រជែងជាមួយកីឡាករ លី តក់ មកពីក្លិបតាព្រហ្មមានជ័យនិងកីឡាករ គិន ខ្លឹម មកពីក្លិបកងទ័ពឆ័ត្រយោង ៩១១ ប៉ះប្រកួតជាមួយ លីន សេងហុង មកពីក្លិបបុរីរាជសីហ៍ គឺដាច់ខាតត្រូវតែមានអ្នកឈ្នះមិនអាចស្មើបានចំនួន ២ នាក់ទៅវគ្គបន្តជុំទី ៣ ដែលមានបេក្ខភាពចំនួន ៨ នាក់។
អ្នកប្រដាល់ដែលបានឡើងទៅរង់ចាំរួច ជាស្រេច ចំនួន ៦ នាក់នោះមាន ទី ១ កីឡាករ ចាន់សាន់ មកពីតាព្រហ្មមានជ័យ ទី២កីឡាករ ឡុង ណងសៅ មកពីក្លិបសាលវ័ន្តកីឡា ទី៣កីឡាករ ផាន់ សុផាត មកពីក្លិបសេរីវង្ស ទី៤កីឡាករ សូត្រ វាសនា មកពីក្លិបបក្សីស្លាបដែក ទី៥កីឡាករខេម ចាន់ មកពីក្លិបទ័ពឆ័ត្រយោង៩១១ និងទី៦កីឡាករ ជី ឆៃលី មកពីក្រសួងការពារជាតិ។
នៅសប្តាហ៍នេះ រវាងកីឡាករ ២ គូ មាន សេក សារ៉ាន់ និង លី តក់ នោះត្រូវបានគេទស្សន៍ទាយក្រៅផ្លូវការថា លីតក់ មានប្រៀបខ្ពស់ជាងក្នុងការឈ្នះបានឡើងទៅវគ្គទី ៣ ហើយមួយគូទៀតរវាងកីឡាករ គិន ខ្លឹម និង លី សេងហុង មានសមត្ថភាពប្រហាក់ប្រហែលគ្នាធ្វើឲ្យគេលំបាកទស្សន៍ទាយថា មួយណាមានប្រៀបជាងមួយណា។
នៅក្នុងការប្រកួតជម្រុះរាល់សប្តាហ៍នេះ ពួកអ្នកប្រដាល់ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement របស់សង្វៀនប៉ុស្តិ៍លេខ ៥ គឺប្រកួតចំនួនតែ ៣ ទឹកប៉ុណ្ណោះដោយមិនអាចមានពេលវេលាស្ទាបស្ទង់សមត្ថភាពដៃគូទេ គឺចូលវាយសម្រុកតែម្តង។
លោក សេង កដិកា នាយកគ្រប់គ្រងកម្មវិធីប្រកួតអះអាងថា៖«ការរៀបចំប្រកួតតែ៣ទឹកគឺមានភាពជក់ចិត្តជាងប្រកួតចំនួន៥ទឹក និងពេញនិយមរបស់អ្នកទស្សនាផងដែរដោយកីឡាករមិនចាំបាច់ស្ទាបស្ទង់សមត្ថភាពគ្នាគឺចូលវាសម្រុកខ្លាំងតែម្តង»៕