ភ្នំពេញៈ សហព័ន្ធ​ខ្មែរ​​កីឡា​ហាប់គីដូ​ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​លើ​វិញ្ញាសា «ស្នៀត​កាច់​ការពារ​ខ្លួន» ​​ជា​លើក​ដំបូង នៅ​អង្គភាព​កីឡា​ក្រសួង​មហា​ផ្ទៃ​ ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​​​កម្ពុជា កាល​ពី​ថ្ងៃ​អាទិត្យ ​ដើម្បី​ពង្រឹង​សមត្ថភាព​អត្តពលិក ឈាន​ទៅ​រក​ការ​ប្រកួត​លើ​វិញ្ញាសា​ចម្រុះ​ដែល​​ធំ​ជាង​នេះ ​​ឬ​​ជើង​ឯក​ប្រចាំ​ឆ្នាំ​តែ​ម្តង​​។

លោក ​គង់ ​ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ បាន​​ថ្លែង​ក្រោយ​ការ​ប្រកួត​ថា៖​ «​នេះ​ជា​លើក​ទី​១ ​ហើយ ដែល​សហព័ន្ធ​ខ្មែរ កីឡា​ហាប់គីដូ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើង ​តែ​នៅ​ថ្ងៃ​នេះ​ យើង​ប្រកួត​តែ​លើ​វិញ្ញាសា​ «ស្នៀត​កាច់ ការពារ​ខ្លួន» ​មួយ​ទេ ហើយ​នេះ​ជា​ការ​ចាប់​ផ្តើម ដើម្បី​យើង​ឈាន​ទៅ​ប្រកួត មាន ​៣ ទៅ ​៤ វិញ្ញាសា​ចូល​គ្នា ដែល​មាន​លក្ខណៈ​ធំ​ជាង​នេះ»។

សម្រាប់​ការ​ប្រកួត «ស្នៀត​កាច់​ការពារ​ខ្លួន» នេះ មាន​អត្តពលិក ៦៦ នាក់ (ស្រី ៣០ នាក់) បាន​ចូលរួម ដែល​លេង​តំណាង​ឲ្យ​ក្លិប​ចំនួន ​៥ មាន​ក្លិប​អូឡាំពិក​ ក្លិប​ឥន្ទ្រី ​ក្លិប​ម៉ាស្ទ័រ​សេង​ ក្លិប​សុវណ្ណ​ភូមិ​ស្ទឹងមានជ័យ​ និង​ក្លិប​សាលារៀន ​USA​ ហើយ​ពួក​គេ ត្រូវបាន​បែងចែក​ការ​ប្រកួត​ទៅ​តាម​ភេទ អាយុ និង​កម្រិត​ខ្សែ​ក្រវាត់​រៀងៗ​ខ្លួន គឺ​ការ​បង្ហាញ​នូវ​​បច្ចេកទេស​លើ ស្នៀត​​កាច់​ការពារ​ខ្លួន ម្តង ​២ ​នាក់ ក្រោម​ការ​ដាក់​ពិន្ទុ​របស់​ចៅ​ក្រម ដើម្បី​​​ចាត់​ជា​ចំណាត់​ថ្នាក់​ពី​លេខ ​១ ​ដល់​លេខ ​៤ ​តែ​ម្តង​។

លោក​ ចាន់ធីណា បាន​បន្ត​ថា​៖ «កម្មវិធី​នេះ ​ជា​ទស្សនៈ​ និង​គោល​បំណង ដើម្បី​​ពង្រឹង​សមត្ថភាព​អត្តពលិក​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ធំ​ប្រចាំ​ឆ្នាំ ​ដូច​ប្រភេទ​កីឡា​ដទៃ​ ហើយ​នេះ​ជា​គំនិត​ផ្តួច​ផ្តើម​របស់​ឯកឧត្តម​ប្រធាន​សហព័ន្ធ ម៉ុក សំអុល ​ក៏​ដូច​ឯកឧត្តម ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហា​ផ្ទៃ​ ព្រម ទាំង​សមាជិក​ប្រតិបត្តិ​ និង​​ទីប្រឹក្សា​សហព័ន្ធ​កីឡា​ខ្មែរ​ហាប់គីដូ ​ជួយ​គាំ​ទ្រ»​។

ទាក់ទង​ទៅ​នឹង​កម្រិត​សមត្ថភាព​របស់​អត្តពលិក ដែល​បាន​ចូលរួម​ការ​ប្រកួត​នេះ លោក ចាន់ធីណា ​បាន​វាយ​តម្លៃ​ថា៖ ​«​បើ​មើល​ទៅ​លើ​​បច្ចេកទេស​ឃើញ​ថា ក្រុម​ធំ ធ្វើ​បាន​ល្អ​ប្រហែល ​៦៥ ​ភាគរយ​ហើយ ចំណែក​ក្រុម​តូចៗ យើង​មើល​ឃើញ​ថា គាត់ នៅ​​ខ្វះ​ភាព​ស្វាហាប់ និង​កម្លាំង ហើយ​ពួក​គាត​ក៏​មិន​ទាន់​មាន​​ភាព​ក្លាហាន​ប៉ុន្មាន​ដែរ អ៊ីចឹង​គាត់​បាន​​​ត្រឹម ​៥៥ ​ភាគរយ​ទេ ប៉ុន្តែ​ខ្ញុំ​សូម​សរសើរ​ដល់​អត្តពលិក​របស់​យើង​ទាំង​អស់​គ្នា​ដែរ ព្រោះ​លើក​នេះ យើង​រៀបចំ​ប្រថុចញ៉ុច​ពេក ហើយ​អ្នក​ខ្លះ​ក៏​បាន​មក​ហាត់​ត្រឹម​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ តែ​ពួក​គាត់​ខំ​បង្ហាញ​ពី​សមត្ថភាព ដោយ​យក​ចិត្ត​ទុក​ដាក់»។

ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ឡារីតា​ បាន​ឧបត្ថម្ភ​កម្មវិធី​ប្រកួត​នេះ ចំនួន ​៥០០ ​ដុល្លារ​ ហើយ​​មន្ត្រី​ជា​គណៈកម្មាធិការ​​ប្រតិបត្តិ​ និង​ទីប្រឹក្សា​សហព័ន្ធ​ មួយ​ចំនួន​ក៏​​បាន​ចូលរួម​ជួយ​ ដើម្បី​ឲ្យ​ការ​ប្រកួត​នេះ​ដំណើរការ​បាន​ ហើយ​តាម​ផែនការ​ គឺ​សហព័ន្ធ​នេះ ចង់​រៀបចំ​ការ​ប្រកួត​ឲ្យ​បាន​យ៉ាង​តិច​ ​៣ ទៅ ​៤ ​ដង ក្នុង ​១ ​ឆ្នាំ។

លោក​ ម៉ក់​ សំអុល​ ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​​ហាប់គីដូ ​​បាន​ថ្លែង​​ថា​៖ «កីឡា​ធ្វើ​សកម្មភាព​ដំណើរការ​ទៅ​បាន ​ដោយសារ​ការ​រួប​រួម​គ្នា​ស្ម័គ្រចិត្ត ​និង​លះបង់​ បន្ទាប់​មក​ទើប​ទទួល​បាន​ជា​លទ្ធផល​ល្អ​។ ​ហេតុ​នេះ​ខ្ញុំ​សុំ​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​លើក​ទឹក​ចិត្ត ​ដល់​អត្តពលិក​វ័យ​ក្មេង ដើម្បី​មាន​សមត្ថភាព​ល្អ​ព្រោះ​ពេល​​កម្ពុជា​ធ្វើ​ម្ចាស់​ស៊ីហ្គេម​ ឆ្នាំ ​២០២៣ ​យើង​ក៏​មាន​ឱកាស​អាច​ដាក់​​កីឡា​ហាប់គីដូ​ ចូល​ប្រកួត​បាន​ដែរ ​បើ​សិន​​យើង​ជា​ម្ចាស់​ផ្ទះ​ មាន​សកម្មភាព​ភាព​ខ្លាំង​ នៅ​ក្នុង​តំបន់​អាស៊ាន​ ហើយ​មាន​ប្រទេស​ចូលរួម​គាំទ្រ​ចាប់​ពី ​៤ ​ឡើង​ទៅ​នោះ»។​

លោក​ គង់​ ចាន់ធីណា​ ​បាន​​ប្រាប់​​ថា ​សមាគម​កីឡា​ហាប់គីដូ​សាធារ ណ​រដ្ឋកូរ៉េ​ កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​នៃ​ដំណើរ​វិវត្តន៍​របស់​កីឡា​ហាប់គីដូ​នៅ​កម្ពុជា ​ហើយ​ពួក​គេ​ក៏​បាន​បង្ហើប​ពី​គម្រោង​ជួយ​បន្ថែម​លើ​ចំណុច​ខ្វះខាត​របស់​ហាប់គីដូ​កម្ពុជា​ផង​ដែរ​ បើ​សិន​កម្ពុជា​ រក្សា​ឆន្ទៈ​ខំប្រឹង​ និង​ការ​អភិវឌ្ឍ​បន្ដ​ទៀត​៕