ភ្នំពេញ៖ ​កីឡាករ​ជើង​ខ្លាំង​លំដាប់​លេខ ​១ ​របស់​កម្ពុជា គឺ​អ្នក​លេង​កណ្តាប់​ដៃ​ឆ្វេង រឿង សោភ័ណ្ឌ និង​អ្នក​ជំនាញ​ប្រើ​ជង្គង់ ឡុង សុភី ឬ នី សុភី នឹង​​ត្រូវ​ប្រកួត​​ផ្តាច់​ព្រ័ត្រ ដណ្តើម​យក​ខ្សែ​ក្រវាត់​ទម្ងន់ ​៦៩ ​គីឡូក្រាម នៅ​លើ​សង្វៀន CNC នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ហើយ​ជើង​ខ្លាំង ឡៅ ចន្ទ្រា ក៏​ត្រៀម​នឹង​ស្តារ​មុខ​មាត់​របស់​ខ្លួន​តាមរយៈ​ការ​ចង់​ផ្តួល​ថៃ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ផង​ដែរ។

នៅ​មុន​ការ​ឡើង​មក​ជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​ខ្សែ​ក្រវាត់ អម​ដោយ​ប្រាក់​រង្វាន់ ​៤ ០០០ ​ដុល្លារ និង ​១ ០០០ ដុល្លារ​នេះ ទាំង រឿង សោភ័ណ្ឌ និង ឡុង សុភី សុទ្ធ​តែ​បាន​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ នៅ​វគ្គ​ជម្រុះ​ដូច​គ្នា ហើយ​ការ​វិល​មក​ជួប​គ្នា​ដោយ​កម្រ​លើក​នេះ លោក ឡុង សាលវ័ន្ត បាន​អះអាង​ថា ឡុង សុភី បាន​ពង្រឹង​ទាំង​កលល្បិច​ និង​បច្ចេកទេស​ប្រកួត​ដើម្បី​ត្រៀម​យកឈ្នះ​លើ រឿង សោភ័ណ្ឌ។

គ្រូ​បង្វឹក និង​ជា​បង​ប្រុស ឡុង សុភី លោក សាវ័ន្ត បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ ​«ឡុង សុភី បាន​ហ្វឹកហាត់​បង្កើន​ទៅ​លើ​កលល្បិច និង​បច្ចេកទេស​នៃ​ការ​ប្រកួត ហើយ​យើង​ក៏​បាន សិក្សា​បន្ថែម​ទៅ​លើ​ស្ថានភាព​ប្រកួត​របស់​យើង​ទៅ​នឹង​ រឿង សោភ័ណ្ឌ ផង​ដែរ ​ព្រោះ​អ្នក​ទាំង ​២ ​នេះ សុទ្ធ​តែ​បាន​ដឹង​ពី​សមត្ថភាព​ប្រកួត​គ្នា​ទៅ​វិញ​ទៅ​មក អ៊ីចឹង​បើ​មើល​ទៅ​លើ​លទ្ធភាព យើង​អាច​មាន​សង្ឃឹម​ឈ្នះ ​៨០ ភាគរយ»។

គ្រូ​ជំនួយ​របស់​ក្រុម​ជម្រើស​ជាតិ​គុន​ខ្មែរ​ លោក ឡុង សាលវ័ន្ត បាន​បន្ថែម​ថា៖ ​«ឡុង សុភី បាន​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ហ្វឹកហាត់ គឺ​គេ​ខំ​ប្រឹង​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត ដើម្បី​បង្កើន​សមត្ថភាព​ខ្លួន​ឯង ព្រោះ​គេ​ពិត​ជា​ចង់​ឈ្នះ​ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់​នេះ​ខ្លាំង​បំផុត»។

ផ្ទុយ​ពី​នេះ រឿង សោភ័ណ្ឌ ​ហាក់​មាន​ភាព​ស្ទាក់ស្ទើរ សម្រាប់​ការ​វិល​មក​​ជួប ឡុង សុភី ព្រោះ​ការ​ជួប​គ្នា ​៣ ​លើក កាល​ពី​ជាង ​៣ ឆ្នាំ​មុន សោភ័ណ្ឌ បាន​ឈ្នះ​តែ ​១ ដង​ទេ និង​ចាញ់ សុភី ២ ​ដង។ ចំណែក​លើក​នេះ សោភ័ណ្ឌ ​មិន​ទាន់​ច្បាស់​ថា កណ្តាប់​ដៃ​ពិឃាត​ដែល​រូប​គេ​​ធ្លាប់​ផ្តួល​គួប្រកួត​ឲ្យ​សន្លប់​រាប់​មិន​អស់​នោះ​អាច​នឹង​បង្រ្កាប ឡុង សុភី បាន ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

រឿង សោភ័ណ្ឌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ​«លទ្ធផល​យ៉ាង​ណា​នោះ យើង​មិន​ទាន់​ហ៊ាន​ទាយ​ទុក​មុន​នោះ​ទេ ព្រោះ​យើង​ហាត់​ដូច​គ្នា ហើយ​បច្ចេកទេស​ប្រកួត ក៏​ចាស់​វស្សា​ដូច​គ្នា។ យើង​មិន​មាន​ប្រៀប​អ្វី​លើ​គេ​នោះ​ទេ ហើយ​ឱកាស​ប្រើ​កណ្តាប់​ដៃ​ក៏​គេ​ខ្ពស់​ជាង​យើង​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹងប្រែង​ដណ្តើម​យក​ខ្សែ​ក្រវាត់​នេះ​ឲ្យ​បាន​»។

ជាមួយ​គ្នា​នេះ​ដែរ កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ឡៅ ចន្ទ្រា ​​ចង់​ប្រើ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​អ្នក​ប្រដាល់​​ថៃ Khun Krongthap នៅ​ថ្ងៃ​សៅរ៍​នោះ​ ដើម្បី​លុបលាង​ភាព​អាម៉ាស់ ដែល​រូប​គេ​ត្រូវ​បាន​ជើង​ខ្លាំង​ថៃ Kongthailen ច្រាស​កែង​សង បណ្តាល​ឲ្យ​សន្លប់​ក្នុង​ទឹកទី ​២ ដ៏​កម្រ​បំផុត នៅ​លើ​សង្វៀន CNC នេះ កាល​ពី​ថ្ងៃទី ​១ ខែ កញ្ញា ឆ្នាំ ​២០១៩។

អតីត​ជើង​ខ្លាំង ឡៅ ស៊ីណាត ដែល​ជា​ប្រុស​បង្កើត​របស់ ឡៅ ចន្ទ្រា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ ​«ការ​​សន្លប់​នោះ ដោយសារ​យើង​ភ្លាត់​ស្នៀត គឺ​យើង​វាយ​កែង​គេ​មិន​ត្រូវ ហើយ​ត្រូវ​បាន​គេ​ច្រាស​កែង​សង​មក​លើ​យើង​វិញ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ ចន្ទ្រា ខិតខំ​ហ្វឹកហាត់​ណាស់ ព្រោះ​វា​ចង់​ឈ្នះ​ខ្លាំង​ណាស់ ដើម្បី​ស្តារ​មុខ​មាត់​ឡើង​វិញ»។

ចំណែក​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់ ព្រំ សំណាង ដែល​ជា​រៀម​ច្បង​របស់ ឡៅ ចន្ទ្រា ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ក្នុង​ទម្ងន់ ​៧៥ ​គីឡូក្រាម ជាមួយ​អ្នក​ប្រដាល់​ប្រេស៊ីល Pereira Jean Carlos នៅ​ថ្ងៃ​សៅរ៍​នោះ​ដែរ ហើយ ឡៅ ស៊ីណាត ដែល​ជា​អ្នក​បង្វឹក បាន​ប្រាប់ថា ព្រំ សំណាង ហ្វឹកហាត់​ត្រៀម​បាន​ល្អ នឹង​ចង់​ឈ្នះការ​ប្រកួត​នេះ ដូច ឡៅ ចន្ទ្រា ដែរ៕