ក្រុង​សូ​ជី: ខ្សែ​បម្រើ Toni Kroos បាន​សង្គ្រោះ​ក្តី​សង្ឃឹម​ក្នុង World Cup របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ យ៉ាង​រំភើប កាល​ពី​ថ្ងៃ​សៅរ៍ តាម​រយៈ​ការ​ស៊ុត​បាល់​ពិន័យ Free-kick នៅ​នាទី​បន្ថែម​ ដើម្បី​បំពេញ​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-១ នៅ​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត​។

គ្រាប់​បាល់​នៅ​ជិត​​បញ្ចប់​ការ​ប្រកួត​​របស់​​អាល្លឺ​ម៉ង់ ជួយ​រក្សា​​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Joachim Loew ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ក្នុង​ការ​ការ​​ពារ​បាន​ World Cup យ៉ាង​ជោគ​ជ័យ ក្នុង​រយៈ​ពេល​៥៦​ឆ្នាំ ប៉ុន្តែ ជោគ​វាស​​នា​របស់​ពួក​គេ​នៅ​តែ​​មិន​ទាន់​ស្ថិត​ក្នុង​​ដៃ​របស់​ពួក​គេ​ទាំង​ស្រុង​ឡើយ​។

ក្រុម​​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​មួយនេះ ​បាន​​ធ្លាក់​ចូល​​ក្នុង​សម្ពាធ​នៅ​ពេល​ដែល​កីឡាករ Ola Toivonen បាន​​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​របស់ Manuel Neuer ដើម្បី​ជួយ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ស៊ុយ​អែត មាន​គ្រាប់​បាល់​នាំមុខ​មុន នៅ​តង់​ទី​១ ក្នុង​ទីក្រុង Sochi ក្រោយពី​ Kroos បាន​​​បាត់​បង់​ការ​គ្រប់​គ្រង​បាល់​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ស៊ុយ​​អែត John Guidetti (ខាង​មុខ) ដណ្តើម​បាល់​ជា​មួយ​នឹង​ខ្សែ​ការ​ពារ​អាល្លឺ​ម៉ង់ Joshua Kimmich​។ AFP

ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ដែល​​ហាក់ដូច​ជា​មាន​ភាព​មុត​ស្រួច​ជាង​ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម​ម៉ិក​ស៊ិក កាល​ពី​ថ្ងៃ​បើកឆាក​នោះ បាន​ដាក់​​សម្ពាធ​យ៉ាង​ខ្លាំង ហើយ​ទី​បំផុត ពួក​គេ​រក​បាន​គ្រាប់​បាល់ នៅ​ពេល​ដែល Marco Reus បាន​ស៊ុត​បាល់​បញ្ចូល​ទី​ភ្លាម​ៗ​ក្រោយ​ពី​ចូល​លេងក្នុង​តង់​ទី​២​។

បើ​ទោះ​បី​កាត់​បន្ថយ​សម្ពាធ​ក៏ដោយ ប៉ុន្តែ ក្រុម​របស់​លោក Loew មិន​អាច​រក​បាន​គ្រាប់​បាល់​ទៀត​ឡើយ ហើយ​ការ​ងារ​របស់​ក្រុម​អាល្លឺ​ម៉ង់ ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់​តែ​លំ​បាក​បន្ថែម​ទៀត នៅ​ពេល​ដែល​ខ្សែ​ការ​ពារ Jerome Boateng បាន​រង​ពិន័យ​កាត​​ក្រហម​នៅ​នាទី ទី​៨២ សម្រាប់​ការ​ទទួល​បាន​កាត​លឿង​ជា​លើក​ទី​២​។

ប៉ុន្តែ Kroos បាន​សង្គ្រោះ​ក្រុម​របស់​ខ្លួន តាម​រយៈ​ការ​ស៊ុត​បាល់​ពិន័យ​ Free-kick ចូល​ទី​យ៉ាង​ល្អ​នៅនាទី ទី​៩៥ ដើម្បី​ជួយ​ឲ្យ​អាល្លឺ​ម៉ង់ ទទួល​បាន​៣​ពិន្ទុ​តែ​ម្តង​៕ IS