ក្រុងកាហ្សាន់: ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន កំពុង​តែ​ព្យាយាម​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​តារា​ឆ្នើម Lionel Messi ខណៈ​ដែល​ក្រុម​យក្ស​របស់​អាមេរិក​ខាងត្បូង​មួយ​នេះ ត្រៀម​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​ក្នុង​ពូល ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី នៅ​រាត្រី​នេះ។ Messi មិន​បាន​ជួប​ការ​ចាប់​ផ្តើម​ដ៏​រីករាយ​ឡើយ​ក្នុង World Cup កាល​ពី​ថ្ងៃ​សៅរ៍ តាមរយៈ​ការ​មិន​អាច​ស៊ុត​បាល់​ប៉េណាល់​ទី​ចូល​ទី ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​នឹង​ក្រុម​ប្រទេស ដ៏​តូច អ៊ីស្លង់។

វា​បាន​ក្លាយជា​លទ្ធផល​មួយ​ដែល​បាន​បង្កើត​ឲ្យ​មាន​ភាពស្រពេចស្រពិល​ជាថ្មី​អំពី​សមត្ថភាព​របស់​អាហ្សង់ទីន ក្នុង​ការ​រក្សា​ការ​ប្រជែង​ពាន World Cup ក្នុង​ពេល​នេះ ពោល​គឺ​រយៈពេល ៤ ឆ្នាំ ក្រោយ ពី​ពួកគេ​បាន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​ប្រទេស​ប្រេស៊ីល។

លទ្ធផល​ដ៏​ខកចិត្ត​មួយ​ផ្សេងទៀត នៅ​រាត្រី​នេះ អាច​នឹង​បង្កើត​ឲ្យ​មានការ​គិតថា អាហ្សង់ទីន អាច​នឹង​ស្ថិត​នៅ​ផ្លូវ​នៃ​ការ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល ដូច​កាល​ដែល​ពួកគេ​បាន​ធ្លាក់​ចេញ​ត្រឹម​ជុំ​ទី ១ លើក​ដំបូង​កាល​ពី​ឆ្នាំ ២០០២។

អតីត​តារា​ឆ្នើម​លោក Diego Maradona បានចាត់ទុក​លទ្ធផល​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់ «ជា​លទ្ធផល​ដ៏​អាម៉ាស់» និង​បាន​ព្រមាន​ដល់​លោក​គ្រូបង្វឹក Jorge Sampaoli ថា លោក​មិន​អាច​វិល​ទៅ​កាន់​ប្រទេស​អាហ្សង់ទីន ជាមួយ​នឹង​ទម្រង់​លេង​ដូច​គ្នា​នេះ​ឡើយ។ ដើម្បី​បន្ថែម​ទៅ​លើ​ការ​ខក​ចិត្ត​ផ្សេងៗ ការ​មិន​អាច​ស៊ុត​បាល់​ប៉េណាល់ទី​ចូល​ទី​របស់ Messi បាន​កើត​ឡើង រួម​ជាមួយ​នឹង​ការ​មិន​អាច​រក​បាន​គ្រាប់​បាល់​ពី​ការ​ស៊ុត​បាល់​សំដៅ​ទី ១១ លើក ដែល​ជា​អត្រា​ដ៏​ច្រើន​បំផុត​ក្នុង​ការ​ប្រកួត​មួយ​ក្នុង World Cup ពី​សំណាក់​កីឡាករ​ម្នាក់ ចាប់​តាំង​ពី​កីឡាករ​អ៊ីតាលី Luigi Riva ធ្វើ​បាន​កាល​ពី​ឆ្នាំ ១៩៧០។

ទោះបីជា​យ៉ាងណា កីឡាករ​អា​ហ្ស​ង់​ទីន បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដើម្បី​លើកទឹកចិត្ត​ដល់​តារា​ឆ្នើម​របស់​ក្លិប Barcelona រូប​នេះ។ ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អាហ្សង់ទីន Paulo Dybala បាន​ឲ្យ​ដឹង​ថា៖ «យើង​ទាំង​អស់​គ្នា​ស្ថិត​នៅ​ពី​ក្រោយ​រូបគេ។ គេ​ដឹង​ថា គេ​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​យើង​ច្រើន​ជាងគេ​ទាំង​អស់»។

Eriksen នឹង​ផ្តល់​គ្រោះថ្នាក់ ខណៈ​អូស្ត្រាលី សម្លឹង​រក​ការ​ស្តារ​មុខមាត់

ខ្សែបម្រើ Mile Jedinak ដែលជា​ប្រ​ធនា​ក្រុម បាន​បញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ អូស្ត្រាលី​មិន​អាច​ផ្តោត​អារម្មណ៍​ទាំង​ស្រុង​តែ​លើ​ខ្សែ​ប្រយុទ្ធ​ប្រកប​ដោយ​ភាព​គ្រោះ​ថ្នាក់ Christian Eriksen ឡើយ នៅ​ពេល​ដែល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក ខណៈ​ពួកគេ​នឹង​សម្លឹង​រក​ជ័យជម្នះ​ដែល​អាច​នឹង​សង្គ្រោះ​យុទ្ធនាការ​របស់​ពួកគេ​ក្នុង World Cup។ ការ​រង​បរាជ័យ​ទាំង​ប្រផិត​ប្រផើយ​ក្នុង​លទ្ធផល ២-១ ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុងការ​ប្រកួត​បើក​ឆាក​នៃ​ពូល C បាន​បង្ខំ​ឲ្យ​ក្រុម​មាន​រហស្សនាម​ថា Socceroos មួយ​នេះ ត្រូវ​ការ​ឈ្នះ​ជា​ដាច់​ខាត​នៅ​រាត្រី​នេះ ខណៈ​ដែល​ពួកគេ​សម្លឹង​រក​ការ​ឆ្លង​ផុត​ពី​វគ្គ​ចែក​ពូល។

ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល Eriksen របស់​ក្លិប Tottenham Hotspur ដែល​រក​បាន ១១ គ្រាប់​សម្រាប់​ដាណឺម៉ាក ក្នុងការ​ប្រកួត​ជម្រុះ​នោះ គឺជា​កីឡាករ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​ក្រុម​របស់​លោក Age Hareide នា​កីឡដ្ឋាន Samara Arena។

ប៉ុន្តែ Jedinak ដែល​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ១ គ្រាប់​នៅពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​បារាំង​នោះ បាន​បញ្ជាក់​ថា ការ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​ទៅ​លើ​ទម្រង់​លេង ក៏​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​អូស្ត្រាលី​ផងដែរ៕