ភ្នំពេញៈ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បាន​បើក​ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ ជា​ផ្លូវការ នៅ​ទីស្នាក់ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ នឹង​ត្រូវ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ជ្រើស​រើស​យក​អ្នក​ឆ្នើម​ចំនួន ១៦ នាក់​ជា​ក្រុម​ជម្រើស​ជាតិ ត្រៀម​ការ​ប្រកួត​នានា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក គ្រួច ចន្ថារិទ្ធ ហៅ ត្រេន មន្ដ្រី​បច្ចេកទេស​រៀបការ​ចំ​ប្រកួត​របស់​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា។

លោក តែម ម៉ឺន អគ្គលេខាធិការរង NOCC ដែល​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក​ការ​ប្រកួត កាល​ពី​ថ្ងៃ​ពុធ​នោះ​បាន​ថ្លែង​ថា៖ «ជើង​ឯក​ថ្នាក់​ជាតិ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​ចម្រាញ់ រក​ធនធាន​កីឡាករ​មាន​សមត្ថភាព សម្រាប់​ប្រមូល​ផ្ដុំ​ហាត់​នៅ​មជ្ឈមណ្ឌល​ជាតិ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រៀម​ចូលរួម​ការ​ប្រកួត​លើ​ឆាក​អន្ដរជាតិ»។

លោក​បាន​លើកទឹកចិត្ត​ដល់​គណៈកម្មការ​រៀបចំ និង​ជំរុញ​ឲ្យ​មានការ​ប្រកួត​គោរព​គោលការណ៍​តម្លាភាព យុត្តិធម៌ ដើម្បី​ស្វែង​រក​អ្នក​មាន​សមត្ថភាព​ខ្លាំង​ពូកែ​ពិត​ប្រាកដ។ លោក តែម ម៉ឺន ក៏បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​កីឡាករ​ទាំង​អស់ ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​លើក​កម្ពស់​កីឡា​អុកចត្រង្គ​កម្ពុជា ឲ្យ​មាន​សកម្មភាព​បណ្តើរៗ និង​ឈាន​ទៅ​ផ្សព្វផ្សាយ​អុកចត្រង្គ​កម្ពុជា ទៅ​កាន់​ប្រទេស​នៅ​តំបន់​អាស៊ាន ដើម្បី​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ ហើយ​អុកចត្រង្គ​កម្ពុជា នឹង​មាន​វត្តមាន​ពេល​នោះ​តែ​ម្តង។

ចំណែក​លោក គ្រួច ចន្ថា​រិ​ទ្ធ គ្រូបង្វឹក​អុកចត្រង្គ​ជម្រើសជាតិ​កម្ពុជា និង​ជាម​ន្ត្រី​បច្ចេកទេស រៀបចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ​នេះ មាន​កីឡាករ​ចូលរួម​ចំនួន ៤៨ នាក់ មក​ពី ១១ ក្លិប​ទូទាំង​ប្រទេស កម្ពុជា ដោយ​គ្មាន​បេក្ខភាព​នារី​នោះ​ទេ។

លោក ចន្ថា​រិ​ទ្ធ បាន​បន្តថា៖ «ការប្រកួត​បែងចែក​ជា ៨ ពូ​ល ក្នុង​មួយ​ពូល​មាន ៦ នាក់ ដើម្បី​ធ្វើការ​ប្រកួត​សន្សំ​ពិន្ទុ ហើយ​កីឡាករ ២ រូប ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ពូល​នីមួយៗ នឹង​បាន​ឡើង​វគ្គ​ជម្រុះ​បន្ដ​រហូត​រក​ឃើញ​អ្នក​ទទួល​បាន​ចំណាត់​ថ្នាក់»។

គួររំឭកថា ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ កាលពី​ឆ្នាំ ២០១៧ ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ​អតីត​កីឡាករ​ស្ដេច​អុក​ឆ្នាំ ២០១០ ឆយ វីរ៉ា លេខ ២ បាន​ទៅ​ស្ដេច​អុក​ឆ្នាំ ២០១៧ ហេង សៅឌី និង​លេខ ៣ សុខ លីម​ហេង ដែល​ទើប​ឈ្នះ​តំណែង​ស្ដេច​អុកចត្រង្គ​អង្គរ​សង្ក្រាន្ដ ក្នុង​ឆ្នាំ ២០១៨ នេះ ហើយ​អ្នក​ទាំង ៣ នេះ ក៏​កំពុង ប្រកួត​ប្រជែង​ក្នុង​ឆ្នាំ​នេះ​ដែរ។

តាម​លោក គ្រួច ចន្ថា​រិ​ទ្ធ ថវិកា​ចំណាយ​ក្នុងការ​ប្រកួត​នេះ​បានមកពី​ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា គឺ​លោក គុជ គឹមឡុង និង​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC៕