ភ្នំពេញៈ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរកឃើញបេក្ខភាពជើងខ្លាំងទាំង ១៦ នាក់ ដែលត្រូវដាក់សំណើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបញ្ចូលពួកគេឲ្យប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ឆ្នាំ ២០១៩ ហើយ ប៉ុន្តែអតីតស្តេចអុកនៅអង្គរសង្ក្រាន្ត ៣ នាក់ មិនមានក្នុងបញ្ជីឈ្មោះនេះទេ។
កីឡាករ សុខ សំបូរ, ឆយ វីរ៉ា, សុខ លីមហេង, ប៊ូ ប៉ុណ្ណម៉ាលីកា, រស់ រិទ្ធីយ៉ា, ឡៅ លីម៉េន, រៀម វាសនា, ឃី ចំរើន, លឹម ផល្លា, នូ ច័ន្ទផានិត, ម៉េង សេរីសម្បត្តិ, ទេស សារ៉ាវី, ស៊ីវ ស៊ីន, ឈិន សំណាង, ឃឹម ឃឹម, និង ម៉ាត់ សេន គឺជាបេក្ខភាព ដែលបានជាប់នៅបញ្ជីឈ្មោះទាំង ១៦ នាក់នេះ បន្ទាប់ពីពួកគេ ទទួលបានលេខ ១ និងលេខ ២ ក្នុងការប្រកួតជម្រុះតាមពូលទាំង ៨ ដែលមានអ្នកចូលរួមសរុបចំនួន ៤៨ នាក់។
ប៉ុន្តែកីឡាករជម្រើសជាតិ ហេង សៅឌី ដែលជាស្តេចអុកឆ្នាំ ២០១៧ រួមទាំងកីឡាករជម្រើសជាតិ ប៊ិន គាសេង បានខ្ទាតចេញពីបញ្ជីឈ្មោះជម្រើសជាតិ នៅឆ្នាំ ២០១៩ ហើយ បន្ទាប់ពីអ្នកទាំង ២ នេះ បានចាញ់ក្នុងវគ្គជម្រុះតាមពូល។ រីឯអតីតស្តេចអុក ឆ្នាំ ២០១៧ ហូយ សូណា ព្រមទាំងអតីតស្តេចអុក ២ សម័យកាល ឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ឈីវ បូរ៉ា បានធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា។
លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកកម្ពុជា បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងពេលប្រកួត កាលពីម្សិលមិញថា៖ «យើងនឹងដាក់សំណើទៅក្រសួងអប់រំ ដើម្បីសុំឲ្យអ្នកទាំង ១៦ នាក់នេះក្លាយជាកីឡាករជម្រើសជាតិ ឆ្នាំ ២០១៩។ ខ្ញុំមិនទាន់ដឹងថា ក្រសួង នឹងយល់ព្រមឲ្យប៉ុន្មាននាក់នោះទេ ប៉ុន្តែយើងចង់បានជម្រើសជាតិច្រើន សម្រាប់ឲ្យពួកគាត់បានហ្វឹកហាត់ និងប្តូរបច្ចេកទេសជាមួយគ្នា ដើម្បីធ្វើឲ្យសមត្ថភាពពួកគាត់កាន់តែកើនឡើង»។
យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០១៨នេះ ក្រសួងអប់រំ បានផ្តល់គោលការណ៍ឲ្យសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា តែ ៦ នាក់ទេ ក្នុងនោះមានកីឡាករ ឆយ វីរ៉ា, សុខ លីមហេង, ប៊ូ ប៉ុណ្ណម៉ាលីកា និង រស់ រិទ្ធីយ៉ា ខណៈ ហេង សៅឌី និង ប៊ិន គាសេង នឹងគ្មានឈ្មោះក្នុងជម្រើសជាតិ ឆ្នាំ ២០១៩ ទេ។
លោក គុជ គឹមឡុង បញ្ជាក់ថា៖ «ការមិនជាប់របស់កីឡាករជម្រើសជាតិទាំង ២ នាក់របស់យើង មិនមែនពួកគាត់ខ្សោយនោះទេ ប៉ុន្តែសំខាន់យុវជនជំនាន់សម័យក្រោយនេះ កាន់តែខ្លាំងឡើងៗ ហើយនេះវាចំទៅនឹងគោលដៅរបស់យើង ដែលចង់បានអ្នកខ្លាំងៗឲ្យចូលជម្រើសជាតិ ព្រោះនឹងធ្វើឲ្យអុកចត្រង្គ កាន់តែរីកចម្រើន»។
ដោយឡែក ការប្រកួតប្រជែងរវាងជើងខ្លាំងទាំង ១៦ នាក់ខាងលើ ដើម្បីស្វែងរកជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំនេះ កីឡាករជើងចាស់ រស់ រិទ្ធីយ៉ា បានយកឈ្នះ ទេស សារ៉ាវី នៅវគ្គផ្តាច់ព្រ័ត្រដើម្បីក្លាយជាម្ចាស់ជើងឯក ឯ នូ ច័ន្ទផានិត បានឈ្នះ ប៊ូ ប៉ុណ្ណម៉ាលីកាក្នុងការប្រកួតយកលេខ ៣ ហើយលេខ ៥ ឃី ចំរើន លេខ ៦ ឆយ វីរ៉ា និងលេខ ៧ ម៉េង សេរីសម្បត្តិ៕