ក្រុងអាប៊ូដាប៊ី: ក្រុម​ម្ចាស់ផ្ទះ​អេមីរ៉ាតអារ៉ាប់រួម បាន​បញ្ចប់​ដំណើរ​ផ្សងព្រេង​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​គៀហ្ស៊ីគីស្ថាន​ជាមួយ​នឹង​គ្រាប់​បាល់​ប៉េណាល់ទី​នៅ​នាទី​បន្ថែម​ ១៥ ​នាទី​ ២ ​ដង​ដ៏​ចម្រូងចម្រាស ដើម្បី​ឈាន​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Asian Cup កាលពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​អូស្ត្រាលី និង​ជប៉ុន​ក៏​បាន​ឈាន​ទៅ​វគ្គ​បន្ត​ផងដែរ​។

អ្នកចាំទី Mathew Ryan បាន​សង្គ្រោះ​បាល់​ប៉េណាល់ទី​ ២ ​គ្រាប់ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី​បាន​ផ្តួល​ក្រុម​ចចក​ស​របស់​អ៊ូសបេគីស្ថាន​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្តី​ស្រប​ពេល​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​បាន​ទម្លាក់​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត​។

កីឡាករ​បម្រុង Ahmed Khalil បាន​ក្លាយ​ជា​វីរបុរស​របស់​ក្រុម​ជម្រើសជាតិ​អេមីរ៉ាតអារ៉ាប់រួម​នៅ​រាត្រី​ដ៏រំភើប​ក្នុង​ទីក្រុង Abu Dhabi នៅពេល​រូបគេ​បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ពី​ចំណុច​ពិន័យ​ ១១ ​ម៉ែត្រ​នៅ​ជិត​បញ្ចប់​ការប្រកួត ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​យក​ឈ្នះ ៣-២ ក្រោយពី​ការ​កាត់សេចក្តី​របស់​អាជ្ញាកណ្តាល​បាន​រង​នូវ​ការរិះគន់​។

លោក Aleksandr Krestinin គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​គៀហ្ស៊ីគីស្ថាន​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​មិន​និយាយ​ពី​អាជ្ញាកណ្តាល​ឡើយ​។ យើង​ចាកចេញ​ពី​យុទ្ធនាការ​នេះ​ជាមួយ​នឹង​ការសោកស្តាយ​ជាច្រើន ព្រោះ​យើង​ពិត​ជា​ស័ក្តិសម​ក្នុង​ការទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ​»​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា​៖ «​វា​ជា​ការ​ប្រកួត​ក្នុង Asian Cup ជា​លើក​ទី​ ១ ​របស់​យើង ប៉ុន្តែ​ខ្ញុំ​ពិតជា​ប្រាកដ​ក្នុង​ចិត្ត​ថា វា​នឹង​មិនមែន​ជា​ការបង្ហាញ​ខ្លួន​ជា​លើក​ចុងក្រោយ​របស់​យើង​ឡើយ ហើយ​យើង​នឹង​វិលត្រឡប់​កាន់តែ​ខ្លាំង​ជាង​មុន​»​។

ស្របពេល​ជាមួយ​គ្នា​នេះ​អ្នកចាំទី Ryan បាន​សង្គ្រោះ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​ជាមួយ​នឹង​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​របស់​គេ ដើម្បី​រារាំង​ការស៊ុត​បាល់​របស់​កីឡាករ​នៃ​ក្រុម​អ៊ូសបេគីស្ថាន ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០​។ អ្នកចាំទី​របស់​ក្លិប Brighton រូបនេះ​បាន​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​របស់​កីឡាករ Islom Tukhtakhujaev និង Marat Bikmaev នៅមុន​ពេល Mathew Leckie បាន​ស៊ុត​បាល់​កាត់សេចក្តី ដើម្បី​ជួយ​ឲ្យ​អូស្ត្រាលី ឈាន​ទៅ​ជួប​អេមីរ៉ាតអារ៉ាប់រួម​នៅ​វគ្គ​បន្ត​។

ក្រុម​ម្ចាស់​ជើងឯក​ ៤ ​សម័យកាល​ជប៉ុន​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត ១-០ តាមរយៈ​ការគ្រាប់​បាល់​នៅ​តង់​ទី​ ១ ​របស់​កីឡាករ Takehiro Tomiyasu ដើម្បី​ទៅ​ជួប​វៀតណាម​ក្នុង​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​។

ជ័យជម្នះ​របស់​ជប៉ុន​លើ​ក្រុម​ម្ចាស់​ជើងឯក​ ៣ ​សម័យកាល​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ទីក្រុង Sharjah បាន​កើតឡើង បើ​ទោះបី​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត​បាន​គ្រប់គ្រង​បាល់​ដល់​ទៅ​ ៧៧ ​ភាគរយ​ក៏ដោយ​។ ប្រធាន​ក្រុម​នៃ​ក្រុម​ជប៉ុន Maya Yoshida បាន​ឲ្យ​ដឹងថា​៖ «​កីឡា​បាល់ទាត់​អាស៊ី​កាន់តែ​មាន​ការប្រកួត​ប្រជែង​ខ្លាំង​ឡើង​»​។ ក្រោយពី​ការធ្លាក់​ចេញ​ដ៏ខកចិត្ត​ពី Asian Cup លោក Juan Antonio Pizzi បាន​លាលែង​ពី​តំណែង​ក្នុង​នាម​ជា​គ្រូបង្វឹក​នៃ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត​៕ IS