ភ្នំពេញ៖ កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង អេលីត ចំរើន បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មាស អម​ដោយ​ប្រាក់រង្វាន់១ម៉ឺនដុល្លារ បន្ទាប់​ពី​រូប​គេ​មាន​ទាត់​ឲ្យម្ចាស់​មេដាយ​សំរឹទ្ធស៊ីហ្គេម វ៉ាន់ វឿន ខូច​ដៃ​ស្តាំ បន្ត​ការ​ប្រកួត​លែង​បាន​ នៅ​ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​លើ​សង្វៀន PNN។

យ៉ាង​ណា​ក៏​ដោយ ការ​ផ្តួល វ៉ាន់ វឿន ត្រឹម​ទឹក​ទី​ ៤ កាល​ពី​ថ្ងៃអាទិត្យ កន្លងមក​នេះ គឺ អេលីត ចំរើន មានការ​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ជា​ជ័យជម្នះ ដែលបាន​កើត​ឡើង លើស​ពី​អ្វី​ដែលរូប​គេ បាន​រំពឹង​ទុកទៅ​ទៀត។

អេលីត​ ចំរើន ​និយាយក្រោយការ​ប្រកួត​​ថា​៖ «​នៅ​ក្នុង​ការ​ប្រ​កួត​ចំនួន​៣​ទឹក​ ខ្ញុំ​​មិន​ទាន់​ដឹង​ថា ​អាច​ផ្តួល​បាន ​ឬ​រក​ជ័យ​ជម្នះ​បាន​នៅ​ឡើយ​ទេ​ ព្រោះ​គេ​វាយ​សម្រុក​មក​ខ្លាំង ​គ្រប់​ស្នៀត និង​លំបាក​ទប់​ទល់​។​ ​ខ្ញុំ​គិត​ថា ​បើ​ឈ្នះ​ គឺ​អាច​ត្រឹម​ពិន្ទុប៉ុណ្ណោះ ​ប៉ុន្តែ​ស្នៀត​ទាត់​របស់​ខ្ញុំ​ ក្នុង​ទឹក​ទី​៤ ​គឺ​ចូល​គោល​ដៅ​ល្អ​ណាស់ គឺ​​ចំ​ដៃ ​​វ៉ាន់ ​វឿន ដែល​ខំរង ​នាំ​ឲ្យ​គាត់​ខូច​ដៃ​តែ​ម្តង​»។

ចំណែក​លោក ស៊ន​ អេលីត ​គ្រូ​បង្វឹក​ អេលីត ចំរើន បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​សង្ឃឹមថា អេលីត ចំរើន ​ឈ្នះ​តាំង​ពី​ដំបូង​ ​ព្រោះ​ស្នៀតទាត់របស់​គេ​​ធ្ងន់​ ហើយ​ចូល​គោល​ដៅ​ល្អ​ ធ្វើ​ឲ្យ​ដៃ​គូ ​វ៉ាន់ ​វឿន ​មិន​អាច​គេច​ផុត»​។​

ចំពោះ​ស្ថាន​ភាព​ប្រ​កួត​ជាក់​ស្តែង ​ក្នុង​រយៈ​ពេល​​៣ទឹក​ដំបូង ​គឺ​មាន​ភាព​ស្វិត​ស្វាញ​ និង​មាន​លក្ខណៈ​ប្រទាញ​ប្រទង់​ដណ្តើម​ពិន្ទុ​គ្នា​ខ្លាំង​ណាស់​ ដោយ​ អេលីត ​ចំរើន ​ល្អ​ទាត់​ជើង​ឆ្វេង​ ចូល​គោល​ដៅ​ល្អ ​ចំណែក​ វ៉ាន់ ​វឿន ​ទាត់​ជើង​ក្រោម​ និង​មាន​កណ្តាប់​ដៃ​វាយ​សង​បាន​ល្អ​វិញ​ដែរ​។

ឈានចូល​​ដល់​ទឹក​ទី​៤ ​អេលីត​ ចំរើន​ ដែល​ព្យាយាម​វាយ​ដក​ថយ​នោះ បាន​ទាត់​ឆ្វេងនាំ​ឲ្យ ​វ៉ាន់ ​វឿន​ ខូច​ដៃស្តាំ ​បន្ត​ការ​ប្រ​កួត​លែង​បាន ​ហើយ​អាជ្ញា​កណ្តាល​ អ៊ិន​ ខេមរិន ​ ​បាន​ផ្តល់​ជ័យ​ជម្នះ​ទៅ​ឲ្យ ​អេលីត​ ចម្រើន​ តែ​ម្តង ខណៈរាប់ដល់​ទៅ​ហើយតែ វ៉ាន់ ​វឿន មិនអាច​ក្រោក​ឡើងបាន​នោះ​។ ជាមួយជ័យជម្នះ​នេះ ចំរើន បាន​ខ្សែ​ក្រ​វាត់​មាស ​និង​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ​ចំណែក​ វ៉ាន់ ​រឿន ​ដែល​រង​របួស​ធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​ថត​ឆ្អឹងនោះ ​ទទួល​បាន​ប្រាក់​ត្រឹម​​២ពាន់​ដុល្លារ​ប៉ុណ្ណោះ​។​

យ៉ាង​ណា​ក៏​ដោយ ម្ចាស់មេដាយ​សំរឹទ្ធ​២ជំនាន់ វ៉ាន់ វឿន បាន​ចាត់ទុក​ការ​ចាញ់នេះ ជាករណី​ភ្លាត់ស្នៀត។ វ៉ាន ​រឿន ​និយាយ ​ក្រោយ​​ការ​​ប្រកួត​​ថា​៖«​ការ​ចាញ់នេះ ​គឺ​ភ្លាត់ស្នៀត​ ដោយ​​ខូច​ដៃ ​អាច​ស្រាំ​ឆ្អឹង​ ​ព្រោះ​ការ​ទាត់​របស់គេ​ធ្ងន់​ណាស់​ ស្របពេល​ដែល​ខ្ញុំ​រង​ការ​ទាត់​នោះ​»។

សិស្ស​គណ​ក្លិបឃ្លាំង​មឿន​កីឡា ​វ៉ាន់ ​វឿន បាន​​បន្ថែម​ថា​៖​«រយៈ​ពេល​ជាង​៣​ទឹក ​ខ្ញុំ​មាន​សង្ឃឹម​ឈ្នះ​ពិន្ទុ​ ​ព្រោះ​ខ្ញុំ​វាយ​​ចូល​គោល​ដៅ​បាន​ច្រើន​ ព្រម​ទាំងវាយ​សម្រុក​ ធ្វើ​ឲ្យ ​អេលីត ចំរើន ថយ​ជា​និច្ច​ ហើយ​​ខ្ញុំគិត​ថា ​នៅ​ទឹក​ទី៤​ និង​ទី​៥ ​ខ្ញុំ​កាន់​តែ​មាន​ប្រៀប​ផ្នែក​កណ្តាប់​ដៃ​ និង​ទាត់​ជើង​ក្រោម​ ប៉ុន្តែ​បាន​ខូច​ដៃ​ មិន​បញ្ចប់​ទឹក​ទី​៤»​។​

ចំណែក​លោក ​សុខ ​វិជ័យ​ គ្រូ​ធំ​របស់ វ៉ាន់ វឿន ក៏​បាន​យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​បាន​និយាយ​ថា​៖«​វ៉ាន់ វឿន ​មាន​ប្រៀប​បន្តិច​បន្តួច​ឈ្នះ​ពិន្ទុ​៣​ទឹក​ទៅ​ហើយ ​ប៉ុន្តែ​ការ​ចាញ់​នេះ​ មក​ពី​យើង​គេច​មិន​ទាន់ ​នាំ​ឲ្យ​ខូច​ដៃ​តែ​ម្តង ​គឺមាន​ការ​សោក​ស្តាយ​ណាស់​»។​

ជាមួយ​គ្នា​នេះ លោក ស្រ៊ឺ ស្រេង ហៅ ​សំណព្វ ​អ្នក​គ្រប់គ្រង​កម្ម​វិធី​កីឡា​ប្រចាំ​នៅ​សង្វៀន​PNN បាន​​និយាយ​ថា​៖ «​ការ​ប្រ​កួត​មាន​ភាព​ទាក់​ទាញ​ណាស់​ ហើយ​ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​វ៉ៃ​គ្នា​ឈ្នះ​ចាញ់​ ដោយ​សន្លប់បែបនេះ ដើម្បី​​កុំ​ឲ្យ​លំបាក​ដល់​ចៅ​ក្រម ​ឬ​គណៈកម្មការ​ប្រ​កួត ​ឬ​ប្រធាន​វិនិច្ឆ័យ​សម្រេច​ ព្រោះ​មិន​អាច​ត្រូវ​ចិត្ត​អ្នក​គាំ​ទ្រ​ទាំង​សង្ខាង​។​ ក្រោយ​ការប្រកួត​នេះ កម្ម​វិធីយើង​នៅ​តែ​បន្ត​ការ​ប្រ​កួត​ក្នុង​រដូវ​កាល​ទី​៣​ទៀត​ ប៉ុន្តែ​ប្តូរ​​រូប​មន្ត»​៕