ក្រុងកាហ្សាន់: ខ្សែបម្រើ​អន្តរជាតិ​អេស្ប៉ាញ​ដ៏​មាន​ឥទ្ធិពល Isco បាន​បញ្ជាក់​ថា ការ​ប្រកួត​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់ នៅ​រាត្រី​នេះ នឹង​កាត់​សេចក្តី​ជោគ​វាសនា​របស់​ពួកគេ​ក្នុង​យុទ្ធនាការ World Cup ខណៈ​ដែល​ពួកគេ​សម្លឹង​រក​ការ​កត់ត្រា​ជ័យ​ជម្នះ​ជា​លើក​ទី ១ របស់​ពួកគេ ក្នុង​ប្រទេស​រុស្ស៊ី ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់។

ក្នុងនាម​ជា​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​ឆ្នាំ ២០១០ និង​ជា​ក្រុម​ខ្លាំង​ប្រចាំ​យុទ្ធនាការ​ឆ្នាំនេះ មហិច្ឆតា World Cup របស់​អេស្ប៉ាញ បាន​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់ ដោយសារ​តែ​ការ​រក​បាន​គ្រាប់​បាល់ ៣ គ្រាប់​របស់ Cristiano Ronaldo។

លទ្ធផល​នេះ​បាន​កើតឡើង​ត្រឹមតែ ២ ថ្ងៃ ក្រោយពី​យុទ្ធនាការ​របស់​អេស្ប៉ាញ ត្រូវបាន​ធ្វើ​ឲ្យ​ស្ថិត​ក្នុង​ភាព​ជ្រួល​ច្របល់ ដោយ​ការ​បណ្តេញ​លោក Julen Lopetegui ចេញ​ដ៏​មិន​នឹក​ស្មាន​ដល់ ក្រោយ​ពី​ការ​ប្រកាស​ពី​សំណាក់​ក្លិប Real Madrid ថា លោក​នឹង​ចូលរួម​ជាមួយ​នឹង​ក្រុម​ម្ចាស់​ជើង​ឯក​ក្របខ័ណ្ឌ​អឺរ៉ុប ១៣ សម័យ​កាល​មួយ​នេះ បន្ទាប់​ពី World Cup។

លោក Fernando Hierro ប្រធាន​ផ្នែក​កីឡា​របស់​អេស្ប៉ាញ បច្ចុប្បន្ន​គឺជា​អ្នក​ដឹកនាំ​ក្រុម ប៉ុន្តែ ក្នុង​រយៈពេល ១ សប្តាហ៍​នៃ​យុទ្ធនាការ​នេះ អេស្ប៉ាញ ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចូលរួម​ជាមួយ​ប្រេស៊ីល អាល្លឺម៉ង់ និង​បារាំង ក្នុង​វគ្គ​បន្ត​នោះ បាន​ជួប​រឿង​សោក​សៅ​ច្រើន​ជាង​អ្វី​ដែល​ពួកគេ​ចង់​បាន ឬ​រំពឹង​ទុក។

ខ្សែបម្រើ Isco បាន​ឲ្យ​ដឹងថា៖ «វា​ជាការ​ប្រកួត​ដ៏​សំខាន់​មួយ​ដែល​នឹង​កំណត់​ជោគ​វាសនា​ក្នុង World Cup របស់​យើង។ យើង​ចង់​រក​គ្រាប់​បាល់​ចាប់​តាំង​ពី​នាទី​បើក​ឆាក សូម្បី​តែ​នោះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក៏ដោយ»។

អ៊ីរ៉ង់ បានចាប់ផ្តើម​យុទ្ធនាការ​របស់ខ្លួន​តា​មរយៈ​ការយក​ឈ្នះ ១-០ លើ​ក្រុម​ម៉ារ៉ុក៕

កម្មវិធី​ប្រកួត​រាត្រី​នេះ

ព័រ​ទុយ​ហ្គា​ល់ v ម៉ា​រ៉ុ​ក-7 យប់

អ៊ុយ​រូ​ហ្គា​យ v អារ៉ាប៊ីសាអ៊ូឌីត-10 យប់

អ៊ីរ៉ង់ v អេស្ប៉ាញ -1 អាធ្រាត្រ