ភ្នំពេញ៖ ​កីឡាករ​លំដាប់​ជួរ​មុខ​ និង​​​មាន​ប្រជាប្រិយភាព​របស់​កម្ពុជា រួម​មាន ​លាភ ​រដ្ឋា​, ​ជា​ សំនៀង​, ពុយ​ វណ្ណៈ​ និង ​ប៊ុន ​គន្ធា ​(​ប៊ុន ​សុធា​)​ ​សុទ្ធ​តែ​មិន​អាច​ដណ្តើម​យក​ជ័យជម្នះ​បាន​នៅ​លើ​​សង្វៀន​អាស៊ីអាគ្នេយ៍ ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ និង​ព្រឹក​ថ្ងៃ​អាទិត្យ ​ប៉ុន្តែ​កីឡាករ​ទម្ងន់​ធ្ងន់ ​អ៊ុង វិរៈ បាន​ស្តារ​មុខ​មាត់​ ​ដោយ​ផ្តួល​កីឡាករ​ច្រមុះ​ស្រួច​ Saber ​មក​ពី​អ៊ីរ៉ង់ ​ត្រឹម​ទឹក​ទី ​៣​ ក្នុង​ទម្ងន់ ​៨៧ ​គីឡូក្រាម​។

សម្រាប់​ការ​ប្រកួត​នៅ​យប់​ថ្ងៃ​សៅរ៍ ​លាភ ​រដ្ឋា ​បាន​ចាញ់​ស្នៀត​ទាត់​របស់​កីឡាករ​ថៃ Phat Trey ​ខណៈ​ដែល​ស្នៀត​ពិឃាត​​កណ្តាប់​ដៃ​របស់​គេ​ វាយ​ចូល​​មិន​ដល់​គោដៅ​ល្អ​។ ​នៅ​ក្នុង​ជំនួប​ប្រកួត​ចំនួន ​៥ ​ទឹក​ពេញ ​លាភ ​រដ្ឋា ​ចូល​វាយ​សម្រុក​គ្មាន​ដក​ថយ​ ប៉ុន្តែ​វាយ​មិន​ចូល​គោលដៅ​ល្អ ​និង​បាន​ទទួល​រង​នូវ​ស្នៀត​ទាត់​របស់​​ថៃ​ Phat Trey​ ដែល​វាយ​តាម​របៀប​ថយៗ​ស្រង់​យក​បច្ចេកទេស​បាន​ល្អ ​សឹង​តែ​មាន​ពិន្ទុ​ដាច់ ​៥ ​ទឹក​។ ​លទ្ធផល​ប្រកួត​ពី​សំណាក់​ចៅក្រម​ទាំង ​៥ ​ផ្តល់​ឲ្យ​កីឡាករ​ លាភ​ រដ្ឋា​ ចាញ់​ថៃ​ Phat Trey​ ៥ ​ទល់ ​០​។​

លាភ ​រដ្ឋា បាន​​និយាយ​ក្រោយ​ការ​ប្រកួត​​ថា​៖ «​លំបាក​វ៉ៃ ​ពី​ព្រោះ​កីឡាករ​ថៃ​ វ៉ៃ​រត់​ពេក ​ខ្ញុំ​វ៉ៃ​មិន​សូវ​ត្រូវ​។​ ខ្ញុំ​ចាញ់​ស្នៀត​ទាត់​តែ​ម្តង​ ​ព្រោះ​ចូល​មិន​ចុះ ​ហើយ​កីឡាករ​ថៃ​នេះ​ វ៉ៃ​រត់​ពេក ​មិន​ហ៊ាន​ត​ទល់​ជាមួយ​ខ្ញុំ​សោះ​ គឺ​ខ្ញុំ​ចាញ់​មិន​អស់​ចិត្ត​ឡើយ​»។

ជាមួយ​គ្នា​នេះ​ ​ផាន់ ​គ្រាន់​ ដែល​ត្រៀម​ប្រកួត​ជាមួយ​អ្នក​ចំណូល​ថ្មី​របស់​ថៃ​ Yorth Moeung​ ​ក្នុង​ទម្ងន់ ៦៥ ​​គីឡូក្រាម​នោះ​ ត្រូវ​បាន​គណៈកម្មការ​ផ្អាក​មិន​ឲ្យ​ចូល​ប្រកួត​ ដោយសារ ផាន់​ គ្រាន់​ បញ្ចុះ​ទម្ងន់​មក​ត្រឹម​ការ​កំណត់​មិន​បាន។ ជា​ សំនៀង​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជំនួស ផាន់ គ្រាន់ ប៉ុន្តែ​រូប​គេ​ តស៊ូ​បាន​ត្រឹម ​២ ​ទឹក​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​ Yorth Moeung​ ​​វ៉ៃ​ឲ្យ​សន្លប់​ ​គឺ សំនៀង ​ចាញ់​គ្រប់​ស្នៀត​ រួម​ទាំង​កម្លាំង​ផង​ដែរ​។​

សម្រាប់​ការ​ប្រកួត​កម្មវិធី Boostrong​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​វិញ​ ​គឺ​មាន​តែ ​អ៊ុង​ វិរៈ ម្នាក់​គត់​ ដែល​បាន​​ឈ្នះ ដោយ​រូប​គេ​​បាន​ផ្តួល​​អ៊ីរ៉ង់ ​Saber​ ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី ​៣​ បន្ទាប់​ពី​អាជ្ញា​កណ្តាល​រាប់​ចំនួន ​៣ ​លើក​រួច​មក​។ ​ជ័យជម្នះ​របស់​ វិរៈ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កីឡាករ​អ៊ីរ៉ង់​មាន​សមត្ថភាព​ចាញ់​ប្រៀប​ពេក​​។

ចំណែក​កីឡាករ ​ពុយ ​វណ្ណៈ​ ដែល​ព្យាយាម​វាយ​សម្រុក​ខ្លាំង​ចំនួន ​៥ ​ទឹក​ពេញ​នោះ​ នៅ​តែ​ទទួល​លទ្ធផល​ចាញ់​កីឡាករ​ខ្លាំង​ជំនាញ​ទាត់​របស់​ថៃ ​Van ​Chaleum​ ដោយ​ពិន្ទុ​។​ ​ពុយ ​វណ្ណៈ ​ចាញ់​ប្រៀប​​ថៃ​​ចំនួន ​៣ ​ទឹក​ដំបូង​ដាច់​ ប៉ុន្តែ​នៅ​ចុង​ទឹក​ទី ​៤ ​និង​ទី ​៥ ​​វណ្ណៈ​ ប្រឹងប្រែង​បាន​ល្អ​វិញ​ដោយ​សម្រុក​មិន​ឈប់ ​ប៉ុន្តែ​នៅ​តែ​គេច​មិន​ផុត​ពី​ការ​ចាញ់​។ ​ចំណែក​​កីឡាករ​ ប៊ុន​ គន្ធា​ ម្ចាស់​ខ្សែ​ក្រវាត់ ​២ ​ស្ថាប័ន​ និង​ទើប​តែ​ជាប់​ជម្រើស​ជាតិ​ ក្នុង​ឆ្នាំ ​២០២០ ​នេះ​ បាន​ប្រឹង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​ជាមួយ​ថៃ​ Kam​Lay ​Phith​ ប៉ុន្តែ​ទទួល​បាន​ត្រឹម​លទ្ធផល​​ស្មើ​គ្នា​។​

លោក​ ញាន​ សុធី​ ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រចាំ​សង្វៀន ​SEATV បាន​​និយាយ​ថា​៖ ​«សប្តាហ៍​នេះ​កីឡាករ​លំដាប់​ខ្លាំង​របស់​កម្ពុជា​ចំនួន ​៥ ​គូ​ រក​ឃើញ​ជ័យ​ជម្នះ​បាន​តែ ​១ ​គូ​ ​គឺ​ អ៊ុង​ វិរៈ ​​ប៉ុណ្ណោះ​។​ ការ​ផ្គូផ្គង​ធ្វើ​​ទៅ​តាម​បច្ចេកទេស ​និង​បទពិសោធ​ប្រកួត​របស់​កីឡាករ​ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​ យើង​មិន​អាច​ប៉ាន់ស្មាន​បាន​ថា​នោះ​ឡើយ​ ហើយ​ការ​ឈ្នះ ​១ ស្មើ ​១ និង​ចាញ់ ​៣ ​គូ​នេះ​ជា​លទ្ធផល​​ប្រកួត​ជាក់​ស្តែង​ ដោយ​សង្វៀន​​យើង​មិន​បាន​រៀបចំ​ជ័យជម្នះ​ទុក​ជា​មុន​នោះ​ទេ គឺ​ចាញ់​ឈ្នះ​តាម​សមត្ថភាព​ គ្មាន​យឹត​យោង​ឡើយ​»៕