ក្រុង​ម៉ូ​ស្គូ: ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អ៊ុយ​រូ​ហ្គាយ និង​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី បាន​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិ​ការណ៍ World Cup កាល​ពី​ថ្ងៃ​ពុធ ខណៈ​ដែល Cristiano Ronaldo បាន​​ដណ្តើម​ការ​នាំ​មុខ​ដើម្បី​ប្រជែង​ដណ្តើម​យក​​ស្បែក​ជើង​មាស​។

ការ​ស៊ុត​បាល់​​បញ្ចូល​ទី​តែ​១​គ្រាប់​ពី​សំណាក់ Luis Suarez គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​​មាន​៦​ពិន្ទុ​ស្មើ​ជា​មួយនឹង​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី និង​​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប និង​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ឲ្យ​ធ្លាក់​ចេញពី​យុទ្ធ​នា​ការ​នេះ​។

ក្នុង​ការ​ប្រកួត​​១​គូមុន​នេះ ក្នុង​ពូល B Ronaldo រក​បាន​គ្រាប់​បាល់​ទី​៤​របស់​គេ​ក្នុង​យុទ្ធ​នា​ការ​នេះ ក្នុង​ពេល​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ទទួល​ជ័យ​ជម្នះ ១-០ លើ​ក្រុម​ជម្រើស​ជាតិ​ម៉ា​រ៉ុក ដើម្បី​បញ្ចប់​ឱកាស​របស់​ក្រុម​​អា​ហ្វ្រិក​ខាង​ជើង​មួយ​នេះ ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Cristiano Ronaldo តែត​បាល់ ក្នុង​ពេល​ប្រកួត​ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​ម៉ា​រ៉ុក​។ AFP

កីឡាករ​ឆ្នើម​​ប្រចាំ​ឆ្នាំ​របស់​ពិភព​លោក​៥​សម័យ​កាល​រូបនេះ រក​​បាន​គ្រាប់​បាល់​ជា​មួយ​នឹង​ការ​តែត​បាល់​​បញ្ចូល​ទី​យ៉ាងល្អ​នៅ​ដើម​តង់ ដើម្បី​បន្ថែម​​ទៅ​លើ​គ្រាប់​បាល់​៣​​គ្រាប់​របស់​គេ​សម្រាប់​ក្រុម​ព័រ​ទុយ​​ហ្គាល់ នៅ​ពេល​ប្រកួត​ជា​​មួយ​​នឹង​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក្នុង​ការ​ប្រកួត​បើកឆាក​របស់​ពួកគេ​។

ក្នុង​ការ​ប្រកួត​ពូល B ១​គូ​ទៀត អេ​ស្ប៉ាញ បាន​ត្រូវ​ការ​គ្រាប់​បាល់​នាំ​​សំណាង​របស់ Diego Costa ដើម្បី​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ ដែល​​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ក្នុង​តង់​ទី​២​ដោយ​កីឡាករ Saeid Ezatolahi តែ​មិន​ត្រូវ​បាន​យក​ជាផ្លូវ​ការ​ដោយ​សារ​តែ Offside ក្នុង​ទីក្រុង Kazan​។

ព័រ​ទុយ​​ហ្គាល់ និង​អេ​ស្ប៉ាញ សុទ្ធ​សឹង​មាន​៤​ពិន្ទុ​ដូច​គ្នា ហើយ​និ​ងត្រូវ​​ប្រជែង​ដណ្តើម​យក​លេខ​១ ក្នុង​ពូល នៅ​ពេល​ដែល​ពួក​គេ​​បំពេញ​ការ​ប្រកួត​ជុំ​ទី​​១​របស់​ពួក​គេ​នៅ​ពេល​ប៉ះ​អ៊ី​រ៉ង់ និង​ម៉ា​រ៉ុក រៀង​ៗខ្លួន​នៅ​ថ្ងៃ​ចន្ទ​ សប្តាហ៍​​ក្រោយ​៕ IS

ខ្សែ​ប្រយុទ្ធ​អេ​ស្ប៉ាញ Diego Costa (កណ្តាល) ត្រូវ​បាន​រា​រាំង​ដោយ​ខ្សែ​ការ​ពារ​អ៊ី​រ៉ង់ Morteza Pouraliganji (ឆ្វេង) និង Ramin Rezaian​។ AFP