ប៊ែរឡាំង៖ អ្នក​គាំទ្រ​ក្រុម Bayern Munich​ ប្រមាណ ៨០០ នាក់ បាន​ប្រគល់​​ឱ្យ​វិញ​នូវ​សំបុត្រ​ការ​ប្រកួត​កម្មវិធី​​ UEFA Super Cup នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នា​ប្រទេស​ហុងគ្រី ចំពេល​មាន​ការ​បារម្ភ​ថា ការ​ប្រកួត​នេះ អាច​ក្លាយ​ជា​ព្រឹត្តិការណ៍​ចម្លង​វីរុស​ដ៏​ធំ​។​

ទីក្រុង​ប៊ុយដាប៉ែស នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ជួប​គ្នា​​រវាង​ក្រុម ​ដែល​ឈ្នះ​ជើងឯក​ក្របខ័ណ្ឌ Champions League គឺ​ក្រុម​នៅ​អាល្លឺម៉ង់ Bayern Munich និង​ម្ចាស់​ពាន​រង្វាន់ Europa League គឺក្រុម Sevilla របស់​អេស្ប៉ាញ ទោះ​ការ​ប្រកួត​នេះ​កំពុង​ប្រឈម​នឹង​ការ​រិះគន់​ខ្លាំង​ឡើងៗ​ក៏​ដោយ​។

អាល្លឺម៉ង់​ប្រកាស​ថា ​ក្រុង​ប៊ុយដាប៉ែស ជា​តំបន់​ដ៏​មាន​​ហានិភ័យ​ បន្ទាប់​ពី​មាន​ការ​ឆ្លង​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ដោយ​មាន​ដល់ ៥០ ​ករណី ក្នុង​ចំណោម​មនុស្ស ១០ ម៉ឺន​នាក់។​

លោក​ Markus Soeder នាយក​រដ្ឋមន្ត្រី​រដ្ឋ​បារ៉ាវៀ (Bavaria) ថ្លែង​ថា​៖ «​គ្រប់​គ្នា​គួរ​តែ​គិត​​ឡើង​វិញ មុន​ទៅ​ទីនោះ។ អ្នក​គាំទ្រ​ក្រុម Bayern ដែល​ត្រឡប់​ពី​ប៊ុយដាប៉ែស​វិញ ត្រូវ​ប្រឈម​ទាំង​ការ​ធ្វើ​តេស្ត ឬ​ក៏​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​»​។

ជា​​គម្រោង​សាកល្បង​ក្នុង​ការ​ឱ្យ​អ្នក​គាំទ្រ​មាន​ក្នុង​កីឡដ្ឋាន​វិញ ក្រុម Bayern និង Sevilla ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​សំបុត្រ ៣ ០០០ ​កៅអី សម្រាប់​​ប្រកួត​នេះ​។ សហព័ន្ធ​បាល់​ទាត់​អឺរ៉ុប (UEFA) ​រំពឹង​ថា​ អ្នក​គាំទ្រ​របស់​ Sevilla ចំនួន ៥០០ ​នាក់ និង​របស់​ Bayern ១ ៣០០ ​នាក់​ នឹង​មាន​វត្តមាន​នៅ​ឯ​កីឡដ្ឋាន​ Puskas Arena។

ដំបូង​ឡើយ​អ្នក​គាំទ្រ​របស់ ​Bayern ​ស្នើ​ទិញ​សំបុត្រ​ចំនួន ២ ១០០ ​កន្លែង តែ​ចំនួន ៨០០ ត្រូវ​បាន​ឱ្យ​​ត្រឡប់​​វិញ កាល​ពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​ដៃ​គូ​ព័ត៌មាន​របស់ AFP គឺ SID និង​កាសែត​នៅ​អាល្លឺម៉ង់ Bild​។

កាសែត​ Bild​ ​លើក​ជា​សំណួរ​ថា​៖ «​តើ​ការ​ប្រកួត​ Super Cup អាច​នឹង​ក្លាយ​ជា Super Spreader Cup (ពាន​ចម្លង​ជំងឺ​ដ៏​ធំ) ដែរ​ឬ​ទេ​?»​។

UEFA ​ប្រាប់ SID ថា ការ​ប្រកួត​ Super Cup នឹង​ដំណើរការ​ធម្មតា​៕ AFP/VN