ភ្នំពេញៈ ដោយមានការជំរុញ និងលើកទឹកចិត្តពីឪពុកដែលជាអ្នកចេះ និងស្រឡាញ់ខ្លាំងទៅលើការអភិរក្សក្បាច់គុនបុរាណខ្មែរនោះបានធ្វើឲ្យបងប្អូនស្រី ២ នាក់មានឈាមជ័រជាខ្មែរកម្ពុជាក្រោមបាននិងកំពុងដក់ចិត្តកាន់តែជ្រៅទៅលើការខិតខំហ្វឹកហាត់កីឡាចំបាប់ ដើម្បីឆ្ពោះទៅសម្រេចបំណង និងមហិច្ឆតាដ៏ធំរបស់ពួកគេគឺការប្រជែងរកមេដាយឲ្យបានពីការប្រកួតនៅលើឆាកអន្តរជាតិជូនជាតិមាតុភូមិ។
«ទុកតែភ្នែកទាំង ២ ឲ្យខ្ញុំបានហើយ» នេះជាបណ្តាំរបស់ព្រះតេជគុណ ឡឹម ជា នៅពេលព្រះអង្គបាននាំយកកូនស្រីទាំង ២ នាក់គឺ ឡឹម គីមលៀង និង ឡឹម គីមឡៃ មកផ្ញើសហព័ន្ធកីឡាចំបាប់កម្ពុជាឲ្យជួយមើលថែ និងជួយបង្ហាត់លើជំនាញចំបាប់ដោយព្រះអង្គមានការរំពឹងថា កូនស្រីទាំង ២ នាក់ដែលចូលចិត្តការវ៉ៃតប់ដូចប្រុសៗនោះនឹងអាចស្វែងរកអនាគតដ៏ប្រសើរមួយនៅខ្មែរកណ្តាល ជាពិសេសអាចសាងភាពល្បីល្បាញដើម្បីចូលរួមអភិរក្សចំបាប់របស់ខ្មែរ។
នៅក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍ កីឡាការិនីវ័យ ១៨ ឆ្នាំ ឡឹម គីមលៀង ដែលជាបងស្រី និង ឡឹម គីមឡៃ ជាប្អូនស្រី និងមានអាយុ ១៤ ឆ្នាំសុទ្ធតែបានបង្ហាញអារម្មណ៍ភ័យខ្លាចមុនពេលពួកគេបានចូលមកហ្វឹកហាត់ចំបាប់នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ ប៉ុន្តែពេលនេះក្មេងស្រីដែលមានកាយសម្បទាដ៏អំណោយផលទាំង ២ នេះសុទ្ធតែមានឆន្ទៈខ្ពស់ក្នុងការសាងភាពល្បីល្បាញគឺត្រូវប្រជែងរកមេដាយនៅលើឆាកអន្តរជាតិ។
ឡឹម គីមលៀង ដែលមានកម្ពស់ ១,៦៨ ម៉ែត្រ និងមានទម្ងន់ ៥៧,៥ គីឡូក្រាមបាននិយាយថា៖ «ដំបូងឡើយ ខ្ញុំមានអារម្មណ៍ភ័យ និងមិនចង់មកហាត់ចំបាប់ទេដោយសារខ្ញុំមិនធ្លាប់ហាត់ចំបាប់ពីមុនមកនោះទេ ប៉ុន្តែដោយសារប៉ាជំរុញ និងលើកទឹកចិត្តបានធ្វើឲ្យខ្ញុំសម្រេចមកហាត់ចំបាប់ ហើយពេលនេះខ្ញុំបែរជាស្រឡាញ់ និងចូលចិត្តហ្វឹកហាត់ចំបាប់ខ្លាំងមែនទែន»។
យ៉ាងណាក៏ដោយ គីមលៀង ដែលកំពុងរៀនថ្នាក់ទី ១១ ផងនោះបានទទួលស្គាល់ថា តាមរយៈការចូលមកហ្វឹកហាត់បានជាង ៤ ខែនេះគឺនាងនៅខ្សោយកម្លាំង។ «បច្ចុប្បន្នខ្ញុំរាងខ្សោយកម្លាំង ប៉ុន្តែទឹកចិត្តរបស់ខ្ញុំមុតមាំខ្លាំងណាស់។ ខ្ញុំនឹងពុះពារជម្នះការលំបាក ដើម្បីសម្រេចក្តីបំណងរបស់ខ្ញុំគឺការស្វែងរកមេដាយនៅលើឆាកអន្តរជាតិ ហើយខ្ញុំនឹងមិនបោះបង់ចោលចំបាប់នោះទេ គឺខ្ញុំនឹងខំហ្វឹកហាត់ឲ្យបានខ្លាំង»។
ចំណែកកីឡាការិនីវ័យក្មេងកម្ពស់ ១,៦២ ម៉ែត្រ ទម្ងន់ ៥១ គីឡូក្រាម ឡឹម គីមឡៃ ដែលបានមកចូលហាត់ចំបាប់មុនបងស្រីរបស់គេ ហើយបានជាប់ក្នុងក្រុមថ្នាលចំបាប់ជម្រើសជាតិនោះគឺមានមហិច្ឆតាខ្ពស់ជាង គីមលៀង ទៅទៀត។ គីមឡៃ មានចរិតដូចមនុស្សប្រុស និងមានភាពជឿជាក់ខ្លាំងលើខ្លួនឯង ហើយតាំងពីកុមារភាពក្មេងស្រីម្នាក់នេះមិនដែលខ្លាចលើការវ៉ៃតប់ជាមួយក្មេងប្រុសៗនោះទេ។
ជាមួយសម្តីធ្ងន់ៗ គីមឡៃ ដែលកំពុងរៀនថ្នាក់ទី ៧ បាននិយាយថា៖ «ដំបូងឡើយប៉ាឲ្យខ្ញុំមកហាត់ចំបាប់ត្រឹមការពារខ្លួន ប៉ុន្តែខ្ញុំនឹងខំប្រឹងហ្វឹកហាត់ឲ្យបានខ្លាំង និងប្រកួតឲ្យបានមេដាយ ព្រោះខ្ញុំចង់មានឈ្មោះល្បី នៅពេលអនាគត និងចង់ជួយឲ្យចំបាប់ខ្មែរកាន់តែមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ»។
ឡឹម គីមឡៃ បានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថាខ្ញុំនឹងសម្រេចក្តីបំណងនេះបាន ព្រោះខ្ញុំមានទឹកចិត្ត និងឆន្ទៈមុតមាំ។ ខ្ញុំនឹងខំពុះពារហ្វឹកហាត់ឲ្យបានខ្លាំង ខណៈពេលនេះចិត្តរបស់ខ្ញុំស្រឡាញ់ចំបាប់មែនទែន ហើយខ្ញុំជឿថា សហព័ន្ធកីឡាចំបាប់កម្ពុជា និងថ្នាក់ដឹកនាំនឹងជួយជ្រោមជ្រែងដល់រូបខ្ញុំ ដើម្បីខ្ញុំអាចមានសមត្ថភាពឈានទៅដល់កម្រិតមួយដែលអាចដណ្តើមមេដាយពីការប្រកួតនៅលើឆាកអន្តរជាតិជូនជាតិ»។
ចំណែកលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអ្នកជួយរ៉ាប់រងឲ្យ ឡឹម គីមលៀង និង ឡឹម គីមឡៃ បានបន្តការសិក្សារៀនសូត្រនៅសាលាបាក់ទូកនោះមានការពេញចិត្តខ្លាំងទៅលើឆន្ទៈរបស់បងប្អូនស្រីមកពីកម្ពុជាក្រោមទាំង ២ នេះហើយលោករំពឹងថាអ្នកទាំង ២ នឹងក្លាយជាបេក្ខភាពក្នុងចំណោមបេក្ខភាពកីឡាការិនីកម្ពុជាផ្សេងៗទៀតដែលអាចជួយសម្រេចទិសដៅក្នុងការឈ្នះមេដាយមាសនៅក្នុងការប្រកួត ស៊ីហ្គេម ឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា។
លោកបាននិយាយថា៖ «ខ្ញុំ ឃើញបងប្អូនភ្លោះជនជាតិរុស្ស៊ី ២ នាក់មានសមត្ថភាពខ្លាំងដោយបានឈ្នះមេដាយអូឡាំពិក និងមេដាយពិភពលោកច្រើនជំនាន់គួរសម អ៊ីចឹងហើយការចូលមកហ្វឹកហាត់ចំបាប់របស់បងប្អូនស្រីៗ ២ នាក់នេះគឺក្តីស្រមៃរបស់ខ្ញុំ ទោះមិនដល់មេដាយអូឡាំពិក និងកម្រិតអាស៊ីក្តី ប៉ុន្តែបំណងរបស់យើងគឺចង់ឲ្យពួកគេបានមេដាយមាសការប្រកួតស៊ីហ្គេមដែរ»។
អគ្គលេខាធិការរូបនេះបានបន្ថែមថា៖ «សព្វថ្ងៃពួកគាត់ទាំង ២ នាក់អត់ទាន់ដឹងថា ខ្លួនឯងមានអី និងខ្វះអីនោះទេ តែយើងជាគ្រូ និងជាអ្នកបច្ចេកទេសរបស់សហព័ន្ធដឹងច្បាស់ ប៉ុន្តែអ្វីដែលល្អបំផុតដែលគាត់មកហាត់ចំបាប់នេះគឺគាត់មានឆន្ទៈខ្ពស់មានកាយសម្បទាល្អ និងមានការជំរុញពីឪពុកម្តាយគឺឪពុករបស់គាត់ផ្តាំខ្ញុំថា ទុកតែភ្នែកទាំង ២ ឲ្យគាត់បានហើយ ដែលនេះជាចំណុចសំខាន់ រីឯបញ្ហាពាក់ព័ន្ធនឹងកម្លាំង និងបច្ចេកទេស វាជារឿងក្រោយទេគឺឲ្យតែគាត់មានចំណុចសំខាន់ទាំង ៣ នេះយើងស្រួលអភិវឌ្ឍគាត់ទេ»។
បើតាមកាយសម្បទា កម្ពស់ អាយុ និងទម្ងន់ខ្លួនរបស់បងប្អូនស្រីកម្ពុជាក្រោមទាំង ២ នាក់នៅពេលនេះលោក ធិន វិចិត្រ បានធ្វើការវាយតម្លៃថានៅថ្ងៃអនាគត គីមលៀង និង គីមឡៃ អាចមានទម្ងន់ចូល ៧០ គីឡូក្រាមដែលជាទម្ងន់ងាយនឹងប្រជែងរកមេដាយ ហើយតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាចំបាប់កម្ពុជាគឺចង់អភិវឌ្ឍក្រុមចំបាប់ជម្រើសជាតិនារីឲ្យមានសមត្ថភាពខ្លាំងស្មើទៅនឹងក្រុមចំបាប់ជម្រើសជាតិនារីរបស់វៀតណាមដែលគេចាត់ទុកថាជាបងធំ ឬជើងខ្លាំងប្រចាំនៅតំបន់អាស៊ាន។
ចំណែកលោក ចាប លឿន គ្រូបង្វឹកធំក្រុមថ្នាលចំបាប់ជម្រើសជាតិបាននិយាយថា៖ «គីមលៀង និង គីមឡៃ មានការរីកចម្រើនជាងមុន ព្រោះកាលមកដំបូងខ្ញុំឲ្យលើកដុំដែកតែ ១០ គីឡូក្រាមឡើងមិនរួចផង តែពេលនេះមនុស្សទម្ងន់ ៥០ ទៅ ៦០ គីឡូ គាត់លីឡើងផុយ អ៊ីចឹងមានន័យថាកម្លាំងគាត់កើន ឯបច្ចេកទេសទើបបាន ៣០ ភាគរយទេ ហេតុនេះយើងជំរុញបន្ថែមផ្នែកបច្ចេកទេស ហើយតាមឆន្ទៈរបស់ពួកគាត់ ខ្ញុំគិតថាពួកគាត់អាចឈានទៅសម្រេចក្តីបំណងរបស់ពួកគាត់»៕