ក្រុង​ប៉ារីស៖ ក្រុម​ Juventus, Chelsea និង Sevilla សុទ្ធ​តែ​ដណ្ដើម​បាន​ជ័យជម្នះ​នៅ​វិនាទី​ចុង​​ក្រោយ​ដូច​គ្នា ខណៈ​ពួក​គេ​បាន​ឆ្លង​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​អង្គារ ស្រប​ពេល​កីឡាករ Martin Braithwaite ស៊ុត​បាន ២ គ្រាប់ ក្នុង​ប្រកួត​ដែល​ក្រុម​ Barcelona ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Dynamo Kiev ៤-០ ហើយ​កក់​កៅអី​នៅ​វគ្គ​ចាញ់​ធ្លាក់​នេះ​ ១ នឹង​គេ​​ដែរ​។

ពួក​គេ​ គឺ​ក្រុម​ដំបូង​ ដែល​បាន​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ទាំង​នៅ​សល់ ២ ប្រកួត​ទៀត ខណៈ​នេះ​ជា​ការ​ប្រកួត​នៅ​យប់​មួយ ដែល​គេ​បាន​ឃើញ​​កីឡាករ​ឆ្នើមៗ​ ដូច​ជា Erling Braut Haaland, Neymar, Cristiano Ronaldo និង Bruno Fernandes សុទ្ធ​តែ​ទម្លុះ​សំណាញ់​ទី​បាន​ដូចៗ​គ្នា​។

ក្នុង​ប្រកួត​នេះ គ្មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi សម្រាប់​ក្រុម Barca ទេ ដោយ​កីឡាករ​អន្តរជាតិ​អាហ្សង់ទីន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​ពី​ការ​ធ្វើ​ដំណើរ​ទៅ​អ៊ុយក្រែន​នេះ តែ​ក្រុម​របស់​លោក Ronald Koeman នៅ​តែ​ធ្វើ​បាន​ល្អ ដោយ​ការ​យក​ជ័យជម្នះ​លើក​ទី​៤ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង ៤ ​ដង​របស់​ខ្លួន​ក្នុង​ពូល G​។

គ្រាប់​បាល់​ទាំង​អស់​របស់​ក្រុម​យក្ស​ទៅ​ពី​អេស្ប៉ាញ កើត​ឡើង​នៅ​​វគ្គ​ទី២ ដោយ​គ្រាប់​ទី​១ បាន​មក​ពី​កីឡាករ​ Sergino Dest មុន​នឹង​ Braithwaite ស៊ុត​ ២ គ្រាប់​បន្ត​បន្ទាប់​គ្នា ហើយ​គ្រាប់​ចុង​ក្រោយ ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​បម្រុង Antoine Griezmann​។

គ្រូបង្វឹក​របស់​ Barca លោក Koeman និយាយ​ក្រោយ​ការ​ប្រកួត​បញ្ចប់​ថា​៖ «​យើង​សម្រេច​គោល​បំណង​របស់​យើង​បាន​ហើយ​។ យើង​ចង់​បាន​ជ័យជម្នះ​ខ្លាំង​ណាស់ ហើយ​ស៊ុត​បញ្ចូល​ទី ៤ គ្រាប់​។ កីឡាករ​សំខាន់ៗ​ អាច​សម្រាក​បាន​ ហើយ​កីឡាករ​ក្មេងៗ​ទទួល​បាន​ឱកាស​​»​។​

ក្នុង​ពូល​ G នេះ Juve ក៏​បាន​ឆ្លង​ទៅ​វគ្គ​បន្ត​ដែរ តែ​ក្រុម​ជើងឯក​លីគ​កំពូល​របស់​​អ៊ីតាលី ត្រូវ​ចាំ​គ្រាប់​បាល់ ដែល​តែត​ដោយ​​កីឡាករ​បម្រុង Alvaro Morata ក្នុង​​ម៉ោង​បន្ថែម​បង្គ្រប់ ទើប​អាច​ឈ្នះ​​ក្រុម Ferencvaros ២-១ នៅ​ទឹក​ដី​ខ្លួន​បាន​។

ការ​ប្រកួត​នៅ​ក្រុង​ទូរីន​នេះ Myrto Uzuni ជួយ​ឱ្យ​ក្រុម​ទៅ​ពី​ហុងគ្រី នាំ​មុខ​មុន តែ Ronaldo ឱ្យ​ម្ចាស់​ផ្ទះ​ស្មើ​វិញ មុន​ចប់​វគ្គ​ទី១ ដែល​នោះ ក៏​មាន​​ន័យ​ដែរ​ថា ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ព័រទុយហ្គាល់​ រក​គ្រាប់​បាល់​បាន​ ១៥ រដូវកាល​​ជាប់ៗ​គ្នា នៅ​ Champions League​​។

ដូច​គ្នា​ដែរ Chelsea អាច​​ធ្វើ​ដំណើរ​ចេញ​​ពី​ពូល E បាន​ហើយ​ ក្រោយ​ឈ្នះ​ Rennes ២-១ នៅ​បារាំង ដោយសារ​ការ​តែត​របស់​ខ្សែ​ប្រយុទ្ធ Olivier Giroud ​ក្នុង​ម៉ោង​បន្ថែម​របួស​​។ Serhou Guirassy ជា​អ្នក​រក​គ្រាប់​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​តាម​ស្មើ​គ្រាប់​បាល់​របស់​ក្រុម​ភ្ញៀវ​ដែល​ស៊ុត​ដោយ Callum Hudson-Odoi​។

Sevilla នឹង​មិន​អាច​ការពារ​តំណែង​ជើងឯក​ពាន Europa League រដូវកាល​មុន របស់​ខ្លួន​បាន​ឡើយ ដោយសារ​បាន​​ឡើង​ទៅ​វគ្គ ១៦ ​ក្រុម​នៃ​កម្មវិធី​ប្រកួត​សម្រាប់​ក្រុម​កំពូលៗ​របស់​អឺរ៉ុប ក្រោយ​ឈ្នះ​ Krasnodar នៅ​រុស្ស៊ី​ ២-១។

Sevilla និង Chelsea​ មាន​ ១០ ​ពិន្ទុ​ស្មើ​គ្នា តែ​ក្រុម​លំដាប់​កំពូល​របស់​អង់គ្លេស​របស់​ Frank Lampard នឹង​ធ្វើ​ដំណើរ​ទៅ​អេស្ប៉ាញ នា​សប្ដាហ៍​ក្រោយ ហើយ​អ្នក​ឈ្នះ​នឹង​ធានា​បាន​នូវ​ចំណាត់​លេខ​ ១ ក្នុង​ពូល​ E៕ AFP/VN