ក្រុង​ឡុង​ដ៍​: ក្រុម Norwich City ដែល​កំពុង​មាន​ពិន្ទុ​នាំ​មុខ​គេ ក្នុង​តារាង​ក្រប​ខ័ណ្ឌ Championship បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​រយៈ​ចម្ងាយ​ ដែល​កៀក​ក្នុង​ការ​បាន​ឡើង​​ទៅ​កាន់​ក្របខ័ណ្ឌកំពូល Premier League ខណៈការ​ធ្វើ​បាន​ហ៊ែត​ទ្រិក (ស៊ុត ៣ គ្រាប់) របស់​កីឡាករ Teemu Pukki បាន​រួម​ចំណែក​ជួយ​ជម្រុញ​ឱ្យ​ក្រុម​មាន​ជ័យ​ជម្នះ​លើ​ក្រុម Huddersfield ៧-០ កាល​ពី​ថ្ងៃ​អង្គារ។

ក្រុម​របស់​លោក​ Daniel Farke ត្រូវ​ការ​តែ ៥ ​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ ពី​ការ​ប្រកួត​ ដែល​នៅ​សល់ ៦ លើក​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ពួក​គេ​បាន​វិល​​ត្រឡប់​វិញ​យ៉ាង​ឆាប់ទៅ​លីគ​កំពូល​របស់​អង់គ្លេស ក្រោយ​ធ្លាក់​កាល​ពី​រដូវកាល​មុន​។​

ក្រុម​ដែល​មាន​រហស្សនាមថា ចាប​ពណ៌លឿងអាច​នឹង​បានសិទ្ធិ​ឡើង​យ៉ាង​ឆាប់នៅ​ថ្ងៃ​សៅរ៍ ប្រសិន​បើ​ពួក​គេអាច​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Derby ហើយ​លទ្ធផល​នៃ​ក្រុម​គូ​ប្រជែង​ដទៃ ផ្ទុយ​ពី​ពួក​គេ​​។

ក្រុម Norwich ស៊ុត​បញ្ចូល​ទី ៥​ គ្រាប់ នៅ​វគ្គ​ទី១ សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Carrow Road នេះ ដោយ Pukki រក​បាន ២ គ្រាប់ ហើយ​ Emi Buendia, Todd Cantwell និង Kieran Dowell ធ្វើ​សម្រេច​ម្នាក់ ១ គ្រាប់​។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិហ្វាំង​ឡង់ Pukki ធ្វើ​បាន​ហែតទ្រិក នៅ​វគ្គ​ទី២ ដោយការ​ស៊ុត​បាល់​ប៉េណាល់​ទី ហើយ​កីឡាករ​បម្រុង Jordan Hugill បង្ហើយ​គ្រាប់​ទី ៧ ឱ្យ Norwich​។

ជ័យ​ជម្នះ​ដ៏​មហិមា​របស់​ Norwich នា​រដូវកាល​នេះ បាន​ជួយ​ឱ្យ​ពួក​គេ នាំ​មុខ​ដាច់ ៨​ ពិន្ទុ លើ​ក្រុម​លេខ ២ Watford និង ១៧ ​ពិន្ទុ លើ​ក្រុម​លេខ ៣ Brentford​។

ក្រុម​ដែល​បញ្ចប់​ចំណាត់​ថ្នាក់​លេខ ១ និង​លេខ ២ នៅ​ Championship នេះ ត្រូវ​បាន​ដំឡើង​​ស្វ័យ​ប្រវត្តិ ខណៈ​ ៤ ក្រុម​ ខាង​ក្រោម​ ត្រូវ​ប្រកួត​ play-off ដើម្បី​ដណ្ដើម​កៅ​អី​ ១ ចុង​ក្រោយ៕ AFP/VN