ភ្នំពេញ: តារា​ចម្រៀងប្រុស​មាន​ទេពកោសល្យ​ក្នុង​ការ​និពន្ធ​បទ​ចម្រៀង​ និង​បង្កើតជា​បទ​ភ្លេង​ថ្មី​បាន​ដោយ​ខ្លួន​ឯង​លោក​ ងួន​ ចាន់​ដេវីត​ ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ទ្រនំ​ចាស់​ផលិត​កម្ម​រស្មី​ហង្ស​មាស​ ហាក់​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ស្នាដៃ​តែង​និពន្ធ​បទ​ចម្រៀង ​ដោយ​បាន​ប្រកាស​ថា​ លោក​នឹង​ត្រៀម​ចេញ​អាល់ប៊ុម​ថ្មី​ និង​ជា​អាល់ប៊ុម​ដំបូង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ក្រុម​ហ៊ុន​ស្មាត​លើ​ឆាក​តន្ត្រី​។

លោក​ ងួន​ ចាន់​ដេវីត​ ហៅ​ ជី ដេវីត​ បាន​ប្រាប់​មក​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​មូល​ហេតុ​ ដែល​ទទួល​ការ​គាំ​ទ្រ​ពី​ក្រុម​ហ៊ុន​ ស្មាត​ ក្នុង​ការ​ប្រគំ​តន្ត្រី​បង្ហាញ​អាល់ប៊ុម​ថ្មី​ថា​៖​«​ដោយ​សារ​តែ​ស្មាត​អាច​ផ្តល់​កម្រៃ​មក​សិល្បករ​បាន​ជា​ច្រើន​តាម​រយៈ​ការ​ដាក់​បទ​ចម្រៀង​ចូល​ទៅ ​App (Pleng by Smart) ហើយ​ក៏​អាច​ឲ្យ​ខ្ញុំ​បាន​កម្រៃ​ ដើម្បី​យក​មក​បណ្តុះ​បណ្តាល​ក្មេង​ជំនាន់​ក្រោយ​ ដែល​ពួក​គាត់​មាន​ទេពកោសល្យ​ ប៉ុន្តែ​​គ្មាន​ឱកាស​»​។

G-Devith រំពឹង​រក​កម្រៃ​ច្រើនពី​កម្មវិធី Pleng by Smart ដើម្បី​យក​មក​បណ្ដុះ​ក្មេង​ជំនាន់​ក្រោយ​។ហុង មិនា

ក្នុង​អាល់​ប៊ុម​ដំបូង​ដែល​តារា​ចម្រៀង​ប្រុស​រាង​ខ្ពស់​ស្រឡះ​​លោក​ G-Devith បាន​ដាក់​ឈ្មោះ​ថា​ “Reborn” ​ក្នុង​នោះ​មាន​បទ​ចម្រៀង​ចំនួន​ ៩ បទ​ ជា​ចម្រៀង​បែបភាសា​ខ្មែរ​លាយ​អង់​គ្លេស​ ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​អាជីព​ជា​អ្នក​តា​រា​ចម្រៀង​របស់​លោក​ផ្ទាល់​ និងជា​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ថ្មី​ដែល​បាន​ឈាន​ចូល​មក​កាន់​ Pleng by Smart ​ត្រៀម​ក្នុង​ការ​ប្រគុំ​នៅ​ថ្ងៃ​ទី​២៥​ ខែ​សីហា​ ខាង​មុន​នេះ​ដែល​ប្រព្រឹត្តិ​នៅ​ផ្សារ​ទំនើប​អ៊ី អន​ម៉ល​សែន​សុខ​។

លោក​ Thomas Hundt ជា​នាយក​ប្រតិបត្តិ​ក្នុង​ហ៊ុន​ Smart Axiata បាន​ថ្លែង​ក្នុង​ថ្ងៃ​សម្ភោធ​អាល់​ប៊ុម​ថ្មី​របស់​​ G-Devith កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ថា​៖​«​តាម​ធម្មតា​នៅ​លើ Pleng by Smart ជា​កន្លែង​ដែល​អាច​ស្តាប់​បទ​ចម្រៀង​បាន​ទាំង​អស់​គ្នា​ ដោយ​យើង​មាន​បទ​ចម្រៀង​ជា​ច្រើន​ចម្រុះ​គ្នា​ មិន​ផ្តោត​ទៅ​លើ​ប្រភេទ​ចម្រៀង​បែប​មនោសញ្ចេតនា ឬ​បែប​ Hip Hop ឡើយ​ ហើយ​យើង​ក៏​មាន​តារា​ចម្រៀង​ជា​ច្រើន​ដូច​គ្នា​ ដូច​ជា​ក្រុម​ក្មេង​ខ្មែរ​ ចិត្ត​ កញ្ចនា ជា​ដើម​ ប៉ុន្តែដោយ​យើង​បាន​សង្កេត​ឃើញ​ថា​​ G-Devith មាន​អត្តចរិក​ ទាំង​ស្ទាយ​របស់​គាត់​ក្នុង​ការ​និពន្ធ​បទ​ភ្លេង​ ទាំង​សំលេង​ជា​ប្រភេទ​មួយ​ដែល​ខុស​ពី​គេ​ទើប​យើង​គិត​ថានៅ​លើ​ Pleng យើង​ត្រូវ​ការ​បន្ថែម​ទៀត​»​។

តារាចម្រៀង ​G-Devith និង​លោក Thomas Hundt ជា​នាយក​ប្រតិបត្តិ​ក្នុង​ហ៊ុន​ Smart Axiata​។ហុង មិនា

ចំពោះ​សំបុត្រ​ចូល​រួម​ទស្សនា​ក្នុង​ការ​ប្រ​គុំ​តន្រ្តី​ជា​ការ​សម្តែង​ផ្តាច់​មុខ​របស់​តារា​ចម្រៀង​ប្រុស​ស្រស់​សង្ហា​លោក​​ G-Devith ដោយ​មាន​ការ​គាំ​ទ្រ​ពី​ Smart Axiataមាន​ចំនួន​សរុប ​៣០០០សន្លឹក​ គឺ​ត្រូវ​បាន​ចែក​ជូន​​ឥត​គិត​ថ្លៃ​ដោយ​តម្រូវ​ឲ្យ​អ្នក​ចង់​ចូល​រួម​ទស្សនា​មាន​ កម្ម​វិធី​ App Pleng នៅ​លើ​ទូរស័ព្ទ​នឹង​បាន​Update នៅ​កម្ម​វិធី​ Smart Pro នោះ​នឹង​ទទួល​បាន​សំបុត្រ​ចូល​រួម​ទស្សនា​ និង​អាវ​យឺត​មួយ​​។ ចំណែក​១០០០​សន្លឹក​ទៀត​នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​នៅ​តាម​រយៈ​បណ្តាញ​ផ្សព្វ​ផ្សាយ​​ G-Devith, Smart Axiata ឬ​​ Pleng ។

ក្រៅ​ពី​អាល់​ប៊ុម​បទ​ចម្រៀង​ថ្មី​ “Reborn”​ ដែល​តារា​ចម្រៀង​ដែល​មាន​សម្ថភាព និង​សម្លេង​​ពីរោះ​លោក​ ងួន​ ចាន់​ដេវីត​ ត្រៀម​បង្ហាញ​ក្នុង​ឆ្នាំ​២០១៩​នេះ​លោក​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​៖ «​ក្រោយ​ពី​ការ​ប្រគុំ​តន្រ្តី​អាល់​ប៊ុម​ថ្មី​របស់​ខ្ញុំ​រួច​ហើយ​ ខ្ញុំ​ក៏​មាន​គម្រោង​ក្នុង​ការ​ចេញ​បទ​ចម្រៀង​ថ្មីៗ​ជា​ច្រើន​បទ​រួម​ជា​មួយ​ដៃ​គូរ​ខ្ញុំ​គឺ​ ទេព​ បូព្រឹក្ស​ ជា​ការ​ធ្វើ​ឡើង​ឲ្យ​ប្លែក​ដែល​អ្នក​គ្រប់​មិន​នឹក​ស្មាន​ថា​ខ្មែរ​ក៏​អាច​ធ្វើ​បាន​»៕

ក្រុមអ្នកគាំទ្រ​តារាចម្រៀង G-Devith។ហុង មិនា

ក្រុមអ្នកគាំទ្រ​តារាចម្រៀង G-Devith។ហុង មិនា