ភ្នំពេញ: គ្រងឈុតកីឡាបាល់ទាត់ កុមារា អេនឌី ត្រូវបានណែនាំឲ្យបើករូបភាពផ្កាប់មួយសន្លឹកឡើង រួចពិព័រណ៍នានូវអ្វីដែលខ្លួនបានឃើញតាមរយៈរូបភាពនោះ។
មើលមួយភ្លែត កុមារា វ័យ ១០ ឆ្នាំនេះ ដែលអាចនិយាយភាសាអង់គ្លេស ខ្មែរ និងចិនបានយ៉ាងល្អ ត្រូវបានចាត់ទុកជាកុមារប្រក្រតីម្នាក់។ ប៉ុន្ដែ អេនឌី ជួបការលំបាកក្នុងការទាក់ទងជាមួយមនុស្សជុំវិញខ្លួន និងពេលខ្លះមានការតបតខុសកាលៈទេសៈថែមទៀត។
Claire Banks ជាអ្នកជំនាញផ្នែកទំនាក់ទំនងមកពីអូស្ដ្រាលី ដែលធ្វើការជាមួយ អេនឌី ៦ ខែ នៅគ្លីនិក ហេបភី ឃីដ បាននិយាយថា អេនឌី ជាកុមារអូទីសឹម និងជួបការលំបាកក្នុងការប្រាស្រ័យទាក់ទង។ នោះជាមូលហេតុដែលកុមារារូបនេះមកកាន់គ្លីនិករៀងរាល់ ២ សប្ដាហ៍ម្ដង។
Claire និយាយថា៖ «យើងធ្វើកិច្ចការទាំងនេះដើម្បីឲ្យគាត់មានទំនាក់ទំនងល្អដោយសារគាត់ពិបាកនិយាយស្ដី និងបញ្ហាការប្រាប់ពីបំណង។ យើងព្យាយាមឲ្យគាត់ចេះប្រើប្រយោជន៍និយាយ និងអនុវត្ដជាមួយសព្ទនាម ដូចជា «គាត់» ជាដើម។ យើងក៏បង្រៀនគាត់ឲ្យចេះប្រាប់អំពីគោលបំណង និងហាមាត់និយាយស្ដីជាមួយក្រុមគ្រួសារ សាច់ញាតិ និងមិត្ដភក្ដិដូចប្រក្រតី»។
អេនឌី គ្រាន់តែជាឧទាហរណ៍មួយក្នុងចំណោមកុមារជាច្រើនទៀត ហើយ Claire ក៏ជាអ្នកជំនាញម្នាក់ក្នុងចំណោមអ្នកបច្ចេកទេសជនជាតិបរទេសមកពី ហេបភី ឃីដ ដែលជាសហគ្រាសឯកជនមួយរបស់អង្គការធ្វើឲ្យប្រសើរឡើងដល់សេវាព្យាបាលការប្រាស្រ័យទាក់ទង និងលេបអាហារនៅកម្ពុជា (OIC Cambodia)។
អង្គការនេះត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយជនជាតិអូស្ត្រាលី លោក Weh Yeoh ដែលបានមកធ្វើការងារស្ម័គ្រចិត្ដនៅកម្ពុជាក្នុងឆ្នាំ ២០១២។ លោកចុះទៅជួយកុមារ ដែលមានផលវិបាកក្នុងការប្រាស្រ័យទាក់ទង និងលេបអាហារក្នុងតំបន់នៃខេត្ដសៀមរាប ឬក៏កុមារមានពិការភាព ដូចជា ពិការចលករខួរក្បាល ឬ CP។
អំឡុងពេលកិច្ចការស្ម័គ្រចិត្ដ លោកមើលឃើញពីកង្វះខាតទាក់ទងជំនាញឯកទេសលើការប្រាស្រ័យទាក់ទង ឬការនិយាយស្ដី។ បានកៀរគរអ្នកបច្ចេកទេសមកពីអូស្ដ្រាលីមកធ្វើការជាមួយលោក រហូតបង្កើតជាអង្គការ ដែលចុះបញ្ជីក្នុងឆ្នាំ ២០១៧។
សកម្មភាពយុទ្ធសាស្ត្រ
ផ្ដោតសំខាន់លើការប្រាស្រ័យទាក់ទង និងលេបអាហារ សកម្មភាពយុទ្ធសាស្ដ្រទី១ បំណងជំរុញបង្កើតថ្នាក់បរិញ្ញាបត្រជំនាញនេះផ្ទាល់។
សកម្មភាពទី២ គឺការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគ្រូ ឬអង្គការពាក់ព័ន្ធ ឪពុកម្ដាយ។ ទី៣ ស្វែងរកការយល់ដឹង និងការគាំទ្រពីសហគមន៍រហូតដល់ថ្នាក់ជាតិ ពីព្រោះសេវាកម្មនេះមិនទាន់ត្រូវបានទទួលស្គាល់ទូលំទូលាយនៅក្នុងស្រុកខ្មែរនៅឡើយទេ។
ចំណុចទី៤ ទាក់ទងការបង្កើតជាគម្រោងសាកល្បងជាច្រើនតាមរយៈការប្រើប្រាស់ការប្រាស្រ័យទាក់ទង ដែលអនុវត្ដទៅតាមគោលដៅផ្សេងគ្នា។ សព្វថ្ងៃនេះ Happy Kids Clinic របស់អង្គការ ផ្ដល់សេវាកម្មផ្ទាល់ដល់កុមារដែលជួបបញ្ហាលំបាកនៃការប្រាស្រ័យទាក់ទង។
ទី៥ ការស្រាវជ្រាវ និងបង្កើតឯកសារមានស្រាប់នៅស្រុកខ្មែរ ពីព្រោះវាមិនត្រូវបានស្គាល់ទូលំទូលាយ ជាពិសេសការប៉ាន់ប្រមាណលើការវិវត្ដភាសារបស់កុមារតាមអាយុ នៅមិនទាន់មាននៅខ្មែរទេ។
អ្នកស្រី នេត ចិន្ដា នាយិកាអង្គការ OIC Cambodia បានសម្ដែងក្ដីបារម្ភពីកុមារមិនទទួលបានការគាំទ្រ ឬអន្ដរាគមន៍ទាន់ពេលវេលា អាចមានការលំបាកក្នុងការត្រឡប់ទៅរៀនវិញ។ រីឯមនុស្សធំអាចបាត់បង់សមត្ថភាពក្នុងការស្វែងរកការងារធ្វើ ចូលរួមកិច្ចការសង្គម និងលទ្ធភាពក្នុងការរៀបការ ដោយសារជួបបញ្ហាផ្នែកទំនាក់ទំនង និងពិបាកស្វែងរកដៃគូជាដើម។
អ្នកស្រីបញ្ជាក់ថា៖ «ឲ្យតែយើងដឹងពីរបៀបនៃការជួយពួកគាត់មានការប្រាស្រ័យទាក់ទងឡើងវិញ»។
គោលដៅថ្នាក់ជាតិ
យោងតាមអនុស្សរណៈយោគយល់ជាមួយក្រសួងអប់រំ យុវជន និងកីឡា រយៈពេល ៥ ឆ្នាំពី ២០១៩-២០២៣ កិច្ចសហការនេះផ្ដោតលើគម្រោងការកសាងសមត្ថភាពគ្រូមត្តេយ្យ បឋម និងមធ្យមសិក្សា ទាក់ទងការប្រើប្រាស់ប្រាស្រ័យទាក់ទងក្នុងថ្នាក់រៀន។
អ្នកស្រី ចិន្ដា បានប្រាប់ថា៖ «វាអាចជួយជំរុញគោលនយោបាយរបស់ក្រសួងក្នុងការបង្កើនចំនួនកុមារចូលរៀននៅក្នុងប្រទេស កម្ពុជា»។
អ្នកស្រីបានអះអាងថា ទោះអង្គការបណ្ដុះបណ្ដាលផ្ទាល់លើគ្រូ ដូចជា គ្រូមត្តេយ្យ បឋមសិក្សា និងគ្រូឧទ្ទេស ព្រមទាំង ឪពុកម្ដាយ ប្រមាណ ២៥០ នាក់ ពួកគេបានជួយដល់កុមារប្រមាណជាង ១ ម៉ឺននាក់។
ខុសប្លែកពីអង្គការដទៃ OIC មានគោលដៅចាកចេញចុងក្រោយនៅឆ្នាំ ២០៣០ ជាមួយការបណ្ដុះបណ្ដាលអ្នកបច្ចេកទេសក្នុងស្រុកចំនួន ១០០ នាក់ ដែលមានវិជ្ជាជីវៈនៅស្រុកខ្មែរ និងមានការទទួលស្គាល់ដោយរាជរដ្ឋាភិបាលលើសមត្ថភាពរបស់ពួកគាត់។
តាំងពីឆ្នាំ ២០១៤ OIC មានដៃគូច្រើនទៅតាមបណ្ដុះបណ្ដាលផ្សេងៗ ចាប់ពី ១ ថ្ងៃ ៣ ថ្ងៃ និង ៦ ខែ ដូចជា អង្គការសាលាទន្សាយ អង្គការ KPF អង្គការ MCC ហើយបច្ចុប្បន្ន អង្គការ CODO ដែលគាត់ផ្ដល់សេវាកម្មវិធីមត្តេយ្យសហគមន៍ដល់គ្រូ អង្គការ Hands of Hope Communication នៅតាម៉ៅ ទាក់ទងនឹងថ្នាក់អប់រំពិសេស ដោយការបណ្ដុះបណ្ដាលគ្រូ អង្គការ CRS និង UNICEF។
OIC កំពុងមានបេសកកម្មបណ្ដុះបណ្ដាលអ្នកជំនាញផ្នែកទំនាក់ទំនង ដើម្បីជួយដល់កុមារជួបបញ្ហាការនិយាយស្ដី និងលេបអាហារ ដែលបណ្ដាលមកពីជំងឺអាប់បញ្ញា អូទីសឹម ទន់អវយវៈ (CP) និងប៉ះពាល់ខួរក្បាលជាដើម។
ក្រៅពីបញ្ហាលារពឹងផ្អែកលើអ្នកបច្ចេកទេសជាបុគ្គលិកបរទេសទាំងស្រុង អង្គការក៏ជួបការលំបាកស្វែងរកអ្នកជំនាញ ដែលស្ម័គ្រចិត្ដ និងទទួលប្រាក់ខែតិចតួច។
ទន្ទឹមនឹងនោះ ការពន្យារពេលនៃការបើកមហាវិទ្យាល័យថ្មីដែលទាមទារ ឲ្យសាកលវិទ្យាល័យសុខាភិបាលស្វែងយល់បន្ថែមទាក់ទងយុទ្ធសាស្ដ្រនិរន្ដរភាព គឺជាឧបសគ្គមួយ ពីព្រោះអង្គការ OIC ត្រូវចាកចេញនៅឆ្នាំ ២០៣០ ខាងមុខតាមគម្រោង។
យោងតាមទិន្នន័យរបស់ OIC ផ្ទាល់ បានរកឃើញថា អ្នកជួបបញ្ហាទាំងនេះមានចំនួន ៦០ ម៉ឺននាក់នៅកម្ពុជា។ ក្នុងចំណោមកុមារ ២៥ នាក់ មានក្មេងម្នាក់ ដែលជួបបញ្ហានេះ។
អ្នកស្រី ចិន្ដា អះអាងថា៖ «ពួកគាត់ចាំបាច់ត្រូវការអ្នកជំនាញដើម្បីជួយគាត់ក្នុងការផ្លាស់ប្ដូរ»។
អង្គការ OIC Cambodia ស្ថិតនៅអគារលេខ ១០ ផ្លូវ ៥០០ សង្កាត់ផ្សារដើមថ្កូវ ភ្នំពេញ ឬចូលទៅកាន់វេបសាយ http://oiccambodia.org និងទំព័រហ្វេសប៊ុក @oiccambodia សម្រាប់ព័ត៌មានបន្ថែម៕
វីដេអូ៖