ភ្នំពេញៈ បង្ក​ការភ្ញាក់ផ្អើល​សាជាថ្មី​ដល់​​មហាជន​ដោយ​ស្រាប់​តែ​ប្រទះ​ឃើញ​តារាសម្តែង​ស្រី​ដែល​ផ្តើម​ភាព​ល្បី​យ៉ាង​ខ្លាំង​ហ៊ាន​បញ្ចេញ​ល្វែង​លើ​នៅ​ក្នុង​ឈុត​ងូតទឹក​ជ្រោះ​ដ៏ត្រជាក់​ល្ហឹម​របស់​តារា​សម្តែង​ស្រី​តូច​ច្រឡឹង​កញ្ញា ឌុច លីដា នៅក្នុង​ភាពយន្ត​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​គឺ​រឿង «​ស្បែក​គង់​» បង្ហោះ​រូបភាព​ហាក់​ដូចជា​ចេតនា​ចង់​ប្រាប់​រឿង​បើក​ហាង​ថ្មី​ក្រោយពី​បិទ​របរ​បើក​ហាង​គុយទាវ ឈ្មោះ​ថា «​ឡាំឌួយ​» មាន​ទីតាំង​នៅ​ក្រោយ​មន្ទីរពេទ្យ​រុស្ស៊ី​មក​។

ការ​បង្ហើប​បង្ហាញ​លើក​នេះ​គឺ​មិន​មាន​ការប្រកូក​ប្រកាស​ដូចជា​កាល​បើកហាង​គុយទាវ​កាលពី​ជិត ១ ឆ្នាំ​មុន​នោះ​ឡើយ​ដោយ​កញ្ញា ឌុច លីដា គ្រាន់​តែ​ថតរូប​ក្បែរ​ហាង​ថ្មី​ដែល​ដាក់​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា «Ploy''s Cafe» ហើយ​បង្ហាញ​តាម​បណ្តាញ​អ៊ីនស្តាក្រាម​។

ខណៈ​កាលពី​បើក​ហាង​គុយទាវ​របស់​ខ្លួន​ តារាសម្តែង​ស្រី​ស្រស់ កញ្ញា ឌុច លីដា ធ្លាប់​បាន​បង្ហោះ​សារ​ប្រាប់​ពី​ដំណឹង​ថា​៖ «​សួស្តី​ចា​!​អូន​ឡាំឌួយ បើក​លក់​ហើយ តោះ​!​ស្អែក​នេះ​អ្នក​ណា​ចង់​ស្គាល់​នូវ​រសជាតិ គុយទាវ ឡាំឌួយ​ខ្លះ​? ​ចាំ​ជួយ​គាំទ្រ​ឡាំឌួយ​ផង​ណា​!»​។

តែ​តារាស្រី​មាន​រាសី​ឡើង​កូដ​ខ្លាំង​ក្នុង​ការថតកុន ហើយ​ភាគច្រើន​នាង​ទទួល​បាន​ងារ​ជា​តួឯក​ក្នុង​ភាពយន្ត​ខ្នាត​ធំ ជាពិសេស​នាង​ក៏​ធ្លាប់​ត្រូវ​បាន​អ្នក​ទស្សនា​បញ្ជាក់​ឲ្យ​ដឹង​ថា នាង​ពិតជា​ហ៊ាន​ថត​ស្រាត​បញ្ចេញ​នូវ​សាច់​ល្វែង​លើ​ពិតៗ ដោយសារ​តែ​នាង​ទទួល​បាន​តម្លៃ​ខ្លួន​យ៉ាង​ខ្ពស់​នៅក្នុង​ការ​ប្រជែង​យក​តំណែង​តួឯក​ស្រី​នៃ​វិស័យ​ភាពយន្ត​ខ្នាត​ធំ​បំផុត​របស់​ខ្មែរ​គឺ​កុន​រឿង «​ស្បែក​គង់​» ដែល​បាន​ចំណាយ​នូវ​ទុនវិនិយោគ​រហូត​ដល់​ទៅ ៦៨ ម៉ឺន ដុល្លារ​បាន​បង្ហើប​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា​៖ «​អូ​!​អត់​ទេ​បង​!​មិន​មាន​បើក​អ្វី​ថ្មី​ទៀត​នោះ​ឡើយ ​គឺ​ខ្ញុំ​មិន​មាន​ពេល​សម្រាប់​ការបើក​របរ​រកស៊ី​នៅ​ឡើយ​ទេ ព្រោះ​តែ​ជាប់​រវល់​ការងារ​សិល្បៈ​ខ្លាំង​នាពេល​ឥឡូវ​នេះ​។

ម្ចាស់​ហាង​ដែល​បង​និយាយ​នោះ​គឺ​គាត់​ដូចជា​ជនជាតិ​ថៃ ដែល​ទើប​បើក​នៅ​ក្រុង​ភ្នំពេញ​នាពេល​ថ្មីៗ​នេះ​តែ​ប៉ុណ្ណោះ​។ ដោយសារ​ខ្ញុំ​បាន​ទៅ​ដល់​ទីនោះ ក៏​ថតរូប​លេង​ទៅ​។ នាង​ខ្ញុំ​ពិត​ជា​អត់​បាន​បើក​ហាង​ថ្មី​អ្វី​នោះ​ឡើយ​»​។

គួរ​រំឭក​ដែរ​ថា​ទាក់ទង​នឹង​ដើមទុន និង​ផ្ទះ​ជា​ទីតាំង​បើកហាង​គុយទាវ «​ឡាំឌួយ​» ដែល​បាន​បើក​កាលពី​ជិត ១ ឆ្នាំ​មុន​នោះ​ក៏​ត្រូវ​តារាសម្តែង​ស្រី​មាន​ទីផ្សារ​ថតកុន​ជា​ហូរហែ មិន​ដាច់​ទាំង​កុន​ដុំ និង​កុន​ភាគ កញ្ញា ឌុច លីដា ធ្លាប់​បង្ហើប​ប្រាប់​ដែរ​ថា​៖ «​មិន​អស់​ដើម​ទុន​ច្រើន​ពេក​នោះ​ទេ​គឺ​ប្រមាណ​ជាង ១ ​ម៉ឺន ដុល្លារ​ស្តើង​តែ​ប៉ុណ្ណោះ​។

ហើយ​នាង​ខ្ញុំ​គិត​ថា​ជាដើម​ទុន​រកស៊ី​ដូច​គេ​ដូច​ឯង​ដែរ​ទេ សម្រាប់​តម្លៃ​បើកហាង​គុយទាវ​ប្រភេទ​ជា​ខ្នាតតូច​បែប​នេះ​ដែល​អាច​បម្រើ​ភ្ញៀវ​បាន​ប្រហែល​មាន​ចំនួន​ជាង ​១០ ​តុ​ប៉ុណ្ណោះ​។ តែ​ក៏​សូម​ជម្រាប​បងប្អូន​ដែរ​ថា​ហាង​នាង​ខ្ញុំ​មាន​លក់​តែ​គុយទាវ និង មី​ស៊ុប​ប៉ុណ្ណោះ គឺ​មិន​មាន​លក់​បាយ​ស្រូប ឬ​ជា​ចំណី​អាហារ​ផ្សេងៗ​ទៀត​នោះ​ឡើយ​»៕