ភ្នំពេញៈ ក្រោយពីរលកព័ត៌មានពាក្យមហាជនចោទសួរគ្នាយ៉ាងក្តៅគគុកថា តារាសម្តែង និងពិធីការិនី មានឈ្មោះពិត អន រ៉ាស៊ីសុមេត្តា ហៅកញ្ញា ណូ ម័រ មានកំលោះពេទ្យស្មោះស្នេហ៍លោកគ្រូពេទ្យយ៉េង តាមសុំក្តីស្នេហ៍ជិត ១០ ឆ្នាំ មកហើយ តែនាងពុំពេញចិន្តា បានសាបរលាបបន្តិចមកនោះ ក៏ស្រាប់តែធ្លាយដំណឹងថ្មីថា នាងកំពុងមានម្ចាស់បេះដូងថ្មីគួរឲ្យភ្ញាក់ផ្អើល។
ដើមចមបង្កើតបានជាព័ត៌មានបែកធ្លាយថ្មីរបស់តារាសម្តែងស្រី ដែលទើបស្ងប់ព័ត៌មានបែកធ្លាយរឿងអាស្រូវថា បង្កាត់ភ្លើងស្នេហាលួចលាក់ប៉ះចំប្តីគេតែការពិតជាការថតកុនអប់រំនោះ បានបង្ហើរសារជាភាសាអង់គ្លេស ដែលប្រែជាភាសាខ្មែរស្តែងចេញពីបេះដូងសប្បាយចិត្តត្បិតរកឃើញម្ចាស់ស្នេហ៍ថ្មីថា៖ «ពេលណានារីម្នាក់រកឃើញបុរសដ៏ល្អម្នាក់សម្រាប់បេះដូងខ្លួនហើយ គឺងាយចំណាំទេដោយអាចមើលឃើញតាមទឹកមុខរបស់នាង»។
បុប្ផាវ័យ ២៥ ឆ្នាំ កញ្ញា ណូ ម័រ ដែលកំពុងមមាញឹកការងារសិល្បៈជាពិធីការិនីនៅទូរទស្សន៍ MyTV និងការងារសិល្បៈជាពិធីការិនីក្នុងពិធីជប់លៀង ឬអាហ្វ៊ែរនានានោះ ក៏ល្បីថា នាងមានកន្លង់ចោមរោមសុំស្នេហ៍ច្រើនទៀតដែរ ក្រៅពីកំលោះពេទ្យស្មោះស្នេហ៍លោកគ្រូពេទ្យយ៉េង ដែលតាមសុំក្តីស្នេហ៍ ១០ ឆ្នាំ មកតែនាងនៅពុំទាន់បានបើកបេះដូងសម្រេចទទួលយក។
កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ ណូ ម័រ ក៏ប្រាប់ភ្នំពេញប៉ុស្តិ៍ពីសារនោះថា៖ «អត់ទេបង!សារនោះគឺនាងខ្ញុំគ្រាន់តែសរសេរលេងទេ មិនបានមានន័យថា មានម្ចាស់ចិត្តថ្មីអ្វីនោះឡើយ! ចំពោះរឿងស្នេហាហ្នឹង គឺខ្ញុំនៅពុំទាន់ចង់គិតគូរដដែល»។
ពិធីការិនីរូបស្រស់កញ្ញា ណូ ម័រ បន្តថា៖ «ជាការពិតគឺមកពីថ្មីៗនេះ នាងខ្ញុំសប្បាយចិត្តនឹងការបើកអាជីវកម្មលក្ខណៈគ្រួសារទទួលបានផ្លែផ្កាគួរជាទីពេញចិត្ត ហើយក៏មានអារម្មណ៍ហោះហើររហូតដល់សរសេរជាសារលេងទៅ ហើយក៏មានបងប្អូន និងមិត្តភក្តិជាច្រើនច្រឡំដូចបងថា ខ្ញុំកំពុងមានស្នេហាថ្មីអ៊ីចឹងដែរហ្នឹង!»។
មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម កាលពីដើមឆ្នាំ ២០១៨ នឹងការបែកធ្លាយនូវរឿងអាស្រូវថា តារាសម្តែង និងពិធីការិនី កញ្ញា ណូ ម័រ កំពុងតែមានស្នេហាលួចលាក់ដែលប៉ះប្តីគេ។
តែផ្ទុយពីការលើកឡើងដ៏ពុះកញ្ជ្រោលថា បានដណ្តើមប្តីគេនោះកញ្ញា ណូ ម័រ ដែលចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០១៣ មកនោះ ដែលមហាជនបានស្គាល់នាងច្រើនតាមរយៈការសម្តែង MV បទចម្រៀង។
នាង ក៏បកស្រាយប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «តាមពិត!នោះគឺជាសកម្មភាពថតវីដេអូឃ្លីបអប់រំបែបសាកចិត្តមហាជន ដែលនាងខ្ញុំថតឲ្យបង តាំង គឺមសួ ដែលតែងផលិតវីដេអូឃ្លីបអប់រំខ្លីៗកន្លងមកប៉ុណ្ណោះ។ វីដេអូនេះថតឡើងចង់សាកមើលចិត្តថា តើមហាជន នៅពេលពួកគាត់បានមើលឃើញរឿងពិតបែបនេះ កើតឡើងក្នុងសង្គមតើពួកគាត់នឹងយល់ឃើញយ៉ាងណាដែរទៅ?»៕