ភ្នំពេញៈ ក្រោយពីក្លាយជាអ្នកតំណាងផលិតផលរក្សាសម្ផស្ស ក្រែមលាបមុខម៉ាក ហ្វែរ អែន ឡោហ្វលី នៅក្រុមហ៊ុនយូនីលីវើ ប្រកាសតែងតាំងកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៨ នៅឯសណ្ឋាគារណាហ្គាវើលដ៍មក ស្រាប់តែថ្មីៗនេះ តារាចម្រៀងស្រីសំឡេងស្រួយ សាច់សខ្ចីកញ្ញា សុខ ពិសី លេចវត្តមានទៅពញ្ញាក់អារម្មណ៍មហាជនដែលប្រើផលិតផលនេះដល់កន្លែងស្នាក់នៅដោយសេចក្តីសប្បាយរីករាយ។
មើលទៅសកម្មភាពចុះជួបបងប្អូនស្រីៗទៅដល់ផ្ទះសំបែង ឬកន្លែងស្នាក់នៅនៃតំបន់នានាក្នុងពេលថ្មីៗនេះ មិនត្រឹមតែបង្កការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រនោះទេ ថែមទាំងសង្កេតឃើញថា តារាចម្រៀងស្រីផលិតកម្មសាន់ដេ សំឡេងស្រួយដូចសារិកា សុខ ពិសី មានភាពពេញចិត្តពេញថ្លើមនឹងការងារនេះទៀតផង។
ថ្លែងទាំងមានភាពរំភើបចិត្តទៅនឹងសកម្មភាពថ្មីនៃការងារជាអ្នកតំណាងឲ្យផលិតផលរក្សាសម្ផស្ស ក្រែមលាបមុខម៉ាក ហ្វែរ អែន ឡោហ្វលី នេះកញ្ញា សុខ ពិសី ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នេះគឺជាយុទ្ធសាស្ត្រថ្មីមួយដែលក្រុមហ៊ុនបានដាក់ជាគោលដៅសាកល្បងចង់ដឹងថា តើផលិតផលនេះមានបងប្អូនខ្មែរយើងប្រើប្រាស់ច្រើនដែរឬទេ? និងមានចំណាប់អារម្មណ៍យ៉ាងណាដែរបន្ទាប់ពីប្រើប្រាស់មកនោះ»។
តារាចម្រៀងដែលកាក់កបនឹងការងារក្រៅសិល្បៈគឺថតស្ប៉តពាណិជ្ជកម្មធំឲ្យសាបៀរ Ganzberg កាលពីឆ្នាំចាស់ ហើយឆ្នាំថ្មីនេះ ក៏បានក្លាយជាអ្នកតំណាងផលិតផលរក្សាសម្ផស្សក្រែមលាបមុខម៉ាក ហ្វែរ អែន ឡោហ្វលី រយៈពេល ១ ឆ្នាំ ខណៈខ្លួនជាតារាចម្រៀងទ្រនំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បន្តថា៖ «មកទល់ពេលនេះ ក្រុមហ៊ុនដាក់គោលដៅដើម្បីឲ្យនាងខ្ញុំ ជាតំណាងផលិតផលចុះទៅ Surprised បងប្អូនខ្មែរយើងនៅតាមកន្លែងស្នាក់នៅនោះមានចំនួន ៤ កន្លែង។ ការចុះលើកដំបូងឃើញថា បងប្អូនខ្មែរយើងមានប្រើប្រាស់ច្រើន ហើយក៏សប្បាយចិត្តទាំងមានការភ្ញាក់ផ្អើលផងដែរពេលឃើញនាងខ្ញុំបានទៅដល់ផ្ទះ។ ហើយបានប្រាប់ថា ផលិតផលរក្សាសម្ផស្ស ក្រែមលាបមុខម៉ាក ហ្វែរអែន ឡោហ្វលី នេះទទួលបានផលល្អច្រើន។ ដោយឡែកនាថ្ងៃស្អែកនេះ [ថ្ងៃទី ២៤] នាងខ្ញុំ នឹងត្រូវធ្វើដំណើរចេញទៅជួបបងប្អូននៅឯតំបន់ផ្សារបុសខ្នុរនៃ ស្រុកចំការលើ ខេត្តកំពង់ចាម ជាទិសដៅទី ២ ក្នុងចំណោមទិសដៅទាំង ៤ របស់ក្រុមហ៊ុន»។
តារាចម្រៀងស្រីមានរាសីឡើងខ្លាំងទាំងចម្រៀង និងការថតស្ប៉តពាណិជ្ជកម្ម ដែលហាក់ដូចជាមិនបានធីបចោលបញ្ហាស្នេហានោះគឺថា នាងក៏បានទុកពេលខ្លះ ដើម្បីសម្លឹងមើលអំពីគុណសម្បត្តិ នៃបុរសជាអនាគតគូស្នេហ៍ដ៏សមសួនខ្លួនជាបណ្តើរៗផងនោះ ក៏បានផ្តាំផ្ញើជាសារដល់ប្រិយមិត្តអ្នកគាំទ្រនាងផងដែរតាមរយៈជាតារាតំណាងថា៖ «ខ្ញុំចង់ឲ្យបងប្អូននារីយើងឈប់ខ្វល់ទៀតទៅ Fair & Lovely នេះមានគុណភាពល្អ ហើយតម្លៃវិញត្រឹមតែ ១០០០ រៀល ប៉ុណ្ណោះ ក៏អាចស្អាតបានដែរ។ ផលិតផលម៉ាក នេះមិនត្រឹមតែមានគុណភាពល្អទេ រីឯតម្លៃវិញក៏សមរម្យបំផុត ខណៈនាងខ្ញុំក៏បានប្រើប្រាស់វាយូរមកហើយផងដែរ»៕