ភ្នំពេញ៖ ខណៈ​ពេល​នេះ​​ស្រីស្រស់​ ដែល​ជា​​កញ្ញាឯក​ផែនដី​កម្ពុជា​ឆ្នាំ ២០២០​ (Miss Earth Cambodia 2020)​ កញ្ញា ហេង សុទ្ធនិស្ស័យ​ កំពុង​តែ​​​ឆ្លង​ចូល​ដល់​វគ្គ​បន្ត​នៃ​ការ​ប្រកួត​​​កញ្ញាឯក​ផែនដី​​ពិភព​លោក​ Miss Earth 2020​ ដែល​គេ​សម្រេច​​​រៀបចំ​តាម​អនឡាញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​បញ្ហា​កូវីដ ១៩ ​នោះ។

ដោយសារ​​ធ្លាប់​មាន​បទពិសោធ​ក្នុង​​​ការ​​ប្រកួត​បវរកញ្ញា​​រួម​​ផ្សំ​​​​សមត្ថភាព​​ភាសា​អង់គ្លេស​រូប​​សម្រស់​ និង​ចំណេះដឹង​​នោះ ទើប​ស្រី​ស្រស់​កញ្ញាឯក​ផែនដី​តំណាង​ឱ្យ​កម្ពុជា​ឆ្នាំ ​២០២០​ កញ្ញា ហេង សុទ្ធនិស្ស័យ ហាក់​មាន​សុទិដ្ឋិនិយម​ និង​​មាន​ដំណើរការ​ប្រកួត​រលូន​ទៅ​មុខ​បាន​ល្អ​ សម្រាប់​ភារកិច្ច​​​ក្នុង​ការ​ចូលរួម​ប្រកួត​កញ្ញាឯក​ផែនដី​​ Miss Earth 2020​ ដែល​មាន​ប្រទេស​ចូលរួម​​​​ចំនួន​​ ៨៤ ​ប្រទេស ​​ទូទាំង​​​ពិភព​លោក ហើយ​ការ​ប្រកួត​​​​វគ្គ​ចុង​ក្រោយ​នឹង​ធ្វើ​​នៅ​ថ្ងៃទី ​២៩ ខែ ​វិច្ឆិកា ​ឆ្នាំ ​២០២០​​។

កញ្ញាឯក​ផែនដី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ឆ្នាំ ​២០២០​ កញ្ញា ហេង សុទ្ធនិស្ស័យ​​។ រូបថត ហ្វេសប៊ុក​

កាល​​ពី​ថ្ងៃទី ​២៤ ខែ ​វិច្ឆិកា ​ឆ្នាំ ​២០២០ កញ្ញា សុទ្ធនិស្ស័យ ត្រូវ​បាន​គេហទំព័រ​​ផ្លូវ​ការ​នៃ​ការ​ប្រកួត​បាន​ទម្លាយ​ឈ្មោះ​​​បេក្ខនារី​ជាប់​​ក្នុង​ការ​ប្រកួត​​​វគ្គ ​Talent Competition ថា​៖ «កញ្ញា ហេង សុទ្ធនិស្ស័យ បាន​ជាប់​ក្នុង​ប្រភេទ​វិញ្ញាសា​ប្រកួត​ទេពកោសល្យ​​ច្រៀង (Singing Category​) ដែល​​ជា​តំណាង​​​នៅ​តំបន់​អាស៊ី និង​​អូសេអានី (Asia &​Oceania) ដែល​ត្រូវ​ជួប​បេក្ខនារី​ជា​តំណាង​​តំបន់​អឺរ៉ុប (Europe) កញ្ញា​ Anette Müürsep មក​ពី​ប្រទេស​អេត្យូពី​ បេក្ខនារី​តំណាង​​តំបន់​អាហ្វ្រិក (Africa​) កញ្ញា​​ Lungo Katete មក​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​​ និង​បេក្ខនារី​តំណាង​​​តំបន់​​អាមេរិក ​(Americas) កញ្ញា​ Lindsey Coffey​ មក​​​ពី​​ប្រទេស​អាមេរិក»​។​​

កញ្ញាឯក​ផែនដី​តំណាង​ឱ្យ​​កម្ពុជា​​ឆ្នាំ ២០២០​ កញ្ញា ហេង សុទ្ធនិស្ស័យ​ ក៏​ធ្លាប់​ជា​អតីត​​​កញ្ញាឯក Miss University 2016 ចំណាត់​​ថ្នាក់​លេខ​​ ​២ ​និង​​​ធ្លាប់​បាន​ចូលរួម​ប្រកួត​​កម្មវិធី​ Miss​ Cosmopolitan World 2016 នៅ​​ប្រទេស​ម៉ាឡេស៊ី ដោយ​​ទទួល​បាន​​ពាន ២ គឺ​ពាន​ Best in talent & ពាន​ Best Eyebrows។

ចំណែក​ឯ​​ការ​សិក្សា​វិញ​​កញ្ញា​ ហេង សុទ្ធនិស្ស័យ ទើប​តែ​បាន​​បញ្ចប់​ការ​សិក្សា​ផ្នែក​ទំនាក់ទំនង​​​​អន្តរជាតិ​នៅ​សាកល​​​វិទ្យាល័យ ​ Bridgewater State University ​​​​​​នៅ​ក្នុង​រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋ​អាមេរិក​កាល​​​ពី​​ឆ្នាំ ​២០១៩ សម្រាប់​​​កម្មវិធី​ផ្លាស់ប្តូរ​​​​និស្សិត (Exchange Program)​ ហើយ​កញ្ញា​ក៏​​ជា​និស្សិត​​​​រៀន​​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​នៅ​​សាកលវិទ្យាល័យ​​​​បញ្ញាសាស្រ្ត​នៅ​​ប្រទេស​កម្ពុជា​​ ​ខណៈ​​​សមត្ថភាព​​ភាសា​បរទេស​​វិញ ​គឺ​​អាច​​​​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​​ស្ទាត់​ជំនាញ​​​ដូចជា​​ភាសា​​​កំណើត​អ៊ីចឹង​ដែរ​​​​។​

ស្រី​ស្អាត​​​ សម្បុរ​​​​ស្រអែម ​​​កម្ពស់ ​១,៧០ ម៉ែត្រ កញ្ញា ហេង សុទ្ធនិស្ស័យ ដែល​​​ធ្លាប់​បម្រើ​​​ការងារ​ជា​មន្ត្រី​ផ្នែក​​​ទំនាក់ទំនង​​នៃ​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​​​មួយ​​ និង​ធ្លាប់​បម្រើ​ការងារ​ជា​ជំនួយការ​ក្រុម​​​​​​អាកាសយានិក​​​ក្រុមហ៊ុន​​មួយ​កាល​​​ពី​​ឆ្នាំ ២០១៧។

កញ្ញា​ សុទ្ធនិស្ស័យ ក៏​បាន​សម្តែង​ពី​អារម្មណ៍​សុទិដ្ឋិនិយម​​​​ ក្រោយ​​ពី​បាន​ក្លាយជា​កញ្ញាឯក​ផែនដី​​​​ប្រចាំ​ឆ្នាំ ​២០២០ ដែល​តំណាង​​​ឱ្យ​​​កម្ពុជា​ និង​មាន​​ក្តី​​រំពឹង​ខ្ពស់​ សម្រាប់​​​ការ​​ប្រកួត​​​លក្ខណៈ​ពិភព​លោក​​ឆ្នាំ​នេះ​​ដែរ៕