ភ្នំពេញ៖ មុនពេលមានកម្មវិធី «កត់ត្រារៀល» អ្នកស្រី គែម សុគន្ធា ប្រើក្រដាសសៀវភៅកត់ត្រារាល់ចំណូល និងចំណាយពីការលក់ដូរផលិតផលប្រចាំថ្ងៃ។
ប៉ុន្ដែម្ចាស់ហាងការ៉េមពពករូបនេះអះអាងថា បញ្ជីលើក្រដាសសៀវភៅរមែងបង្កើតកំហុសភ្លេចភ្លាំង។
អ្នកស្រី គែម សុគន្ធា និយាយថា៖ «ទាក់ទងការបង្កើត និងការថែរក្សាអាជីវកម្មរបស់ខ្ញុំអាចដើរទៅមុខ វាទាមទារឱ្យខ្ញុំស្គាល់ពីចំណាយ និងចំណូល ពីព្រោះវាអាចឱ្យខ្ញុំដឹងពីសុខទុក្ខនៃអាជីវកម្មថា តើវានឹងប្រឈមបញ្ហា ឬរីកចម្រើនដែរឬទេ។ ជាក់ស្ដែង ខ្ញុំមានហាងការ៉េម ២ សាខា និងត្រៀមពង្រីកសាខាទី៣»។
អតីតបេក្ខភាពចូលរួមក្នុងថ្នាក់សហគ្រិនមូលដ្ឋានគ្រឹះ ដែលបង្កើតឡើងដោយ ស៊ី អ៊ិនវេសមិន បានបន្ដថា៖ «មុនពេលខ្ញុំស្គាល់ App នេះ ការកត់ត្រា យើងធ្វើនៅលើក្រដាស ដែលត្រូវផ្ទៀងផ្ទាត់ដោយដៃ ហើយពេលខ្លះ យើងមានការភ្លេចកត់ត្រា ដោយសារការមមាញឹកពេក»។
«កត់ត្រារៀល» ត្រូវបានបង្កើតឡើងដោយ ស៊ី អ៊ិនវេសមិន [SHE Investments] សម្រាប់ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងគោលបំណងសំខាន់បំផុត គឺដើម្បីជួយសហគ្រិនខ្នាតតូចឈានទៅរកអាជីវកម្មណាមួយ ដោយចាប់ផ្ដើមរៀបចំខ្លួនពីពេលបច្ចុប្បន្ន។
អ្នកស្រី លឹម លីដា សហស្ថាបនិក ស៊ី អ៊ិនវេសមិន [SHE Investment] បានថ្លែងក្នុងពេលសម្ពោធ មជ្ឈមណ្ឌលព័ត៌មានឌីជីថល និងកម្មវិធីទូរស័ព្ទកត់ត្រារៀល កាលពីថ្ងៃទី ១២ ខែកុម្ភៈ ថា៖ «ដោយមើលឃើញពីផលលំបាកសហគ្រិនស្ដ្រី និងការទទួលបានត្អូញត្អែរថា ការកត់ត្រាក្នុងសៀវភៅ ជួបការលំបាក ហើយជួនកាលអត់បានធ្វើវាដិតដល់ វាក៏បាត់ ឬជួនកាលកូនៗសរសេរអក្សរលើ ខ្ញុំព្យាយាមរិះរក App ដែលគាត់អាចប្រើប្រាស់បាន»។
អ្នកស្រីទទួលស្គាល់ថា ភាគច្រើននៅលើទូរស័ព្ទ មានកម្មវិធីស្រាប់ជាច្រើន តែវាអត់ទាន់ល្អគ្រប់គ្រាន់ អត់ទាន់ត្រូវជាមួយពួកគាត់នោះទេ ជាពិសេស App ទូទៅប្រើជាភាសាអង់គ្លេសថែមទៀត ដែលសហគ្រិនស្ដ្រីខ្នាតតូចមួយចំនួនអត់ចេះអង់គ្លេសមិនអាចប្រើប្រាស់បាន។
អ្នកស្រីអះអាងថា៖ «ចំណុចពិសេសរបស់ «កត់ត្រារៀល» វាមានភាពសាមញ្ញ ពោលគឺងាយស្រួលប្រើទាំងចុះឈ្មោះ ការបញ្ចូលលេខ ទាញរបាយការណ៍ ភាសាខ្មែរ និងអង់គ្លេស ក៏ដូចជាប្រព័ន្ធសុវត្ថិភាព»។
ដោយឆ្លងកាត់ការអភិវឌ្ឍរយៈពេលជិត ២ ឆ្នាំ «កត់ត្រារៀល» ត្រូវបានសម្ពោធជាផ្លូវការបំណងជួយគ្រប់គ្រងហិរញ្ញវត្ថុក៏ដូចជាការបែងចែករវាងអាជីវកម្ម និងលុយគ្រួសារ។
ការប្រើប្រាស់រវាងប្រាក់អាជីវកម្ម និងប្រាក់ផ្ទាល់ខ្លួនសម្រាប់គ្រួសារបង្កើតជាបញ្ហាស្មុគស្មាញ ដែលធ្វើឱ្យការចំណាយ និងចំណូលមានភាពច្របូកច្របល់គ្នា។
អ្នកស្រី គែម សុគន្ធា បាននិយាយថា៖ «កត់ត្រារៀលអាចឱ្យយើងមើលឃើញពីការចំណាយ ចំណូល ក៏ដូចជា items ដែលយើងលក់បាននៅក្នុងនោះ ជាពិសេសរៀងរាល់ពេលល្ងាច មុនពេលបិទហាង រមែងមាន notification រំឭកឱ្យយើងបញ្ចូល និងផ្ទៀងផ្ទាល់ចំណាយ និងចំណូលនៅក្នុងហាងរបស់យើង»។
កត់ត្រារៀលមានមុខងារសំខាន់ៗ ដែលផ្ដោតលើការកត់ចំណូលថ្មី កត់ចំណាយថ្មី បិទបញ្ជីប្រចាំថ្ងៃ និងត្រួតពិនិត្យរបាយការណ៍។
លោក ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ (Khmer Enterprise) ដែលជាស្ថាប័នប្រតិបត្ដិករក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកការបង្កើតឡើងថ្មីនេះជាវិធីសាស្ដ្រដ៏មានប្រសិទ្ធភាពក្នុងការជំរុញឱ្យអាជីវកម្មខ្នាតតូច និងមធ្យមប្រើប្រាស់បច្ចេកវិទ្យាតាមរបៀបសាមញ្ញ។
លោកបានបន្តថា៖ «មជ្ឈមណ្ឌលព័ត៌មានឌីជីថល និងកត់ត្រារៀល ជួយជំរុញឱ្យអាជីវកម្មខ្នាតតូច និងមធ្យមចាប់ផ្ដើមអនុវត្ដបែបឌីជីថលតាមរយៈការចូលយកព័ត៌មានទាក់ទងនឹងអាជីវកម្ម ការបង្ហាត់បង្ហាញ ការបង្កើតទំនាក់ទំនងលើបណ្ដាញអ៊ីនធឺណិត និងការតាមដានចំណូលចំណាយប្រចាំថ្ងៃ»។
អ្នកស្រី លីដា បានលើកឡើងសំណួរដ៏ពេញនិយមមួយដែលសហគ្រិនស្ដ្រីរូបនេះរមែងចោទសួរអ្នកមានបំណងចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនថា «ពេលបងចេញរកស៊ី តើ ៥ ឆ្នាំក្រោយ បងក្លាយជាអ្វី?»។
អ្នកស្រីបន្ដថា៖ «៨០ ភាគរយ ដែលខ្ញុំបានជួប គឺឆ្លើយថា អត់ដឹងទេអ្នកគ្រូ។ បើអត់ដឹង អ៊ីចឹងត្រូវត្រឡប់ទៅរាប់លុយក្នុងផ្ទះ និងនៅធនាគារឱ្យដឹងសិន រួចដាក់វាចូល ពីព្រោះ App មួយនេះ វាកត់ត្រាទៅលើសាច់លុយចេញចូលរបស់យើង»។
អ្នកស្រីបន្តថា៖ «បើ ៥ ឆ្នាំទៀត ចង់ដាក់ពាក្យសុំ grant ឬ loan ធំៗ យើងត្រូវចាប់ផ្ដើមធ្វើពីចំណុចនេះទៅ»។
ថ្លែងតាមសារវីដេអូក្នុងថ្ងៃសម្ពោធកម្មវិធីទូរស័ព្ទនេះ លោក Rajeev Kumar Gupta អ្នកជំនាញបច្ចេកទេសឌីជីថលប្រចាំតំបន់អាស៊ីរបស់ UNCDF បានឱ្យដឹងថា៖ «កម្មវិធីទូរស័ព្ទកត់ត្រារៀល នឹងអាចជួយឱ្យស្ដ្រីដែលមានអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាកាត់បន្ថយការពឹងផ្អែកលើការបញ្ចាំទ្រព្យសម្បត្ដិផ្សេង»។
លោកបន្ដថា៖ «កម្មវិធីនេះ គឺជាដំណោះស្រាយថ្មី ដែលប្រើទិន្នន័យប្រតិបត្ដិការអាជីវកម្មជាជម្រើសមួយដែលអាចយកមកធ្វើការវាយតម្លៃឥណទានបាន។ ជាមួយនឹងការរងវិបត្ដិកូវីដ ១៩ មកលើសេដ្ឋកិច្ចកម្ពុជា កម្មវិធីនេះផ្ដល់ឱកាសឱ្យម្ចាស់អាជីវកម្មខ្នាតតូច ឬមធ្យម ស្ដារឡើងវិញ ព្រោះវាអាចឱ្យពួកគេទទួលបាននូវឱកាសហិរញ្ញវត្ថុនានា»។
ព័ត៌មានបន្ថែម សុំចូលទៅកាន់ទំព័រហ្វេសប៊ុក ស៊ី អ៊ិនវេសមិន @sheinvestments ឬវេបសាយ www.kotrariel.com/៕