ភ្នំពេញ៖ ចំណូលចិត្តសិល្បៈគំនូរ និងក្ដីស្រឡាញ់សត្វចិញ្ចឹម បានធ្វើឲ្យសហគមន៍អ្នកស្នេហាសិល្បៈអន្តរជាតិ Phnom Paint រៀបចំការដេញថ្លៃស្នាដៃសិល្បៈរបស់ខ្លួន ដើម្បីប្រមូលថវិកាជូនអង្គការ Animal Rescue Cambodia នៅល្ងាចថ្ងៃសៅរ៍ ទី ១៤ ខែ ធ្នូ ឯមជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់ផ្ទះមេត្តា។
អ្នករៀបចំកម្មវិធីលោក Vitaly Smyshlyaev បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ឲ្យដឹងថា៖ «ពួកយើងសុទ្ធតែជាអ្នកចិញ្ចឹមឆ្កែឆ្មា ហើយយើងធ្លាប់យកពួកវាទៅព្យាបាលនៅគ្លីនិកសហការនឹងអង្គការមួយនេះ។ យើងសម្គាល់ឃើញពីកិច្ចខំប្រឹងប្រែងរបស់អង្គការ ដូច្នេះទើបយើងចង់បំផុសការចាប់អារម្មណ៍ពីសកម្មភាពសង្គ្រោះសត្វ»។
សហគមន៍ Phnom Paint បានរួមចំណែកលើកកម្ពស់សិល្បៈនៅកម្ពុជាតាមរយៈថ្នាក់បង្រៀនគូរគំនូរដល់កុមារ មនុស្សធំ ក៏ដូចជាការបង្រៀនផ្នែកច្នៃរចនាម៉ូដ និងកម្មវិធីសិល្បៈរាល់ចុងសប្ដាហ៍។
សហគមន៍នេះជឿជាក់ថា ការរៀបចំពិព័រណ៍ និងកម្មវិធីសិល្បៈដ៏សម្បូរបែប ដើរតួនាទីសំខាន់ក្នុងការធ្វើឲ្យបរិយាកាសទីក្រុងស្រស់បំព្រង។
លោក Smyshlyaev បានប្រាប់ពីគោលបំណងនៃការដេញថ្លៃស្នាដៃសិល្បៈថា៖ «យើងចង់ធ្វើឲ្យជីវិតសិល្បៈនៅរាជធានីភ្នំពេញមានភាពស្រស់ត្រកាល និងរស់រវើក ហើយយើងក៏ចង់លើកកម្ពស់អង្គការដែលពុះពារជួយសង្គ្រោះសត្វតាមចិញ្ចើមផ្លូវផងដែរ»។
អ្នករៀបចំកម្មវិធីរូបនេះបានឲ្យដឹងថា ការដេញថ្លៃនឹងមាន ៣០ ស្នាដៃពីសិស្សផ្នែកគំនូរ ដែលភាគច្រើនជារូបផ្កា សត្វចិញ្ចឹម និងទិដ្ឋភាពទីក្រុងដ៏រ៉ូមេនទិក។ ស្នាដៃទាំងនេះស័ក្ដិសមសម្រាប់ការជាវយកទៅដាក់តាំងលម្អផ្ទះ។
លោកនិយាយថា៖ «យើងបានជ្រើសរើសយកស្នាដៃដែលល្អ និងស័ក្ដិសមសម្រាប់យកទៅតាំងព្យួរនៅបន្ទប់ក្មេង នៅផ្ទះបាយ និងបន្ទប់គេងជាដើម ហើយតម្លៃផ្ដើមដេញថ្លៃ ចាប់ពី ២០ ទៅ ៣០ ដុល្លារ ខណៈស្នាដៃខ្លះផ្ដើមពីតម្លៃ ៥០ ដុល្លារឡើងទៅ»។
ថវិកាពីការដេញថ្លៃទាំងអស់នឹងត្រូវបានជូនទៅអង្គការ Animal Rescue Cambodia។ ទន្ទឹមនឹងនោះ Phnom Paint ក៏គ្រោងនឹងបន្តរៀបចំការដេញថ្លៃស្នាដៃសិល្បៈ ដើម្បីសប្បុរសធម៌បែបនេះ រៀងរាល់ ៣ ខែម្ដង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងសហគមន៍សិល្បករ និងអ្នកស្រឡាញ់សត្វ។
កម្មវិធីដេញថ្លៃស្នាដៃសិល្បៈ ដើម្បីសប្បុរសធម៌ Phnom Paint Charity Art Auction នឹងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ វេលាម៉ោង ៥ ល្ងាច នៅផ្ទះមេត្តា ផ្ទះលេខ ៣៧ ផ្លូវលេខ ១៧៨៕