ភ្នំពេញ៖​​ ការ​បាត់បង់​នូវ​កំណត់ត្រា​រក្សា​ទុក​ស្នាដៃ​កំណាព្យ​របស់​កវី​និពន្ធ​​ក្នុង​សម័យ​ប៉ុលពត​ ​អាច​ជា​​​មូលហេតុ​​មួយ​ដែល​អ្នក​បច្ចេកវិទ្យា​​ជំនាន់​ថ្មី​របស់​កម្ពុជា​​ ​ខិតខំ​អភិរក្ស​ទម្រង់​សិល្បៈ​ដូនតា​ខ្មែរ​មួយ​នេះ​។

ការ​បង្កើត​កម្មវិធី​អភិរក្ស​កំណាព្យ «ណែងណង» ​​ធ្វើ​ឲ្យ​ក្មេង​ស្រី​កម្ពុជា ៥ រូប ឈ្នះ​ជយលាភី​លេខ ២ ពី​ការ​ប្រកួត​ World Pitch របស់ Technovation នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា ដែល​មាន​បេក្ខជន​ដល់​ទៅ ៧ ២០០ នាក់ ​មក​ពី ៥៧ ប្រទេស។

រៀបចំ​ឡើង​នៅ​សាកលវិទ្យាល័យ​ Oracle Santa Clara Campus កាល​ពី​ថ្ងៃទី ១៥ ខែ ​សីហា ក្រុម​កុមារី​កម្ពុជា LiterTree មក​ពី​សាលា Liger Leadership Academy ទទួល​បាន​ប្រាក់​រង្វាន់ ៥ ០០០ ដុល្លារ​ បន្ទាប់​ពី​​ក្រុម​កុមារី​ជើងឯក​មក​ពី​ឥណ្ឌា Social Rel​ay ​ដែល​ឈ្នះ​ ១២ ០០០ ដុល្លារ ក្នុង​​កម្មវិធី​ Baton ដែល​​ពង្រីក​​អត្ថប្រយោជន៍​ដល់​សហគមន៍​តាមរយៈ​​​សិស្ស​និស្សិត​ធ្វើ​​ការងារ​ហាត់​ការ​​​សង្គម​ រួច​ផ្ទេរ​ទៅ​ចាប់​គម្រោង​នានា​របស់​អង្គការ​។

គោល​បំណង​ស្នូល​កុមារី​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៤ ឆ្នាំ​មួយ​ក្រុម ​បាន​អភិវឌ្ឍ​​កម្មវិធី​ទូរស័ព្ទ ​«ណែងណង» សម្រាប់​ជា​ជំនួយ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស ជាពិសេស​សិស្ស​វិទ្យាល័យ អ្នក​និពន្ធ​កំណាព្យ ​​​​អ្នក​ស្រឡាញ់​ចូលចិត្ដ​​កំណាព្យ​​​ខ្មែរ​ទាំង​​អស់​ និង​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ដែល​គួរ​តែ​សាកល្បង​។

ក្រុម LiterTree នៅទីស្នាក់ការ GV (Google Ventures) រដ្ឋ​កាលីហ្វ័រនីញ៉ា។សហការី

ក្រុម LiterTree បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ ​ថា​៖ «​វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​សិក្សា​ជា​ចម្បង​។ ជាមួយ​ការ​ឌីហ្សាញ​កម្មវិធី​ទូរស័ព្ទ​ដ៏​ងាយ​ស្រួល​យល់​​ ពណ៌​ស្រស់​ស្អាត ហើយ​ជា​ពិសេស​មិន​ពិបាក​ស្វែងរក​ពាក្យ​ចុង​ចួន។ យើង​ជឿ​ថា កម្មវិធី​នេះ​នឹង​ជា​ប្រភព​ដ៏​មាន​ប្រយោជន៍​សម្រាប់​អ្នក​សិក្សា​កំណាព្យ​​អក្សរសាស្ដ្រ​ខ្មែរ​»។

LiterTree មាន​សមាជិក​កុមារី ៥ នាក់ ដូចជា កុមារី​ អូន​ អេងទៀង អាយុ ១៤ ឆ្នាំ​ អ៊ីម​ អ៊ីណា អាយុ ១៤ ឆ្នាំ ពលៈ ជា​រក្សា អាយុ ១៤ ឆ្នាំ សាន ករុណា អាយុ ១៤ ឆ្នាំ និង ​ហៀង ដាឡែន អាយុ ១៣ ឆ្នាំ ​មក​ពីសាលា Liger Leadership Academy បាន​សម្រេច​ធ្វើ​ការ​រួម​គ្នា​ជា​ក្រុម​ការងារ​សម្រាប់​ឱកាស​ប្រកួត​ Technovation ឆ្នាំ​នេះ​។ ​

Hannah Trivitt ជា​អ្នក​សម្រប​សម្រួល​ Technovation សម្រាប់​ក្រុម​ចូលរួម​ពី​សាលា​ Liger បាន​និយាយ​ថា​៖ «​ពេល​រដូវ​ប្រកួត Technovation ចាប់​ផ្ដើម​ពួក​គេ​បាន​ប្រមូល​ផ្ដុំ​គ្នា​ និង​មាន​គំនិត​រួម​លើ​បញ្ហា​សុខាភិបាល​ តែ​ដល់​ពេល​ធ្វើ​ការ​ក្រុម ពួក​គេ​ស្រាប់​តែ​ចាប់​អារម្មណ៍​លើ​ប្រធាន​បទ​កំណាព្យ​ដោយ​ការ​ប្រើ​ជំនាញ​សហប្រតិបត្ដិការ ទំនាក់​ទំនង និង​ដោះ​ស្រាយ​បញ្ហា​»។

ក្រុម​កុមារីទាំង ៥ នាក់ មាន​បំណង​ជួយ​អភិរក្ស​កំណាព្យ​ និង​​បង្កើន​​ចំនួន​អ្នក​សរសេរ​កំណាព្យ​ខ្មែរ​ឲ្យ​កាន់​តែ​ច្រើន​។ ពួក​គេ​និយាយ​ថា ក្មេង​ជំនាន់​ក្រោយ​កាន់​តែ​លែង​ខ្វល់ខ្វាយ​វប្បធម៌​នៃ​ការ​និពន្ធ​ ដោយ​ទទួល​យក​នូវ​ឥទ្ធិពល​ពី​បរទេស​។

កម្មវិធី​មាន​មុខងារ​ចំនួន ៥ ដែល​ជួយ​​អ្នក​ប្រើប្រាស់​កាន់​តែ​ជាប់​ចិត្ដ​នឹង​ការ​សិក្សា​អំពី​កំណាព្យ​ ដោយ​ការ​អាន​មុខងារ បង្ហោះ​ស្នាដៃ រៀន​សំណង់​ប្រយោគ​ប្រភេទ​កំណាព្យ​ផ្សេងៗ​ ព្រម​ទាំង​ព័ត៌មាន​ប្រវត្ដិ​នៃ​មេរៀន​។

កុមារីទាំង ៥ រូប​ជា​សិស្ស​​សិក្សា​នៅ Liger Leadership Academy នៅ​កម្ពុជា។ រូបថត សហ​ការី

LiterTree បន្ដ​ថា​៖ «​យើង​ជឿ​ថា មុខ​​ងារ​ទាំង​នេះ​ពិត​ជា​ល្អ​ស័ក្ដិសម​សម្រាប់​អ្នក​សរសេរ​កំណាព្យ​ខ្មែរ​ ដែល​​​ពិបាក​ស្វែងរក​ពាក្យ​ពេចន៍​សម្រាប់​ប្រើប្រាស់​ដោយ​មាន​ការ​ចំណាយ​ពេល​វេលា និង​ផ្ដល់​លទ្ធផល​គាប់​ចិត្ដ​។ យើង​​គ្រោង​​ដាក់​ប្រភេទ​កំណាព្យ​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន តែ​បច្ចុប្បន្ន​យើង​បាន​បញ្ចូល​មេរៀន​កំណាព្យ​ចំនួន​ ៧ ប្រភេទ​»។

គំនិត​របស់​កុមារី​ទាំង ៥ គឺ​ជា​លទ្ធផល​​នៃ​ការងារ​ និង​កិច្ច​សហការ​ពី​សិស្ស​ច្បង​រយៈពេល ១ ឆ្នាំ​​ ក្នុង​ការ​ប្រកួត Technovation ដែល​​​បាន​ជួយ​ស្ដ្រី​វ័យ​ក្មេង​ទូទាំង​ពិភព​លោក​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​​​ទំនើប​ចុង​ក្រោយ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​ ពួក​គេ​ប្រឈម​ក្នុង​សហគមន៍​ និង​កសាង​មុខ​ជំនួញ​។ នេះ​បើ​យោងតាម​ Mina Fears មក​ពី​ Technovation ដែល​រៀបចំ​ព្រឹត្ដិការណ៍ World Pitch ខណៈ​ក្រុម​កុមារី​កម្ពុជា​បាន​ឈ្នះ​​ចំណាត់​ថ្នាក់​លេខ ២។

Mina Fears បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ តាម​អ៊ីមែល​ថា​៖ «​ពួក​គេ​ហោះ​មក​ Silicon Valley រដ្ឋ​កាលីហ្វ័រនីញ៉ា បាន​​បង្ហាញ​ពី​ទស្សនៈ​ជំនួញ​របស់​ពួក​​គេ​ប្រាប់​ដល់​ក្រុម​អ្នក​វិនិយោគ​ នាយក​​​ប្រតិបត្ដិ​ក្រុមហ៊ុន និង​វិទ្យាស្ថាន​អប់រំ​នានា ដូចជា Uber, Stanford និង​អង្គការ​ដទៃ​ទៀត​ ហើយ​ក៏​ឈ្នះ​ពាន​លេខ​ ២ នេះ​»។

ប្រាក់​រង្វាន់​ ៥ ០០០ ដុល្លារ​នឹង​ត្រូវ​ប្រើ​សម្រាប់​បន្ដ​អភិវឌ្ឍ​ បង្កើន​សមត្ថភាព​សុវត្ថិភាព​លើ​កម្មវិធី និង​និរន្ដរភាព​របស់​វា ហើយ​សេស​សល់​ប៉ុន្មាន​នឹង​ត្រូវ​ប្រើ​សម្រាប់​គោល​បំណង​អប់រំ​ផ្នែក​ STEM នា​ពេល​អនាគត​។

កុមារីទាំង ៥ មាន​​គម្រោង​បន្ដ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ឲ្យ​កាន់​តែ​សម្បូរ​បែប​លើស​ពី​​ការ​ជួយ​អភិរក្ស​កំណាព្យ​ខ្មែរ។

ក្រុម LiterTree បាន​បញ្ជាក់​ថា​៖ «យើង​នឹង​ចាប់​ផ្ដើម​បែង​ចែក​ការងារ​ឲ្យ​​​​សមាជិក​ក្រុម​នីមួយៗ​ ដោយសារ​កិច្ចការ​ទាំង​នោះ​ត្រូវ​​បាន​បែង​ចែក​ និង​​​​ធ្វើ​ដោយ​ងាយ​ស្រួល​។ យើង​ក៏​គិត​អំពី​ការ​ស្វះស្វែង​រក​ម្ចាស់​ជំនួយ​ផង​ដែរ​។ យើង​នឹង​បញ្ចូល​ប្រភេទ​កំណាព្យ​​ផ្សេង​ៗ​ទៀត​នៅ​មុន​ឆ្នាំ ​២០២២ ដោយ​បន្ថែម​មុខងារ​កម្សាន្ដ វីដេអូ​របស់​អ្នក​និពន្ធ វីដេអូ​មិត្ដ​អ្នក​អាន​នៅ​ឆ្នាំ ​២០២២ និង​ពង្រីក​មុខងារ​កាន់​តែ​ច្រើន​នៅ​ឆ្នាំ ​២០២៤​»៕