ខេត្តបាត់ដំបងៈ ថ្មីៗនេះរូបថតកាតាបច្នៃពីខ្សែជ័ររបស់កុមារាម្នាក់បានស្ពាយដាក់សៀវភៅទៅសាលា ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ក្បែរតំបន់ព្រំដែនខ្មែរ-ថៃគឺត្រង់ច្រកព្រំដែនឡែមកំពុងតែទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកខ្លាំង ដោយសរសើរថាស្អាតប្លែកភ្នែក។
ដោយសារធ្លាប់មានមុខរបរជាកសិករស៊ីឈ្នួលនៅចម្ការទុរេន និងចម្ការនានា នៅប្រទេសថៃជាច្រើនឆ្នាំ និងបច្ចុប្បន្នក៏នៅតែចេញចូលដដែលគឺឡើងចុះឆ្លាស់គ្នា ១ សប្តាហ៍ ឬ ២ សប្តាហ៍ម្តងចូលទៅប្រទេសថៃ ហើយក៏វិលមកផ្ទះវិញដើម្បីឆ្លៀតមើលចម្ការស្វាយខ្លួនឯងនៅស្រុកនោះ ទើបកសិករ ធី នី ក៏បែកគំនិតនឹកឃើញចង់យកខ្សែជ័រសល់ពីប្រើសម្រាប់ចង ឬរឹតអីវ៉ាន់ ឬពេលចងផ្លែទុរេននោះយកមកក្រងជាកាតាបស្ពាយទុកឲ្យកូនប្រុសខ្លួននៅផ្ទះប៉ុណ្ណោះ។ តែក្រោយពីកូនប្រុសអាយុ ៦ ឆ្នាំរៀនថ្នាក់ទី ១ ស្ពាយយកទៅរៀននៅសាលាបឋមសិក្សាលំផាត់មកនោះ កាតាបច្នៃពីខ្សែជ័រចងអីវ៉ាន់ ឥឡូវនេះក៏ត្រូវអ្នកគ្រូបង្រៀននៅសាលាសុំឲ្យលោក ធី នី ក្រងជាកាតាបចំនួន ១០ កាតាបបន្ថែមសម្រាប់គាត់ផងដែរ។
កសិករ ធី នី ប្រាប់ថា៖ «តាមពិតទៅខ្ញុំអត់គិតថាច្នៃធ្វើជាមុខរបរនោះទេគឺខ្ញុំគ្រាន់តែនឹកស្តាយកំណាត់ខ្សែជ័រដែលបានរើសពីសំណល់នៃការប្រើប្រាស់នៅចម្ការទុរេន ឬចម្ការផ្លែឈើនានានៅថៃនោះ ក៏យកមកក្រងជាកាតាបឲ្យកូនប្រុសខ្ញុំ។ តែពេលក្រងរួចមើលទៅស្អាតម្យ៉ាងក៏ឲ្យកូនប្រុសដាក់សៀវភៅស្ពាយទៅសាលារៀនទៅ។ ក្រោយមកថ្មីៗនេះអ្នកគ្រូបង្រៀនកូនខ្ញុំ គាត់ក៏កុម្ម៉ង់ឲ្យខ្ញុំធ្វើចំនួន ១០ សម្រាប់គាត់ដែរ។ តែខ្ញុំមិនបានសួរនាំទេថា តើគាត់យកទៅដាក់តាំងនៅសាលា ឬក៏ប្រើនៅក្នុងគោលបំណងអ្វីដែរទេ។ ចំណែកតម្លៃវិញក៏ខ្ញុំមិនហ៊ានកំណត់យកពីគាត់ឡើយ ទំនងជាគ្រាន់តែយកថ្លៃទិញខ្សែជ័រប៉ុណ្ណោះ»។
ការច្នៃលេងៗនេះក៏បង្កើតភាពទាក់ទាញពីមជ្ឈដ្ឋានក្រុមសិស្សានុសិស្សនៃសាលាកូនប្រុសលោកផងដែរ ជាពិសេសអ្នកគ្រូគឺគាត់សុំឲ្យលោកធ្វើចំនួន ១០ កាតាប ព្រោះថាកាតាបមានគុណភាពមិនចាញ់កាតាបធ្វើពីស្បែកសត្វ ឬក្រណាត់នោះឡើយ។
លោក ធី នី ដែលជាកសិករកំពុងតែរស់នៅនៅឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងបន្តថា៖ «សម្រាប់ខ្សែជ័រនេះ ក្រៅពីក្រងជាកាតាបនោះក៏អាចយកមកក្រងជាអង្រឹង ទោង និងប៉ៅអ៊ីសម្រាប់គេងលេងកម្សាន្តបានផងដែរ។ បើអង្រឹងវិញ ខ្ញុំធានាថាអាចប្រើបាន ២-៣ ឆ្នាំឯណោះទើបខូច ឬដាច់ នេះសម្រាប់ខ្សែជ័រដែលយកមកពីបរទេសថៃ។ ខ្សែជ័រ ១ ដុំយកមកក្រងអាចធ្វើបានចំនួន ៣-៤ កាតាប (កាតាបទំហំ ៣ តឹក x ២.៥ តឹក) ខណៈកាតាប ១ ប្រើពេលក្រងប្រហែល ១-២ ម៉ោង»។
យ៉ាងណាការច្នៃខ្សែជ័រជាកាតាបដ៏ស្រស់ស្អាតប្លែកភ្នែកមានគុណភាពអាចប្រើប្រាស់បានដូចកាតាបផលិតពីស្បែកសត្វ ឬក្រណាត់នេះលោក ធី នី មិនទាន់ផលិតលក់នៅឡើយទេ គឺគ្រាន់តែសាកល្បងច្នៃឲ្យកូនប្រុសប្រើប៉ុណ្ណោះ។
ទោះបីនេះគ្រាន់តែច្នៃលេងមែនក្តី តែជាគំនិតច្នៃប្រឌិតដ៏កម្រមួយដែលកសិករ ធី នី នឹកឃើញយកកម្ទេចខ្សែជ័រប្រវែងប្រមាណ ២-៣ តឹកមកក្រងជាកាតាបយ៉ាងស្អាត ល្អប្លែកភ្នែក ខណៈរូបលោកក៏បង្ហើបថានឹងធ្វើលក់ដែរ ប្រសិនបើមានអ្នកគាំទ្រ។
កសិករវ័យ ២៨ ឆ្នាំដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និងមានប្រពន្ធរស់នៅតំបន់ព្រំដែនឡែមមានកូន ២ នាក់ព្រលយឲ្យដឹងថា៖ «តែប្រសិនបើមានគាំទ្រ និងចង់ជាវ ខ្ញុំនឹងអាចធ្វើបានទៅតាមទំហំ ហើយចាំនិយាយថ្លៃគ្នាពេលក្រោយ»។
ប្រសិនបើគាំទ្រស្នាដៃច្នៃលោក ធី នី ហើយចង់កុម្ម៉ង់ឲ្យក្រងជាកាតាប ទោង ប៉ៅអ៊ី និងអង្រឹងក្តីអាចតេទៅទូរស័ព្ទ ០៩៦ ២៧៩ ២២០៤៕