ភ្នំពេញ៖ ការ​ប្រកួត​ប្រជែង​ទេពកោសល្យ​ស្នាដៃ​​សិល្បៈ​​​​ឆ្នាំ ​២០១៩ ឬ​ Kbach Artist Competition ​2019 បាន​​​រក​ឃើញ​នូវ​​ម្ចាស់​ជយលាភី ​៣ ​ ប្រភេទ​​​ផ្សេង​គ្នា​ ក្រោយ​ពី​ការ​​ប្រកួត​ប្រជែង​​​​​​ចំណោម​​​បេក្ខភាព​ចូលរួម​មាន​​​​ ​១០០ រូប​ ឬ​​ ​១០០ ផ្ទាំង​ កាល​​ពី​ចុង​សប្តាហ៍​កន្លង​មក​។​

បើ​តាម​សេចក្តី​ជូន​ដំណឹង​ពី​​គេហទំព័រ​ ​Kbach Gallery បាន​​​​ប្រកាស​​​​ដំណឹង​លទ្ធផល​​​​នៃ​ម្ចាស់​ជយលាភី​​ចំនួន​ ៣ ​ប្រភេទ​ផ្សេង​គ្នា​ គឺទី១ ​ប្រភេទ​​គំនូរ​​លើ​ផ្ទាំង​ក្រណាត់​ ទី២ ​ប្រភេទ​គំនូរ​​លើ​ជញ្ជាំង​ និង​​ទី​៣ ​​​​ប្រភេទ​​រូប​ចម្លាក់ ​ដោយ​​មាន​​ក្រុម​គណៈកម្មការ​​​វាយ​​​តម្លៃ​​នៃ​ការ​ប្រកួត ​សុទ្ធ​តែ​មាន​បទពិសោធ​ច្រើន​ឆ្នាំ​ និង​​​​​ស្នាដៃ​ច្រើន​​​​ក្នុង​វិស័យ​សិល្បៈ​វិចិត្រកម្ម​នេះ ​គឺ​​មាន​​​វិចិត្រករ​​ជើង​​​ចាស់​លោក ឈឹម សុធី​ វិចិត្រករ​​ស្រី​​​ឆ្នើម​​ លោកស្រី ឆន ឌីណា និង​​​វិចិត្រករ​​​ឆ្នើម​លោក ឯម រៀម។

គេហទំព័រ​សិល្បៈ​ក្បាច់​បាន​ឲ្យ​​​ដឹង​ថា​​៖ «បេក្ខជន​ជយលាភី​ទទួល​បាន​រង្វាន់​ជា​សាច់​ប្រាក់ និង​កិច្ច​សន្យា​រយៈពេល ​១ ​ឆ្នាំ ជាមួយ​​​​វិចិត្រសាល​ក្បាច់​ ដូច្នេះ​ពួក​គាត់​អាច​អភិវឌ្ឍ​​ជំនាញ ​និង​ធ្វើ​ការ​ជាមួយ​​ក្រុម​​​​​​សិល្បករ​​​អន្តរជាតិ​ផង​ដែរ​។

ពិត​ជា​​មោទនភាព​​ចំពោះ​អ្នក​ដែល​​​ចូលរួម​ប្រកួត​​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​​នេះ ហើយ​នឹង​អាច​រង់ចាំ​មើល​ការ​រីក​ចម្រើន​​របស់​ពួក​គេ​សម្រាប់​ថ្ងៃ​ខាង​មុខ។ បេក្ខជន​ជយលាភី​​​​​នោះ​ មាន​​​​ម្ចាស់​​​ជយលាភី​គំនូរ​លើ​ផ្ទាំង​​​​ក្រណាត់ ​​បាន​ទៅ​លើ​​​វិចិត្រករ​​​ មឿន អូន ម្ចាស់​ជយលាភី​គំនូរ​លើ​ជញ្ជាំង​​​​បាន​ទៅ​​​​​វិចិត្រ​​​ យាន សុខ​​​​ហេង និង​​ម្ចាស់​ជយលាភី​រូប​​​ចម្លាក់​​​ ​គឺ​លោក រៀម មុនី​ស៊ីឡុង»។​

ទិដ្ឋ​ភាព​នា​ពេលប្រកាស​លទ្ធ​ផល​ប្រកួត​សិល្បៈ​ក្បាច់​ឆ្នាំ​ ២០១៩​​។ រូបថត KBach Arts

ខណៈ​​ប្រភេទ​គំនូរ​លើ​ផ្ទាំង​ក្រណាត់​របស់​​លោក មឿន អូន ​​មាន​ចំណង​ជើង​​​ថា ​«មនុស្ស​ជើង​ ​៣» ​ត្រូវ​​​បាន​វិចិត្រ​រូប​​នេះ​​បញ្ជាក់​ថា៖ «​មនុស្ស​ជើង ៣ គឺ​ខ្ញុំ​ចង់​សំដៅ​លើ​មនុស្ស​​មាន​វ័យ​​​ភាព​ចាស់​​​ និង​​​វ័យ​​​​​មួយ​​ដែល​ពួក​យើង​​​ទាំង​អស់​​គ្នា​ ត្រូវ​ឆ្លង​កាត់​ ហើយ​មនុស្ស​ខ្លះ​ ក៏​មិន​បាន​ឆ្លង​កាត់​ ដោយសារ​មាន​​បញ្ហា​​​ជា​ច្រើន​​​កើត​ឡើង​​​ចំពោះ​ជីវិត​​ ដោយ​មិន​នឹក​ស្មាន​ថា នឹង​មាន​​អ្វី​កើត​​​ឡើង​នៅ​​ថ្ងៃ​​​ស្អែក។​​

មនុស្ស​​​​​ជើង ​៣ នេះ​​ដែរ​​ គឺ​ប្រៀប​ដូចជា​ជីវិត​មួយ​ ដែល​បាន​​បាត់បង់​នូវ​រសជាតិ​ជីវិត​ ដែល​ខ្លួន​​​ធ្លាប់​​​​​​មាន​​កាល​ពី​​​វ័យ​​​ក្មេង ​​​ដែល​ជា​វ័យ​ពោរពេញ​​ដោយ​កម្លាំង​ និង​មាន​​ឱកាស​បង្ហាញ​នូវ​អ្វី​ដែល​ខ្លួន​ចង់​​​ធ្វើ​ដើម្បី​​​​អ្វី​មួយ​ ឬច្រើន​យ៉ាង​​។ តែ​​មនុស្ស​ខ្លះ ​ក៏​ស្ទើរ​​តែ​គ្មាន​ឱកាស​ សម្រាប់​ជីវិត​ខ្លួន​នៅ​ក្នុង​​ការ​​​​បង្កើត​ និង​បង្ហាញ​​​អ្វី​​ ដែល​​​ខ្លួន​​មាន​​ ព្រម​ទាំង​អ្វី​ដែល​​ខ្លួន​​ប្រាថ្នា ​តែ​បែរ​ជា​​គ្មាន​ន័យ​​ទៅ​​វិញ។​

វិចិត្រ​​​រូប​នេះ​បន្ត​ថា៖ «ភាព​ចាស់​ ជា​វេលា​មួយ ដែល​មនុស្ស​បាត់​បង់​នូវ​ថាមពល​ បាត់បង់​សម្រស់ ​ចិត្ត​គំនិត​ស្នាម​ញញឹម​ សេចក្តី​សុខ​ សេចក្តី​ស្រឡាញ់ ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មនុស្ស​​ជុំវិញ​ខ្លួន​ ហើយ​ក៏​​ជា​​​វេលា​មួយ​ ដែល​​ទ្រុឌទ្រោម ​ដោយសារ​ជំងឺ​ចាស់ ​ជំងឺ​ឆាប់​ភ្លេច​ និង​ជំងឺ​ផ្សេងៗ ដែល​វា​​​អាច​​​កើត​ឡើង​បាន​ មិន​ថា​ជំងឺ​ដោយ​មេ​រោគ​ ជំងឺចាស់​ជរា ​និង​សង្គម​​​នោះ​ទេ។ ដូច្នេះ​ក្នុង​វ័យ​ដែល​​ពោរ​ពេញ​​ដោយ​កម្លាំង​ ​ស្នាម​ញញឹម ​សម្រស់​សេចក្តី​ស្រឡាញ់​ ភាព​ក្លា​ហាន​ និង​ឱកាស​ ​គឺ​​​យើង​គួរ​តែ​ប្រើប្រាស់វា​ឲ្យ​មាន​តម្លៃ​សម្រាប់​ខ្លួន​​ និង​សង្គមជាតិ​​ ហើយ​ឲ្យ​​ដឹង​​ហើយ​ថា ជីវិត​របស់​មនុស្ស​​គ្រប់រូប​គឺ​យើង​មិន​អាច​កំណត់​ដោយ​ខ្លួន​ឯង​បាន​ឡើយ​ ក៏​ប៉ុន្តែ​មាន​ចំណុច​ខ្លះ​គឺ​យើង​​អាច​ធ្វើវា​បាន​ដោយ​​ការកំណត់​គោល​នយោបាយ​នៃ​អនាគត​របស់​ខ្លួន​អ្នក​​​ថា ​តើ​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​​​នៅ​ពេល​ដែល​អ្នក​ពោរពេញ​ទៅ​ដោយ​ថាមពល​ដើម្បី​ខ្លួន​ឯង​ សង្គមជាតិ​ និង​មជ្ឈដ្ឋាន​នៅ​ព័ទ្ធ​ជុំវិញ​នោះ»៕​