ក្រុងប៉ារីស: កាំភ្លើងខ្លី​របស់​ជាង​គំនូរ​ហូឡង់ វីនសេន វ៉ាន់ ហ្គូក ដែល​ត្រូវ​បាន​គេ​ជឿ​ថា​លោក​បាន​ប្រើ​បាញ់​សម្លាប់​ខ្លួន​លក់​ក្នុង​តម្លៃ​ ១៨២ ០០០ ដុល្លារ​ នៅ​ពិធី​ដេញ​ថ្លៃ​មួយ​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ពុធ​លើស​ពី​តម្លៃ​ប៉ាន់ប្រមាណ​ជិត ៣ ដង​។

ដោយ​ត្រូវ​បាន​ចាត់ទុក​ជា «​អាវុធ​ល្បី​បំផុត​ក្នុង​ប្រវត្ដិ​សិល្បៈ​» កាំភ្លើងខ្លី Lefaucheux ប្រវែង ៧៧ មិលី្លម៉ែត្រ​ដ៏ច្រែះចាប់​ ១ ​ដើម​នេះ​ត្រូវ​បាន​ទិញ​ដោយ​អ្នកប្រមូល​វត្ថុ​ចាស់ៗ​ម្នាក់​ជាមួយ​ការដេញថ្លៃ​តាម​ទូរស័ព្ទ​។

ជាង​គំនូរ​ហូឡង់​ដែល​ជួប​វិបតិ្ដ​រូប​នោះ​បាន​ស្លាប់​កាលពី​ខែ​កក្កដា ឆ្នាំ​ ១៨៩០ ហើយ​ក្រុម​អ្នកជំនាញ​ជឿ​ថា​លោក​បាន​ពិឃាត​ខ្លួនឯង​ដោយ​ប្រើ​កាំភ្លើង​នេះ​ក្នុង​វាលស្រែ​មួយ​ក្បែរ​ភូមិ Auvers-sur-Oise ភាគ​ខាងជើង​ក្រុង​ប៉ារីស​ជា​ទី​ដែល​លោក​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​ជីវិត​។

ប្រទះ​ឃើញ​ដោយ​កសិករ​ម្នាក់​ក្នុង​ឆ្នាំ​ ១៩៦៥ នៅ​លើ​វាលស្រែ​ដដែល​នោះ កាំភ្លើង​ខ្លី​នេះ​ធ្លាប់​ត្រូវ​បាន​ដាក់​តាំងពិព័រណ៍​នៅ​សារមន្ទីរ វ៉ាន់ ហ្គូក ក្នុង​ទីក្រុង​អាំស្ទែរដាំ​។

ប៉ុន្ដែ​ការលក់​ជួប​នូវ​បញ្ហា​ចម្រូងចម្រាស​នៅ​មុន​ពិធី​ដេញថ្លៃ​មួយ​ថ្ងៃ ខណៈ​វិទ្យាស្ថាន វ៉ាន់ ហ្គូក បាន​ថ្កោលទោស​ចំពោះ​ការលក់ដូរ​នេះ​។

វិទ្យាស្ថាន​ថា​៖ «​គ្មាន​អ្វី​បញ្ជាក់​ថា ខ្មោច​កាំភ្លើងខ្លី​នោះ​មាន​ជាប់​ទាក់ទង​នឹង​មរណភាព​លោក វ៉ាន់ ហ្គូក ទេ​។ កុំ​ធ្វើ​ពាណិជ្ជកម្ម​លើ​សព​ដែល​គួរតែ​ទទួល​បាន​ការគោរព​»​។

លោក វ៉ាន់ ហ្គូក បានបង្ហាញ​ស្នាដៃ​ឆ្នើម «​គំនូរ​វេជ្ជបណ្ឌិត ហ្គាឆេត​» ដែល​លក់​ក្នុង​តម្លៃ ៨២, ៥ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ១៩៩០៕ HR