ភ្នំពេញៈ ខណៈ​ដែល​តារាចម្រៀង​ប្រុសស្រី​ទាំងថ្មី​ទាំងចាស់​នៅ​ទ្រនំ​ហង្ស​មាស មាន​ឱកាស​ស្រវា​បាន​ជា​តួសម្តែង​ភាពយន្ត​ជា​ហូរហែ​មក​ហើយ​នោះ ចម្លែក​អី​តែ​តារាចម្រៀង​ស្រី​កំពុង​ឡើង​កូដ​នៅ​ទ្រនំ​នេះ​ដែរ​គឺ​កញ្ញា សួស វីសា ហាក់​ដូចជា​ស្ងាត់ជ្រងំ​សម្រាប់​អាជីព​បន្ថែម​នៅ​លើ​ទ្រនំ​ថ្មី​គួរ​ឲ្យ​ងឿងឆ្ងល់​។

តារាចម្រៀង​ស្រី​មាន​ស្រុក​កំណើត​មកពី​ខេត្ត​ស្វាយរៀង​កញ្ញា សួស វីសា ដែល​ធ្លាប់​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ នៅក្នុង​កម្មវិធី​តន្ត្រីសម័យ​បុរាណ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​កាលពី​ឆ្នាំ​ ២០០៨ ហើយ​ផ្តើម​អាជីព​ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម​រ៉ុក​ក្នុង​ឆ្នាំ​ ២០០៩ ក៏​បាន​បង្ហើប​ប្រាប់​ថា​៖ «​ចាស​បង​!​តាមពិត​ទៅ​ការថតកុន​នោះ​មិនមែន​ខ្ញុំ​អត់​មាន​ឱកាស​នោះ​ទេ តែ​ដោយសារ​ខ្ញុំ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្តែង​ឲ្យ​គេ​ថតកុន​។ តែ​នាង​ខ្ញុំ​ក៏​បាន​ថតកុន​ភាគ​ដំបូង​របស់​នាង​ខ្ញុំ​ចប់​ហើយ​ដែរ ខណៈ​ពេលវេលា​ចាក់​បញ្ចាំង​ក៏​ជិត​ដែរ​។ កុន​ដំបូង​ដែល​ខ្ញុំ​សម្តែង​នោះ​គឺ​រឿង «​រាជបុត្រ​កង្កែប​» ដែល​មាន​ប្រមាណ​ជាង ២០ ភាគ​ដោយ​សម្តែង​ជា​តួឯកស្រី​ក្នុង​ចំណោម​តួឯក​ស្រី​ ២ ​នាក់​ក្នុង​រឿង​នៃ​ផលិតកម្ម​ហង្សមាស​។ ក្រោយមក​ក៏​ខាង​ផលិតកម្ម​ហៅ​ឲ្យ​ថតកុន ២-៣ រឿង​ទៀត​ផង​ដែរ តែ​នាង​ខ្ញុំ​មិន​ទទួល​ព្រោះ​តែ​ខ្ញុំ​រវល់​នឹង​ការងារ​សិល្បៈ​ចម្រៀង​ច្រើន​ពេក ហើយ​ម្យ៉ាង​ទៀត​ការថតកុន​ភាគ​ទាមទារ​ប្រើ​ពេលវេលា​ច្រើន ដូចជា​កុន​ដំបូង​របស់​នាង​ខ្ញុំ​ថត​នេះ​អ៊ីចឹង​គឺ​ខ្ញុំ​ត្រូវ​ប្រើ​ពេល​ដល់​ ១ ឆ្នាំ ឯណោះ​ទៅ​ថត​នោះ​»​។

កញ្ញា សួស វីសា ដែល​បាន​ផ្ទុះ​ភាព​ល្បី​ដំបូង​តាមរយៈ​បទចម្រៀង​មាន​ចំណង​ជើង​ថា «​វាសនា​បុប្ផាស្វាយរៀង​» ខណៈ​បច្ចុប្បន្ន​កំពុង​តែ​ស្រូប​បាន​ការគាំទ្រ​ខ្លាំង​ពី​ប្រិយមិត្ត​បាន​បន្ត​ទៀត​ថា​៖ «​កុន​ដែល​នាង​ខ្ញុំ​ថត​នោះ​នឹង​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ហង្សមាស​ក្រោយពី​កុនភាគ​រឿង «​រាជិនី​ភូមិគ្រឹះ​» បញ្ចាំង​ចប់​»​។

ទន្ទឹម​នឹង​ប្រជាប្រិយភាព​ហក់​ឡើង​ក្រឺតៗ​ដែល​ទាញ​បាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​បទថ្មីៗ និង​ស្ទីល​តែង​ខ្លួន​មាន​ច្នៃប្រឌិត​ប្លែក​ភ្នែក​នោះ តារាចម្រៀង​សាច់​សខ្ចី​សម្ផស្ស​ស្រស់​សោភា កញ្ញា សួស វីសា ក៏​ឆក់​បាន​ឱកាស​ក្នុង​តំណែង​ជា​គ្រូបង្វឹក​ម្នាក់​ជំនួស​កន្លែង​របស់​អ្នកនាង សុគន្ធ នីសា ផង​ដែរ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ The Voice Kids Cambodia នា​រដូវកាល​ទី​ ២ នៅ​ទ្រនំ​ផលិតកម្ម​ហង្សមាស​។

ក្រៅពី​សិល្បៈ​ក៏​កំពុង​តែ​រង​ការបោក​បក់​ដោយ​ខ្យល់​ព័ត៌មាន​ចចាមអារ៉ាម​មិន​ស្ងប់​ទៅ​នឹង​ដំណឹង​មាន​ស្នេហ៍​រួម​ដំបូល​នឹង​តារា​ប្រុស​វ័យក្មេង​ឈ្មោះ ថមមី និង​ចុង​ក្រោយ​គឺ​ដំណឹង​នាង​ជិត​ចូល​រោងការ​ទៀត​ផង​។

តែ​ទោះ​ជា​យ៉ាងណា​ស្រីស្រស់​សោភា តារាចម្រៀង​មាន​ទឹកដម​ក្រអួន​កញ្ញា សួស វីសា ក៏​មិន​បង្អង់​ឲ្យ​រលក​រឿង​អាស្រូវ​បោកបក់​មក​​លើ​ជីវិត​របស់​នាង​យូរ​ទៀត​ឡើយ ដោយ​នាង​ធ្លាប់​បាន​ទម្លាយ​សារ​ដើម្បី​លាងជម្រះ​នូវ​រឿង​​មន្ទិល​ស្នេហា និង​ពាក្យ​ចចាមអារ៉ាម​ទាំងឡាយ​នោះ​ភ្លាមៗ​ផង​ដែរ​។

តារាចម្រៀង​រូប​សម្ផស្ស​ទាក់ទាញ​កញ្ញា សួស វីសា បាន​បរិយាយ​សារ​យ៉ាង​វែង​អន្លាយ​ថា​៖ «​ជម្រាប​សួរ​បងប្អូន​ទាំងអស់​គ្នា​នឹង​សូម​ជម្រាប​សួរ​ដល់​បងៗ​គ្រប់​បណ្តាសារ​ព័ត៌មាន​ទាំងអស់​។ ពេល​នេះ​នាង​ខ្ញុំ​មាន​រឿង​ខ្លះ​ចង់​បកស្រាយ នឹង​ចង់​សួរ​ទៅ​បងៗ​អ្នក​សារព័ត៌មាន​។ ខ្ញុំ​ចង់​សួរ​ថា ថ្មីៗ​នេះ បងៗ​ចេញ​ព័ត៌មាន​ថា​ខ្ញុំ​ពិត​ជា​ត្រៀម​ចូល​រោងការ​យ៉ាង​ប្រាកដ ១០០ ​ភាគរយ​ក្នុង​រយៈពេល​ឆាប់ៗ​ខាង​មុខ​នេះ តើ​បង​ដឹង​តាមរយៈ​ណា​? ខ្ញុំ​ជា​ម្ចាស់​ខ្លួន និង​ក្រុមគ្រួសារ​មិន​បាន​ដឹងអី​នោះ​ឡើយ​សូម្បី​តែ​បន្តិច​»៕